ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ការឆ្លង​វីរុស​កូរ៉ូណា​បានបំបែក​ឯតទគ្គក​ម្ម​នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ទី​២៤ វិច្ឆិកា​ដោយ​ទ្វីប​នេះ​សា​ជា​ថ្មី​ម្តងទៀត​​បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ជំងឺ​រាតត្បាត​ដែល​ជំរុញ​ឱ្យ​មាន​ការទប់ស្កាត់​ថ្មី​លើ​បំលាស់​ទី​និង​ឃើញ​អ្នកជំនាញ​សុខភាព​ជំរុញ​ឱ្យ​ពង្រីក​ការប្រើប្រាស់​វ៉ាក់សាំង​ជំរុញ​។​

​ស្លូ​វ៉ាគី សាធារណៈរដ្ឋ​ឆែក ហូ​ឡង់ និង​ហុងគ្រី សុទ្ធតែ​បាន​រាយការណ៍​អំពី​ការកើនឡើង​ខ្ពស់​ថ្មី​នៃ​ការឆ្លង​កូ​វីដ​ប្រចាំថ្ងៃ ខណៈ​រដូវរងា​គ្របដណ្តប់​ទ្វីបអឺរ៉ុប​ហើយ​មនុស្ស​ប្រមូល​​ផ្តុំគ្នា​នៅក្នុង​ផ្ទះ​នៅមុន​ថ្ងៃបុណ្យ​ណូអែល ដោយ​ផ្តល់​នូវ​កន្លែង​បង្កាត់​ពូជ​ដ៏​ល្អឥតខ្ចោះ​សម្រាប់កូ​វីដ​១៩​។​

​ករណី​ឆ្លង​ថ្មី​បាន​កើនឡើង ២៣ ភាគរយ​នៅ​ទ្វីប​អាម៉េរិក​ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ភាគច្រើន​គឺ​នៅ​អាម៉េរិក​ខាងជើង ជា​សញ្ញា​មួយ​បង្ហាញ​ថា​តំបន់​នេះ​ក៏​អាច​ប្រឈម​មុខ​នឹង​ការឆ្លង​ឡើង​វិញ​ផង​ដែរ​។​

​ជំងឺ​នេះ​បាន​សាយភាយ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចាប់តាំងពី​វា​ត្រូវបាន​រកឃើញ​ដំបូង​នៅ​កណ្តាល​ប្រទេស​ចិន ដោយ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ២៥៨ លាន​នាក់ និង​សម្លាប់​មនុស្ស ៥,៤ លាន​នាក់​។​

​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​ការបង្ការ​និង​គ្រប់គ្រង​ជំងឺ (ECDC) ដែល​ជា​ទីភ្នាក់ងា​រសុខ​ភាព​សាធារណៈ​របស់​សហភាព​អឺរ៉ុប បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​សម្រាប់​មនុស្សពេ​ញ​វ័យ​ទាំងអស់ ដោយ​ផ្តល់​អាទិភាព​ខ្ពស់​ជាងគេ​សម្រាប់​អ្នក​ដែល​មាន​អាយុ​លើសពី ៤០ ឆ្នាំ​នៅ​ក្នុង​ការផ្លាស់ប្តូរ​ដ៏​សំខាន់​ពី​ការណែនាំ​ពី​មុន​របស់​ខ្លួន​ដែល​បាន​ណែនាំ​ថាដូស​ជំរុញ​គួរតែ​ពិចារណា​សម្រាប់​មនុស្សចាស់ មនុស្ស​ខ្សោយ និង​អ្នក​ដែល​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​។​

ECDC បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​ភស្តុតាង​ដែល​ចេញពី​ប្រទេស​អ៊ីស្រាអែល និង​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ពី​ការកើនឡើង​យ៉ាង​សំខាន់​ក្នុង​ការការពារ​ប្រឆាំង​នឹង​ការឆ្លង​វីរុស​កូរ៉ូណា​និង​ការ​ឈឺធ្ងន់ធ្ងរ បន្ទាប់​ពី​ចាក់ដូស​ជំរុញ​ក្នុងក្រុម​អាយុទាំង​អស់​សម្រាប់រ​យៈ​ពេលខ្លី​”​។​

​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ជាច្រើន​បានចាប់ផ្តើម​ផ្តល់ដូស​ជំរុញ​រួចហើយ ប៉ុន្តែ​កំពុង​ប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​ផ្សេងៗ​គ្នា​ដើម្បី​ផ្តល់​អាទិភាព​ដល់​ដូស​ជំរុញ​ទាំងនោះ​និង​ចន្លោះពេល​ខុសៗ​គ្នា​រវាង​ការចាក់​ដូ​សទី​១​និង​ដូស​ជំរុញ​៕

​អ្នកជំងឺ​កូ​វីដ​កំពុង​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់​នៅ​ប៊ុលហ្គារី​កាលពី​ថ្ងៃទី​១៥​តុលា​២០២១