​ដោយ​៖ ពៅ​និមល / ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានលើកឡើង​ថាៈ តាមរយៈ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ (AEEBF1) ប្រទេស​ទាំងអស់ រួមទាំង​កម្ពុជា​ផង​នោះ នឹង​ទទួលបាន​នូវ បទពិសោធន៍ និង​ចំណេះដឹង ដែល​លេចឡើង​ពី ការចែករំលែក ក៏ដូចជា​ផ្ដល់​ជា​ធាតុ​ចូល ដ៏​ចាំបាច់ សម្រាប់​ដំណើរការ​អភិវឌ្ឍ​តំបន់ និង​សកល ក្នុង​ប្រក្រតីភាព​ថ្មី​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាស​បិទ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ ក្រោម​មូលបទ “​ការផ្លាស់ប្តូរ​ទៅរក​គន្លង​ប្រក្រតីភាព​ថ្មី​៖ លើកកម្ពស់​ការចូលរួម ក្នុង​ខ្សែ​ច្រវាក់​-​តម្លៃ​សកល ពហុភាគី​និយម និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ថាៈ បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ គឺជា​កាតាលីករ​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក បង្កើត​ក្បាលម៉ាស៊ីន​ថ្មី​មួយ សម្រាប់​ជំរុញ​កំណើន ប្រកបដោយ​ចីរភាព ហើយក៏​បាននិងកំពុង​ជួយ​ជំរុញ ផលិតភាព និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង របស់​សហគ្រាស ធុន​តូច និង​មធ្យម ដែលជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​និង​ជា​ប្រភព​សម្រាប់ ការបង្កើត​ការងារ ការបង្កើន​ប្រាក់ចំណូល ព្រមទាំង​សម្រាប់​ការលើកកម្ពស់ សហគ្រិនភាព ក្នុងចំណោម​ស្ត្រី និង​យុវជន​។​

​លោក​បាន​លើកឡើងថាៈ ផ្អែកលើ​ស្មារតី នៃ​ការ​មូលមតិ​របស់​វេទិកា ដើម្បី​សម្រេចបាន នូវ​ការស្ដារ និង​ជំរុញ​ការ​ងើប​ឡើងវិញ នៃ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ភាព​ធន់ ត្រូវការ​ជា​ចាំបាច់ នូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ អាស៊ី​-​អឺរ៉ុប ឱ្យ​កាន់តែ​ពេញលេញ និង​ស៊ីជម្រៅ​បន្ថែមទៀត ជាពិសេស​ដោយ​ផ្តោតលើ កិច្ចការ​ជា​អាទិភាព មួយចំនួន រួមមានៈ ១)​ការរៀបចំ និង​ការអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្នុង​តំបន់ ២)​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម សេដ្ឋកិច្ច​-​សង្គម​; ៣)​ការអភិវឌ្ឍ​សហគ្រាស មីក្រូ​ធុន​តូច និង​មធ្យម ៤)​ការអភិវឌ្ឍ​ធនធានមនុស្ស និង​៥) ការដោះស្រាយ​បញ្ហា ដែល​កើតចេញពី ការប្រែប្រួល អាកាសធាតុ ។​ល​។ លើ​មូលដ្ឋាន​នេះ បណ្ដា​ប្រទេស​ជា​សមាជិក អា​សិ​ម ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ ស្មារតី​នៃ​ការបើកចំហ និង​ការគាំទ្រ​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី សម្រាប់​កិច្ចសហការ​អភិវឌ្ឍន៍​របស់​យើង ដើម្បី​លើកកម្ពស់​ភាព​ទាក់ទាញ និង​ភាពអំណោយ ផល នៃ​បរិយាកាស សម្រាប់​សកម្មភាព​ធុរកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ សំដៅ​ឆ្លើយតប ទៅនឹង​និន្នាការ នៃ​ការផ្លាស់ប្តូរ នៅក្នុង​និម្មាបនកម្ម​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​សកល​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថាៈ បដិវត្តន៍​ឧស្សាហកម្ម ៤.០ នៅ​កម្ពុជា នឹង​ជួយ​ដល់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តាមរយៈ​ការអភិវឌ្ឍ ក្នុង​វិស័យ ឧស្សាហកម្ម ដែល​នឹង​ផ្តល់​កាលានុវត្តភាព សេដ្ឋកិច្ច​ខ្ពស់ និង​ការលើកកម្ពស់ សហគ្រាស មីក្រូ ធុន​តូច និង​មធ្យម ដែល​នឹង​ទទួលបាន​ឱកាស ក្នុងការ​បង្កើន​ផលិតភាព ផលិតកម្ម និង​ប្រសិទ្ធភាព ពី​បច្ចេកវិទ្យា​ថ្មី ដូចជា ឧបករណ៍​កំណត់​សញ្ញា និង​ប្រព័ន្ធ​វិភាគ ទិន្នន័យ​ធំ ដែល​ធ្វើឱ្យ​ដំណើរការ ផលិតកម្ម សន្សំ​បាន​ពេលវេលា និង​ធនធាន ។​ល​។

