​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ បេសកកម្ម “​ការពារ​ភពផែនដី​” លើកដំបូង​មិន​ធ្លាប់​មាន​របស់​អង្គការ​ណា​សា​ដើម្បី​បង្វែរ​គន្លង​របស់​អាច​ម៍​ផ្កាយ​នៅ​ចម្ងាយ ១១ លាន​គីឡូម៉ែត្រ​ពី​ផែនដី បាន​ចាប់ផ្តើម​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤​វិច្ឆិកា​ម៉ោង​នៅ​អាម៉េរិក​។​

​ទីភ្នាក់ងារ​អវកាស​អាម៉េរិក​នេះ​បាន​បង្ហោះ​ដំណឹង​នេះ​នៅលើ Twitter ថា “​ហើយ​…​វា​បាន​ចាក​ចេញ​ហើយ​! បេសកកម្ម #DARTMission ឥឡូវ​នេះ​កំពុង​ស្ថិត​នៅលើ​ការធ្វើដំណើរ​ជិត​មួយ​ឆ្នាំ​ដើម្បី​បំបុក​អាចម៍ផ្កាយដ៏​សែនឆ្ងាយ​មួយ​ក្នុងនាម​ជា​បេសកកម្ម​សាកល្បង​ការពារ​ភពផែនដី​ដំបូងបង្អស់​របស់​ពិភពលោក​”​។​

​យាន​បេសកកម្ម DART(​ការសាកល្បង​ប្តូរ​ទិស​អាចម៍ផ្កាយ​ទ្វេ​) ដែល​ជា​យានអវកាស​រា​ង​ដូច​ប្រអប់ បាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត SpaceX Falcon 9 នៅ​ម៉ោង ៦៖២១ ព្រឹក​ថ្ងៃ​ពុធ​ពី​មូលដ្ឋានទ័ព​អវកាស​វ៉ាន់ដិន​បឺក​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ស្ថិតនៅ​ចម្ងាយ​ប្រហែល ២៤០ គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ​នៃ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​។​

​ក្រុមហ៊ុន SpaceX បានប្រកាសថា យាន DART បាន​បំបែក​ចេញពី​រ៉ុក្កែត Falcon 9 របស់​ខ្លួន​នៅ ៥៥ នាទី​ក្រោយ​ការបាញ់​បង្ហោះ ដោយ​ចាប់ផ្តើម​ការធ្វើដំណើរ​តែឯង​ឆ្ពោះ​ទៅកាន់​ទីតាំង​គោលដៅ​ដើម្បី​បំបុក​អាចម៍ផ្កាយ​នៅ​ចម្ងាយ ១១ លាន​គីឡូម៉ែត្រ​។​

​បេសកកម្ម DART តម្លៃ ៣២៥ លាន​ដុល្លារ​នឹង​ចំណាយ​ពេល ១០ ខែ​ដើម្បី​បញ្ចប់​ការធ្វើដំណើរ ១១ លាន​គីឡូម៉ែត្រ​របស់ខ្លួន​ចូលទៅ​ក្នុង​លំហ​ដ៏​ជ្រៅ ទី​ដែល​វា​នឹង​បំបុក​ចូល​អាចម៍ផ្កាយ​ឈ្មោះ Dimorphos ដែល​ធ្វើ​គោចរ​ជុំវិញ​អាចម៍ផ្កាយ​ធំ​មួយទៀត​ដែល​មានឈ្មោះ​ថា Didymos ក្នុង​ល្បឿន ២៤.១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ខែ​កញ្ញា​ឆ្នាំ ២០២២៕

​យាន DART​នឹង​បំបុក​អាចម៍ផ្កាយ Dimorphos នៅ​ល្បឿន ២៤.១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ខែ​កញ្ញា​ឆ្នាំ ២០២២​