ដោយៈ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា ថៃៈ ប្រតិភូ​ខេត្ត​បី នៃ​កម្ពុជា ថៃ គឺ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នឹង​ជួបប្រជុំគ្នា នៅវេលា​ម៉ោង ប្រហែលជា ២ រសៀល នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​តំបន់​ស្ពាន​មិត្តភាព កម្ពុជា ថៃ នៃ​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​-​ខ្លង​លឹក ខេត្ត​ស្រះកែវ ។​

​មន្ត្រី​ថ្នាក់ដឹកនាំ ទាំង ៣ ខេត្ត សម​ភាគី​កម្ពុជា មាន​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​សម​ភាគី​ថៃ លោក ព្រី​ន​យ៉ា ពោធិ៍សាត់ អភិបាលខេត្ត​ស្រះកែវ ។​

​លោក អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃត្រង់​ទី​២៥ ខែវិច្ឆិកា នេះ​ថាៈ ពិត​ជាមាន​គម្រោង​ជួបប្រជុំ ពង្រឹង​សម្ព័ន្ធមេត្រីភាព ៣ ខេត្តបន្ទាយមានជ័យ បាត់ដំបង (​កម្ពុជា​) និង​ខេត្ត​ស្រះកែវ (​ថៃ​) មែន ហើយ​ពេលនេះ លោក​ផ្ទាល់ និង​លោក​អភិបាល ខេត្តបាត់ដំបង និង​ប្រតិភូ បាន​នឹង​កំពុង​ស្ថិតនៅ​មាត់ច្រក​ព្រំដែន អន្តរជាតិ​ហើយ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​១០​នាទី ក៏មាន​កិច្ចប្រជុំ ពិភាក្សា​ការងារ ស្ដីពី​ការបន្ធូរបន្ថយ​ច្បាប់ នៃ​ការគ្រប់គ្រង ស្ថានការណ៍ ក្នុង​គ្រាអាសន្ន ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច ក្នុង​តំបន់ រវាង​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្ត​ស្រះកែវ នៅលើ​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ ច្រកទ្វារព្រំដែន អន្តរជាតិ ភ្នំ​ដី​-​ខៅ​ឌិន ស្ថិតក្នុង​ភូមិ​គីឡូ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ព្រះរាជាណាចក្រ​កម្ពុជា ឈម​នឹង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ រួច​ម្តង​។​

​កាលណោះ មានការ​អញ្ជើញ​ដឹកនាំ​ប្រតិភូ និង​ចូលរួម​ជា​កិត្តិយស ក្នុង​កិច្ចប្រជុំ នាឱកាស​នោះ មាន ភាគី​កម្ពុជា លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក ងួន រតនៈ អតីត​អភិបាល ខេត្តបាត់ដំបង និង​មានការ​ចូលរួម​ពី សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន កម្ពុជា​-​ថៃ និង​លោក​អភិបាលរង​ខេត្ត​, អភិបាល​-​អភិបាលរង ក្រុង​-​ស្រុក ជាប់​ព្រំដែន ព្រមទាំង​លោក ឧត្ដមសេនីយ៍ វរសេនីយ៍ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ។ រីឯ​ភាគី​ថៃ លោក គៀត​តិ​ស័​ក្កិ ចាន់​ត្រា អភិបាលខេត្ត​ស្រះកែវ ដោយមាន​ការចូលរួម​ពី​លោក ប្រធាន​-​អនុប្រធាន មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ និង​មន្ត្រី​មុខការ ចំណុះ​ខេត្ត ជាច្រើនរូប​។​

​ឆ្លងតាម​កិច្ចពិភាក្សា ក្នុង​អង្គប្រជុំ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា លើ​ចំណុច​សំខាន់ៗ ដូចតទៅៈ ១-​ឯកភាព​ឲ្យ​ពលករ​កម្ពុជា ចូលទៅ​ធ្វើ​ការងារ លើ​វិស័យ​កសិកម្ម ក្នុង​ព្រះរាជាណាចក្រ​ថៃ បាន ប៉ុន្តែ​ត្រូវអនុវត្ត តាម​សេចក្ដីណែនាំ របស់​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ (​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​), ២- ចំពោះ​អាជីវករ​កម្ពុជា ចូលទៅ​ប្រកប​អាជីវកម្ម ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ដូចគ្នា​, ៣-​ដោយឡែក ការស្នើសុំ​បើក​ច្រកទ្វារព្រំដែន អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន បណ្ដោះអាសន្ន ជា​ច្រក ដឹកទំនិញ ដើម្បី​កាត់បន្ថយ ការកកស្ទះ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត​-​ខ្លង​លិ​ក ខាង​ភាគី​ថៃ និង​យក​សំណើ​នេះ ដាក់ជូន​គណៈកម្មាធិកា​រ​ខេត្ត ដើម្បី​ពិនិត្យ ពិភាក្សា​លំអិត បន្ទាប់ពី​បានទទួល​លទ្ធផល ទើប​ផ្ដល់ព័ត៌មាន ជូន​វិញ​ជា​ក្រោយ​។​

