ភ្នំពេញៈកម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣(ASEM13)​ហើយ​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ដល់ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ (​ត្រូវ​រៀបចំ​ឆ្នាំ​២០២០ ប៉ុន្តែ​លើក​ពេល​ដោយសារ​ជំងឺ​កូ​វីដ​-១៩)​។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​គឺជា​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ធំជាងគេ​បំផុត​ក្រៅពី​អង្គការសហប្រជាជាតិ​ដោយ​តំណាងឱ្យ ៦០ភាគរយ​នៃ​ប្រជាជន​ពិភពលោក ៥៥ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក ៦៥ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក និង​៧៥ភាគរយ​នៃ​ទេសចរណ៍​ពិភពលោក​។ ទាំងនេះ​ជា​ចំណែក​សំខាន់​លើ​ធាតុ​ចូលក្នុង​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​។

នៅក្នុង​បរិបទ​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ កម្ពុជា​មានមុខមាត់​នឹង​តួនាទី​សំខាន់​លើ​ឆាក​អន្តរជាតិ​។ ជាក់ស្ដែង​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​បាន​បំពេញ​ទស្សនកិច្ច​កម្ពុជា​ជា​ញឹកញាប់ រួមទាំង​រដ្ឋមន្ត្រីការបរទេស​ចិន​មក​កម្ពុជា​។ គិត​ក្នុង​ឆ្នាំ​២០២១​នេះ មាន​ប្រទេស​លើស ពី​៥ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ដោយផ្ទាល់ និង​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​មមាញឹក​៖ ទី​១.​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក បានមក​បំពេញ​ទស្សនកិច្ច​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែមិថុនា​។ ទី​២.​លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បានធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែមិថុនា​។ ទី​៣.​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Nubuo Kishi បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែមិថុនា​។ ទី​៤.​អ្នកស្រី Marise Payne រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ក៏បាន​ជួប ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ​ទូរគមនាគមន៍​កាលពី​ថ្ងៃទី​៧ ខែកក្កដា និង​ការ​មក​បំពេញ​ទស្សនកិច្ច​ដោយផ្ទាល់​រប​ស់លោក​ស្រី​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៧-៨ ខែវិច្ឆិកា​។ ទី​៥. រដ្ឋមន្ត្រីការបរទេស​ចិន និង​ជាទី​ប្រឹក្សា​រដ្ឋ លោក Wang Yi បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១២ និង ទី​១៣ ខែកញ្ញា និង​ការជួបពិភាក្សាគ្នា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​សម្ដេច​តេ​ជោ និង​ឯកឧត្តម លី​ខឺ​ឈាំ​ង (Li Keqiang) នៅ​១៥​ខែវិច្ឆិកា បន្ថែម​ពីនេះ​ទៀត​ក៏មាន​ប្រទេស​ផ្សេងទៀត​។​

​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​វិញ​ឃើញថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM ត្រូវបាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៦ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយមាន​ការចូល​ពី​ប្រទេស​ចំនួន​១៥​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៧ បូក​ថែម​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ស្នងការ​អឺរ៉ុប​ប៉ុណ្ណោះ​។ នៅពេលនោះ អឺរ៉ុប​បានទទួល​ស្គា​ល់ពី​ការអភិវឌ្ឍ ការ​លូត​យ៉ាង​រហ័ស និង​សក្តានុពល​នៅក្នុង​តំបន់​អាស៊ី និង​ចង់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​លើ​វិស័យ ឬ​សរសរ​ស្តម្ភ​បី​គឺ​៖ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ កិច្ចប្រជុំ​កំពូល ASEM គឺជា​ជំនួប​ប្រជុំ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​ស្នងការ​អឺរ៉ុប និង​អគ្គលេខាធិការ​នៃ​អាស៊ាន​។ កម្ពុជា​បាន​ក្លាយជា​សមាជិក​ដំបូង​នៃ​កិច្ចប្រជុំ​នេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​៥ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០០៤​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ ជា​បន្ត​បន្ទាប់មកទៀត ASEM បាន​ពង្រីក​ខ្លួន​ជា​លើក​ទី​២​នៅក្នុង​ឆ្នាំ​២០០៨ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៧​របស់ខ្លួន នៅ​ទី​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន​រដ្ឋ​សមាជិក​បន្ថែមទៀត​ចូលរួម​ជាហេតុ​នាំឱ្យ ASEM​មាន​សមា ជិ​ក​ភាពកើនឡើង​សរុប​ដល់​ទៅ​៤៥​ប្រទេស​។ កិច្ចប្រជុំ​កំពូល ASEM​នៅតែ​បន្ត​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០១០ ឆ្នាំ​២០១២ និង​ជា​ចុងក្រោយ​នៅ​ឆ្នាំ​២០១៤ ដោយ​បង្កើន​រដ្ឋ​សមាជិក​សរុប​រហូតដល់​ទៅ​៥៣​ប្រទេស ក្នុងនោះ​មកពី​ទ្វីបអឺរ៉ុប​៣០​ប្រទេស និង​ទ្វីបអាស៊ី​២១​ប្រទេស លេខាធិការដ្ឋាន​អាស៊ាន និង​សហភាព​អឺរ៉ុប​ផងដែរ​។​

