​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អូស្ត្រាលី​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ប៉ូលិស​និង​យោធា​រក្សា​សន្តិភាព​ទៅកាន់​កោះ​សូ​ឡូ​ម៉ុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា ដើម្បី​បង្ក្រាប​ការបះបោរ​រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​ធ្វើឱ្យ​រដ្ឋធានី​ឆាបឆេះ​និង​គំរាមកំហែង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​ប្រទេស​ប៉ាស៊ីហ្វិក​មួយ​នេះ​។​

​នាយករដ្ឋមន្ត្រី​ស្កុត ម៉ូ​រី​សុន បានអនុញ្ញាត​ឱ្យ​មានកា​រ​ដាក់ពង្រាយ​ភ្លាមៗ​តាម​សំណើ​របស់​សម​ភាគី​សូ​ឡូ​ម៉ុង លោក ម៉ា​ណាស​សេ សូ​ហ្គា​វ៉ា​រ៉េ​ដែល​ក្រុមអ្នកតវ៉ា​ទាមទារ​ឱ្យ​ចុះ​​ចេញពី​តំណែង​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មនុស្ស​រាប់ពាន់​នាក់​បាន​ព្រងើយកន្តើយ​នឹង​បទបញ្ជា​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​ដោយ​បាន​នាំគ្នា​ដុតបំផ្លាញ​អគារ​ជាច្រើន​នៅ​ជុំវិញ​សង្កាត់​ឆាយ​ណា​ថោ​ន​​របស់​ក្រុង​ហូ​នី​យ៉ារ៉ា រួម​ទាំង​អគារ​ពាណិជ្ជកម្ម​និង​សាខា​ធនាគារ​ផងដែរ​។​

​នៅ​មុន​ថ្ងៃ​លិច អណ្តាតភ្លើង​បាន​គ្របដណ្តប់​ពេញ​ផ្ទៃមេឃ​ក្រុង​ហូ​នីយ៉ា​រ៉ានិង​ផ្សែងខ្មៅ​ក្រាស់​បានប​ក់​ឡើង​ខ្ពស់​ពីលើ​ទីក្រុង​។​

​ការដុត​ក្រុង​នេះ​កើតឡើង​បន្ទាប់​ពី​ភាពចលាចល​ដែល​រីក​រាលដាល​នៅក្នុង​ទីក្រុង​ហូ​នី​យ៉ារ៉ា​កាលពី​ថ្ងៃ​ពុធ​នៅពេល​ដែល​ក្រុមបាតុករ​ព្យាយាម​សម្រុកចូល​សភា​និង​ទម្លាក់​​លោក​សូ​ហ្គា​វ៉ា​រ៉េ ជា​មេដឹកនាំ​គាំទ្រ​ទីក្រុង​ប៉េកាំង ដែល​បាន​ក្លាយជា​ចំណុច​ផ្តោត​សំខាន់​នៃ​ការប្រកួតប្រជែង​ផ្ទៃក្នុង​នៃ​ប្រទេស​កោះ​មួយ​នេះ​។​

​លោក​ម៉ូ​រី​សុន​បាន​និយាយថា ការ​ដាក់​ពង្រាយ​របស់​អូស្ត្រាលី​គឺ​ភ្លាមៗ ហើយ​រំពឹង​មាន​រយៈពេល “​មួយ​សប្តាហ៍​”​មិន​ដូច​បេសកកម្ម​រក្សា​សន្តិភាព​ចុងក្រោយ​របស់​ទីក្រុង​កង់​បេរ៉ា​​ទៅ​កាន់​កោះ​សូ​ឡូ​ម៉ុង ដែល​បាន​ដំណើរការ​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៧ នោះទេ​។​

​លោក​បាន​និយាយថា “​វា​មិនមែន​ជា​ចេតនា​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​មធ្យោបាយ​ណាមួយ​ដើម្បី​ធ្វើ​អន្តរាគមន៍​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​កោះ​សូ​ឡូ​ម៉ុង​នោះទេ​គឺ​ដើម្បី​តែ​​ដោះស្រាយ​បញ្ហា​ប៉ុណ្ណោះ​។ គោលបំណង​របស់​យើង​នៅទីនេះ​គឺ​ដើម្បី​ផ្តល់​នូវ​ស្ថិរភាព​និង​សន្តិសុខ​”៕

​បាតុករ​បាន​ដុត​បំផ្លាញ​អគារ​ជាច្រើន​នៅ​ជុំវិញ​សង្កាត់​ឆាយ​ណា​ថោ​ន​របស់​ក្រុង​ហូ​នី​យ៉ារ៉ា រួម​ទាំង​អគារ​ពាណិជ្ជកម្ម​និង​សាខា​ធនាគារ​ផងដែរ​