​ភាគី​ទាំងពីរ នៃ ៣ ខេត្ត បាន​សំណូមពរ ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ រវាង​ប្រទេស ទាំងពីរ បង្កើន​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ រួមគ្នា ឲ្យ​កាន់តែ​ល្អប្រសើរ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សា​ស្ថានភាព​ដើម នៃ​បន្ទាត់​ព្រំដែន​។ រាល់​ករណី កើតមានឡើង រាល់​បញ្ហា​ផ្សេងៗ ចំពោះ​ពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ ត្រូវ​ផ្ដល់ព័ត៌មាន ទាន់​ហេតុការណ៍ ឲ្យ​គ្នា​ទៅវិញទៅមក និង​រួមគ្នា​ដោះស្រាយ ដោយ​សន្តិវិធី​។​

​មន្ត្រី​ចូលរួម​ប្រជុំ​លើក​នេះ ក៏បាន​បង្ហើប​ថាៈ លើក​នេះ ក៏​នឹង​រំលឹកស្មារតី​ខ្លឹមសារ​ចាស់ និង ធ្វើ​បច្ចុប្បន្នភាព បូក​នឹង​របៀបវារៈ​ថ្មី​ខ្លះ ហើយ​ជម្រុញ​អោយ​អនុវត្ត ចេញ​ជា​លទ្ធផល ផ្លែផ្កា ជាក់ស្តែង ក្នុង​បរិបទ នៃ​ភាព​ធូរស្រាល​ខ្លះ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា ការរៀបចំ​បើក​ប្រទេស ទាំងពីរ ខេត្ត​ទាំង ៣ ឡើងវិញ​។​

​សូម​រំលឹក​បន្ថែម​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ លោក អភិបាល ខេត្តបន្ទាយមានជ័យ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធ បាន​ជួបពិភាក្សា​ការងារ មួយចំនួន​ជាមួយ លោក ព្រី​ន​យ៉ា ពោធិ៍សាត់ អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ នៅលើ​ស្ពាន​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត​-​ក្លង​លឹក ដើម្បី​ដោះស្រាយ​កិច្ចការ​បន្ទាន់ ជាមួយ​ចំនួន​។​

​ជំ​នូ​ប​ពិភាក្សា ផ្ដោតលើ​ស្ថានភាព នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ ១៩ បំប្លែង​ថ្មី (Delta) និង​ការបិទ​ព្រំដែន មិនទាន់​ឱ្យ​ពលករ​ខ្មែរ ចូលមក​ទឹកដី​កម្ពុជា រយៈពេល ១៤ ថ្ងៃ​។​

​ខេត្តបន្ទាយមានជ័យ ក៏​ស្នើឱ្យ​អាជ្ញាធរ​ថៃ ជួយ​សម្រួល ដោះស្រាយ​បញ្ហា បងប្អូន ប្រជាពលរដ្ឋ ដែល​ត្រឡប់មក​ទឹកដី​កម្ពុជា ក្នុងនោះ ត្រូវ​ធានា​ទាំង​សុខភាព សុវត្ថិភាព និង​ស្នើសុំ​កុំ​អោយមាន ការបញ្ជូន​មកជា​គំហុក ហើយ​បើ​មាន​បញ្ហា​អ្វី សូម​ផ្តល់ព័ត៌មាន​បន្ទាន់ មក​ភាគី​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ ទទួល​បងប្អូន តាម​វិធាន​សុខាភិបាល និង​ស្នើ​ភាគី​ថៃ សម្រួល​អោយ​គ្រូពេទ្យ​កម្ពុជា អាច​ចូលទៅ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ពលរដ្ឋ​កម្ពុជា ដែល​ប្រក​បរបរ រកស៊ី​នៅ​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រ​ថេត ។ មន្ត្រី បានបង្ហាញ​ថាៈ ប៉ុន្តែ លទ្ធផល​ជាក់ស្តែង កន្លងមក បាន​តិចតួច ៕/V​