​ចំពោះ​ទំនាក់ទំនង​រវាង​អាស៊ី​និង​អឺរ៉ុប​វិញ គឺ​អាស៊ី​ត្រូវការ​អឺរ៉ុប ចំណែក​អឺរ៉ុប​វិញ​ក៏ត្រូវ​ការ​អាស៊ី​ដូចគ្នា​។ តំបន់​ទាំងនេះ​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សម្ព័ន្ធមិត្ត​នៅក្នុង​ពិភពលោក​មួយ​ដែល​តថភាព​ភូមិសាស្ត្រ​នយោបាយ​នៅតែមាន​ការប្រែប្រួល​យ៉ាង​លឿន ស្រប​ពេលដែល​តំបន់​ទាំងពីរ​នេះ​ជួប​គ្រោះថ្នាក់​ដូចគ្នា ដូចជា​ជំងឺ​កូ​វីដ​-១៩ បញ្ហា​សន្តិសុខ បញ្ហានយោបាយ បញ្ហា​បរិស្ថាន បញ្ហា​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​ជាដើម​។ ទំនាក់ទំនង​អាស៊ី​និង​សហភាព​អឺរ៉ុប​ពឹងផ្អែក លើ​មូលដ្ឋានគ្រឹះ​ដ៏​ទន់ភ្លន់​នៃ​ការ​ពឹងពាក់​គ្នា​ទៅវិញទៅមក​ខាង​សេដ្ឋកិច្ច ហើយ​សហភាព​អឺរ៉ុប​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាស៊ី​កើត​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​ខ្លួន​។ សហភាព​អឺរ៉ុប និង​អាស៊ី​ចាត់ទុក​គ្នា​ទៅវិញទៅមក​ជា​ដៃគូ​ផង ជា​គូប្រជែង​ផង ហើយ​ប្រាកដ​ណាស់​មិនមែនជា​សត្រូវ​ឡើយ​។ តែ​នៅក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ទំនាក់ទំនង​រវាង​អាស៊ី​និង​អឺរ៉ុប​នេះ​កាន់តែ​ស្មុគស្មាញ​ចំពោះ​ការបន្ត​ប្រកួតប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​អាម៉េរិក​។ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ចិន ទំនង​សហភាព​អឺរ៉ុប​យល់ថា ទី​១.​ពលរដ្ឋ​អឺរ៉ុប​ភាគច្រើន​ជឿថា​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន និង​អាម៉េរិក​នៅតែ​ដំណើរការ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​គិតថា​ប្រទេស​របស់​ពួកគេ​ពាក់ព័ន្ធ​នោះទេ​។ ទី​២.​ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ ជាការ​មកដល់​នៃ​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​ឈាន​ជើង​ចូលមក​អាស៊ី ទី​៣.​នៅ តែមាន​ភាពខុសគ្នា​នៃ​ទស្សនៈ​រវាង​ការប្រកួតប្រជែង​លទ្ធិប្រជាធិបតេយ្យ​ជាមួយនិង​កុម្មុយនីស្ដ​។​

