​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ទីក្រុង​សេ​អ៊ូ​ល​បានចាប់ផ្តើម​សាកល្បង​រ៉ូបូត​មាឌតូចជា​ជំនួយការ​បង្រៀន​នៅ​ក្នុង​សាលា​មត្តេយ្យជា​គម្រោង​សាកល្បង​មួយ​​ដែល​រដ្ឋបាល​ក្រុង​សេ​អ៊ូ​ល​និយាយថា​នឹង​ជួយ​រៀប​ចំ​មនុស្ស​ជំនាន់​ក្រោយ​សម្រាប់​អនាគត​បច្ចេកវិជ្ជា​ខ្ពស់​។​

​រ៉ូបូត Alpha Mini​មាន​កម្ពស់​ត្រឹមតែ ២៤,៥ សង់ទីម៉ែត្រ ហើយ​អាច​រាំ ច្រៀង អាន​រឿងនិទាន និង​ថែម​ទាំង​បង្ហាត់​ក្បាច់គុន​កុង​ហ្វ៊ូ ខណៈ​ក្មេងៗ​ធ្វើ​ត្រាប់​តាម​ក្បាច់​​អា​វ៉ង់​និង​ការរក្សា​តុល្យភាព​ដោយ​ជើង​ម្ខាង​របស់​វា​។​

​អ្នកគ្រូ ប្យុន សូ​យឹន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP អំឡុង​ពេល​ចុះ​ទៅ​មើល​សាលា​មត្តេយ្យម៉ា​រូ​ដ៏​ភ្លឺស្វាង​និងដ៏​មមាញឹក​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ថា “​រ៉ូបូ​ត​ជួយ​ដល់​​ការច្នៃប្រឌិត​របស់​កុមារ​”​។​

​ភ្នែក​របស់​រ៉ូបូត​ចេះ​ព្រិច​ចុះឡើង ហើយ​ប្រសី​ភ្នែក​របស់​វា​ក្លាយ​ជា​រាង​បេះដូង​អំឡុង​ពេល​សន្ទនា​។​

​ជាមួយនឹង​កាមេរ៉ា​បំពាក់​នៅលើ​មួកសុវត្ថិភាព​របស់​វា វា​អាច​ថតរូប​ផ្ញើ​ភ្លាមៗ​ទៅ​កាន់ថេ​ប្លេត​សម្រាប់​បញ្ចាំ​ងមើល​ទាំង​អស់​គ្នា​។​

​លោក ហាន ដុង​សឹក មក​ពី​ផ្នែក​ថែទាំ​កុមារ​របស់​រដ្ឋបាល​ក្រុង​សេ​អ៊ូ​ល​បាន​ប្រាប់ AFP ថា “​នៅពេល​អនាគត ការ​ដឹង​ពី​របៀប​គ្រប់គ្រង AI​និង​ឧបករណ៍​ពាក់ព័ន្ធ​នឹង​​មាន​សារៈសំខាន់​ខ្លាំងណាស់​”​។​

​រ៉ូបូត​ទាំងនេះ​កំពុង​ត្រូវ​បាន​សាកល្បង​នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​កុមារ​និង​សាលា​មត្តេយ្យនៅ​ទីក្រុង​សេ​អ៊ូល​ចំនួន ៣០០ ដោយ​រដ្ឋាភិបាល​បាន​ណែនាំ​កម្មវិធី​នេះ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​។​

​លោក​ហាន​និយាយថា “​យើង​ជឿ​ថា​ការ​មាន​បទពិសោធន៍​នេះ​នៅក្នុង​សាលា​មត្តេយ្យ​នឹង​មាន​ឥទ្ធិព​ល​យូរអង្វែង​ពេញ​មួយ​វ័យ​យុវវ័យ​របស់​ពួកគេ​និង​ពេល​ពួកគេ​ពេញវ័យ​”​។​

Alpha Mini ត្រូវបាន​យកមកប្រើ​ជា​ផ្នែក​មួយ​នៃ​កាលវិភាគ​ប្រចាំថ្ងៃ​សម្រាប់​ថ្នាក់រៀន​របស់​សិស្ស​អាយុ​ពី​បួន​ទៅ​ប្រាំ​ឆ្នាំ​នៅ​សាលា​ម៉ា​រូ ដោយ​វា​មាន​សមត្ថភាព “​ផោម​” តាម​បញ្ជា​របស់​មនុស្ស​ទៀតផង​។​

​សិស្ស​ឈ្មោះ លី ហ្គា​យូន អាយុ​ប្រាំ​ឆ្នាំ​បាន​និយាយថា “​នៅពេលដែល​ខ្ញុំ​ប្រាប់​វា​ឱ្យ​ច្រៀង វា​ច្រៀង​បាន​ល្អ​ណាស់​។ ខ្ញុំ​ប្រាប់​វា​ឱ្យ​រាំ ហើយ​យើង​រាំ​ជាមួយ​គ្នា​”៕

​រ៉ូបូត Alpha Mini កំពុង​ដាក់​ឱ្យ​ប្រើ​នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​កុមារ​និង​សាលា​មត្តេយ្យនៅ​ទីក្រុង​សេ​អ៊ូល​ចំនួន ៣០០