ដោយៈ ប​.​ខុន / ភ្នំពេញៈ ប្រតិភូ​ដែល​បាន​បំពេញ​បេសកម្ម នៅ​ខេត្តសៀមរាប ដើម្បី​ពិនិត្យ ស្ថានភាព​គម្រោង ត្រូវអនុវត្ត​នៅក្នុង​កម្មវិធី គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម នៅ​កម្ពុជា​(WAT4CAM) បានបញ្ចប់ បន្ទាប់ពី​បាន​ពិនិត្យ តំបន់​ត្រូវអនុវត្ត​គម្រោង ពង្រីក​ប្រឡាយ​មេ និង​ប្រឡាយ​រង បន្ត​ពី​ប្រព័ន្ធ​ម្កាក់ ហើយ​ក្រោយពី​គម្រោង​នេះ អនុវត្ត​រួច គេ​រំពឹងថា តំបន់​ដែល​ធ្លាប់​ផលិត​ស្រូវ​សិរី​រា​ង្គ បាន​ត្រឹម​ជាង មួយ​ពាន់​តោន អាច​កើន​ដល់ ៥ ពាន់​តោន​។​

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ថាៈ ប្រតិភូ​ដែល​បាន​បំពេញ​បេសកម្ម នៅ​ខេត្ត​សៀម រាប ដើម្បី​ពិនិត្យ​គម្រោង ត្រូវអនុវត្ត​នៅក្នុង​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម នៅ​កម្ពុជា (WAT4CAM) បានបញ្ចប់​ហើយ បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​ម្កាក់ ដែល​ស្ថិតនៅ​ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា រួចមក​។​

​តំបន់​ដែល​ប្រតិភូ ចុះ​ពិនិត្យ​នេះ លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ ស្ថិតនៅក្នុង​គម្រោង ត្រូវអនុវត្ត ដោយ​ប្រើប្រាស់​ឥណទាន របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) សម្រាប់​ពង្រីក​ប្រឡាយ​មេ ពីរ​ខ្សែ បន្ត​ពី​គម្រោង​ដែល​បាន​អនុវត្ត​រួច ដោយ​ថវិកា​របស់​ប្រទេស ចិន និង​ប្រឡាយ​រង ដើម្បី​ពង្រីក​សក្តានុពល​ទឹក បាន​ទៅដល់​ឃុំ​គោកធ្លក​ក្រោម ដែល​កន្លងទៅ ទឹក​មាន​ត្រឹមតែ គោកធ្លក​លើ​។​

​លោក ចាន់ យុ​ត្ថា ដែលជា​ប្រធាន​ប្រតិភូ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ តំបន់​ដែល កំពុង​ត្រូវ​បានរៀបចំ ពង្រីក​ប្រឡាយ​មេ និង​ប្រឡាយ​រង​នេះ ជា​តំបន់​ផលិត​ស្រូវ​សិរី​រាង (​សែន​ក្រអូប​) ដោយ​ក្នុង​មួយឆ្នាំ អាច​ផលិត​ស្រូវ​បាន​ដង គឺ​នៅ​ដើមរដូវ និង​នៅ​ចុងរដូវ​។ នៅក្នុង​តំបន់ កំពុង​ពង្រីក​ប្រឡាយ​មេ និង​ប្រឡាយ​រង​នេះ កំពុងមាន​គេ​សាងសង់​រោង ម៉ាស៊ីនកិនស្រូវ ខ្នាត​ធំ​មួយ ដែល​ក្នុង​មួយឆ្នាំ ត្រូវការ​ស្រូវ​ប្រមាណ​ជា ៥ ពាន់​តោន​។​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ នៅ​តំបន់​ខាងលើនេះ សព្វថ្ងៃ ផលិត​ស្រូវ​សិរី​រា​ង្គ បាន​ជាង​មួយ​ពាន់​តោន​ទេ តែ​នៅក្រោយពេល​ពង្រីក​ប្រឡាយ​មេ និង​ប្រឡាយ​រង​រួច ការផលិត​ស្រូវ អាច​បាន​ដល់ ៥ ពាន់​តោន ដោយមាន​អ្នក​ចាំ​ទទួល​ទិញ នៅ​នឹង​រោង​ម៉ាស៊ីន ស្រាប់​។​

​រំលឹក​ឱ្យដឹងថា ប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ពិនិត្យ​ស្ថានភាព​គម្រោង​ត្រូវអនុវត្ត នៅក្នុង​កម្មវិធី គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម នៅ​កម្ពុជា​(WAT4CAM) នៅ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោកស្រី BOURHIS Ophélie តំណាង​ទីភ្នាក់ងារ​បារាំង ដើម្បី​ការអភិវឌ្ឍ​(AFD) ប្រចាំ​ប្រទេស​កម្ពុជា​, លោក Bryan FORNARI តំណាង សហភាព​អ៊ឺរ៉ុប​(EU) ប្រចាំ​ប្រទេស​កម្ពុជា​, ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត សៀមរាប រួមជាមួយ​ក្រុមការងា​រ​ទីប្រឹក្សាបច្ចេកទេស នៃ​កម្មវិធី WAT4CAM ៕/V​