​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​ចិន​នាពេលនេះ ទី​១.​ការធ្វើសមាហរណកម្ម​បន្ថែមទៀត​នៃ​ការបង្កើត​គោលនយោបាយ​ការពារ​ពី​ការរង​គ្រោះ​ពី​ការប្រកួតប្រជែង​របស់​មហាអំណាច​។ ទី​២.​សហភាព​អឺរ៉ុប​និង​ចិន​ត្រូវ​ដោះស្រាយ​បញ្ហា បច្ចេកវិទ្យា សន្តិសុខ​អ៊ិន​ធឺ​ណិ​ត ដូចជា ក្រុមហ៊ុន Huawei នឹង​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​5G​។ ទី​៣.​ការធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​ក្នុងស្រុក​ប្រទេស​ចិន ស្ថិតនៅ​កម្រិត​ការប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​អឺរ៉ុប​នៅ​ប្រទេស​ចិន​អាចធ្វើឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឡើងវិញ​អំពី​ជម្រើស​គោលនយោបាយ​របស់ខ្លួន​។ ទី​៤.​ការប្រកួត​ប្រជ​ជែង​របស់​ចិន​និង​អាម៉េរិក តិច​ឬ​ច្រើន​គឺមាន​ការ​ជះ​ឥទ្ធិ​ល​ពល​មក​អាស៊ី​និង​អឺរ៉ុប​។ ទី​៥.​អភិវឌ្ឍន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​វិនិយោគ​ដែលមាន​ស្រាប់​រវាង​សហភាព​អឺរ៉ុប និង​អាស៊ី​គួរតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ទំនាក់ទំនង​រវាង​អាស៊ី​និង​អឺរ៉ុប​នៅ​មិនទាន់មាន​ភាពរលូន​នោះទេ តួយ៉ាង​ទី​១.​ការបញ្ចប់​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​រវាង​សហភាព​អឺរ៉ុប​និង​ចិន​នៅ​ឆ្នាំ​២០២០ បន្ទាប់ពី​ការចរចា​អស់​រយៈពេល​៧​ឆ្នាំ​។ ទី​២.​ការយល់ឃើញ​ក្នុងចំណោម​អ្នកបង្កើត​គោលនយោបាយ​អឺរ៉ុប​និង​សហគមន៍​ពាណិជ្ជកម្ម​អឺរ៉ុប ថា​ជា​ប្រពៃណី​របស់​ចិន​ក្នុងនាម​ជា​ដៃគូ​ប្រកួតប្រជែង​មិន​យុត្តិធម៌ ទី​៣.​ហេតុផល​ការវាយតម្លៃ​របស់​អឺរ៉ុប​អំពី​ការវិវត្ត​នយោបាយ ដូច​ជាការ​កំណែទម្រង់​នយោបាយ​នៅ​ស៊ីន​ជាំ​ង និង ហុងកុង​ជាដើម​។ ទី​៤.​មន្ត្រី​សហភាព​អឺរ៉ុប​ជាច្រើន​ព្រួយបារម្ភ​ថា​ការទូត​ចិន​កំពុង​ធ្វើឱ្យ​ខូច​សាមគ្គីភាព​អឺរ៉ុប​។ ទី​៥.​សម្ព័ន្ធមិត្ត​អាច​នឹង​រង់​គ្រោះ​ដោយសារ យុទ្ធសាស្ត្រ​សង្គ្រាម​ឈរជើង​នៅ​ប្រទេស​ដទៃ​។​