​លោក​បាន​បញ្ជាក់ថាៈ កន្លងមក អាស៊ី និង អឺរ៉ុប បានបង្ហាញ​ពី​ជំហរ និង​ឆន្ទៈ ក្នុងការ​ធ្វើការ​រួមគ្នា ក្នុង​កិច្ចការ​ជាច្រើន ដូចជា ពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសន្ទនា​ជិត​ស្និ​ទ្ធិ លើ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សំខាន់ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សង្គមកិច្ច និង​បរិស្ថាន តាមរយៈ​ការចូលរួម ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់ វេទិកា សន្និសីទ និង​ព្រឹត្តិការណ៍​នានា រួម​ទាំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស ក្នុង​តំបន់​ទាំងពីរ​, ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​ទំនិញ និង​កិច្ច​សម្រួល​ដល់ សេវាកម្ម​ពាណិជ្ជ កម្ម រវាង​អាស៊ី និង​អឺរ៉ុប ឱ្យ​កាន់តែខ្លាំង​ជាង​មុន និង​លើកកម្ពស់​ការវិនិយោគ ដោយផ្ទាល់ រវាង​តំបន់​ទាំងពីរ ឲ្យ​កាន់តែ​ប្រសើរ ជាពិសេស​ផ្តោតលើ​ការចូលរួម ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ សម្រាប់​វិស័យ​អាទិភាព ដូចជា​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម​កែច្នៃ និង​ធុរកិច្ច​បៃតង ។​ល​។ ថ្វីត្បិតតែ​ចាប់ពី​ដើមឆ្នាំ ២០២០ កម្ពុជា ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​ជំងឺ​កូ​វីដ ១៩​ក៏ដោយ ក៏​សេដ្ឋកិច្ច​របស់​កម្ពុជា នៅតែ​បន្ត​កើនឡើង ២,៤% នៅក្នុង​ឆ្នាំ ២០២១ និង ៤,៨% នៅ​ឆ្នាំ​២០២២​។​

​យោងតាម​របាយការណ៍ ការព្យាករណ៍​របស់ រាជរដ្ឋាភិបាល ក្នុងអំឡុងពេល នៃ​ការធ្លាក់ចុះ សេដ្ឋកិច្ច បណ្តាលមកពី​ការ​រាតត្បាត វីរុស​កូ​វីដ​១៩ រដ្ឋាភិបាល បាន​វិនិយោគ​ច្រើនជាង ១ ពាន់​លាន ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ធុរកិច្ច ដែល​រង​ផលប៉ះពាល់ និង​បាន​ចាត់វិធានការ ពិសេស​ក្នុង​ការពង្រឹង​សំណាញ់ សុវត្ថិភាព​សង្គម ដើម្បី​ទប់ស្កាត់ មិនឱ្យ​ប្រជាពលរដ្ឋ​សាមញ្ញ ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ ហើយ​បាន​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់ និង​ទាន់ពេលវេលា ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ដោយ​ធានា​ឱ្យបាន នូវ​សុខុមាលភាព​ប្រជាជន សន្តិសុខ​ស្បៀង និង​បន្ត​លើកកម្ពស់ ពាណិជ្ជកម្ម និង​ការវិនិយោគ បង្កើត​ការងារ រក្សា​កម្រិត អប្បបរមា នៃ​អតិផរណា និង​រក្សា​នូវ​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច​៕/V​