​ស្រដៀង​គ្នា​នេះដែរ​នៅ​ឆ្នាំ​២០២០-២០២១​មហាអំណាច​ក៏បាន​ដើរ​ផ្ទុយ​ពី​ទ្រឹស្ដី​ពហុភាគី​និយម​ផងដែរ ជាក់ស្ដែង​ទី​១. ពេល​លោក​ដូ​ល​ណា​ត្រាំ​ដឹកនាំ​សហរដ្ឋ​អាម៉េរិក បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​អាកាសធាតុ និង​រឿង​មួយទៀត​មាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា​អាម៉េរិក​“​ប្លន់​ម៉ាស់​” មួយ​យន្តហោះ​របស់​បារាំង​ក្រោយមក​សហរដ្ឋ​អាម៉េរិក​បាន​បន្ត​ប្លន់​ម៉ាស់​របស់​អាល្លឺម៉ង់​ទៀត ធ្វើឱ្យ​ប្រទេស​តំបន់​អឺរ៉ុប​ខឹងសម្បា​យ៉ាងខ្លាំង​ជាពិសេស​អាល្លឺម៉ង់​បានធ្វើការ​ចោទប្រកាន់​ដោយ​ចំៗ​តែ​ម្តងថា “​រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ ជា​ចោរ​ទំនើប​សម័យថ្មី​”​។ រួមទាំង​ការអនុវត្ត​នយោបាយ អាម៉េរិក​ជា​ចម្បង (America First) ទី​២. ពហុភាគី​និយម​សម្រាប់តែ​ប្រទេស​អ្នកមាន ជា​ឧទាហរណ៍ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើង​ពី​ភាពមិន​ស្មើគ្នា និង​អ​យុត្ដិធម៌​លើ​ការ​ចែកចាយ​វ៉ាក់សាំង ដែលមាន​ប្រទេស​ធំៗ​ចំនួន​១០ មាន​វ៉ាក់សាំង​កូ​វីដ​១៩​ក្នុង​ដៃ​ចំនួន ៧៥ភាគរយ នៃ​ចំនួន​វ៉ាក់សាំង​សរុប​ក្នុង​ពិភពលោក ខណៈ​ប្រទេស​ចំនួន​១៣០ មិនមាន​វ៉ាក់សាំង​សូម្បី​តែមួយ​ដូ​ស​។ នៅ​ដើមឆ្នាំ​២០២១ យោងតាម​ក្រុម​យុទ្ធនាការ Oxfam វ៉ាក់សាំង​កូ​វីដ​១៩​ដែលមាន​ប្រសិទ្ធភាព​ជាងគេ​នៅលើ​ពិភពលោក ត្រូវបាន​ប្រទេស​ធំៗ​ទិញ​អស់ ៥៤% នៃ​ចំនួន​សរុប ដើម្បី​ស្តុក​ទុក​ក្នុង​បរិមាណ​លើសពី​៣​ដង​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​ទាំងនោះ​។ ដូច្នេះ​បានធ្វើឱ្យ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​នឹង​អាច​ងាក​ទៅរក​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​ចិន​និង​រុស្សី​។ ទី​៣. អាម៉េរិក​បាន​ដកទ័ព​យ៉ាង​តក់ក្រហល់​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​។ ទី​៤. សហរដ្ឋ​អាម៉េរិក អង់គ្លេស និង​អូស្ត្រាលី​បានប្រកាស​ពី​ការបង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី​ថ្មី​មួយ​មាន​ឈ្មោះថា AUKUS​។ ប្រមុខ​ការទូត​បារាំង​លោក​ហ្ស​ង់​អ៊ីវ ឡឺ​ឌ្រី​យ៉ង់ (Jean-Yves Le Drian) បាន​ប្រើពាក្យ​ធ្ងន់ៗ​លើ​អូ​ស្រា្ត​លី និង​អាម៉េរិក ពិសេស​គឺ​អាម៉េរិក​។ “​ចិត្តវៀចវេរ​” “​ការមើល​ងាយ​” “ ការនិយាយ​ភូតភរ​” “​យើង​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ហើយ​នៅពេលដែល​គេ​មាន​សម្ព័ន្ធមិត្ត​ម្នាក់ គេ​មិនដែល​ធ្វើអំពើ​ជាមួយ​សម្ព័ន្ធមិត្ត​តាមបែប​ឃោរឃៅ​និង​ដោយ​មិនអាច​ទាយ​ទុក​មុន​បាន​របៀបនេះ​ទេ​”​។ ទី​៥. បញ្ហា​អឺរ៉ុប​ផ្ទាល់​លើ​វិ​ប​ត្ត​ជនភៀសខ្លួន​។​

​សរុបសេចក្ដី​មក អាស៊ី​និង​អឺរ៉ុប​មាន​ទំនាក់ទំនង​រីកចម្រើន​ជាង​មុន តែ​អឺរ៉ុប​ដើរ​សំដៅ​កាច់ចង្កូត​តម្រង់ផ្លូវ​មក​អាស៊ី​នៅ​ខ្សោយ​។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM គឺជា​ការដំឡើង​កម្រិត​ថ្នាក់​ដែល​កម្ពុជា​បន្ត​បង្កើន​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ​។ បច្ចុប្បន្ន​ពហុ​ភាគ​នី​យម​នៅតែមាន​ជា​លក្ខណៈ​ទ្រឹស្ដី​នៅឡើយ ការអនុវត្ត​នៅមានកម្រិត ចំពោះ​ការលើកឡើង​ប្រធានបទ​នេះ​នឹង​ជាការ​ដាស់តឿន និង​បង្រួបបង្រួម​ពិភពលោក​ស្របពេល​ដែលមាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ជាស​កល ហើយ​កិច្ចប្រជុំ​នេះ​នឹង​ជាការ​សម្រួច​ទំនាក់ទំនង​កាន់តែ​ខិតជិត​គ្នា​រវាង​អាស៊ី​និង​អឺរ៉ុប​។ ចំណែក​បញ្ហា​សន្តិសុខ​របស់​តំបន់​ទាំង​ពីនេះ​នៅតែ​ត្រូវការ​គ្នា​ជា​ចាំបាច់ ជាពិសេស​ដើម្បី​ភាពរុងរឿង​នៃ​ទំនាក់ទំនង​គឺ​ការបញ្ជូន​នាវា​ពាណិជ្ជកម្ម មិនមែន​នាវាចម្បាំង​នោះទេ​៕

ប្រភព​៖ វិទ្យាស្ថាន​សិក្សា​ចិន​ នៃរាជបណ្ឌិត្យសភាកម្ពុជា