ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានថ្លែងសុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំកំពូលដ៏សំខាន់នេះនារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា២០២១ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន បង្ហាញការយល់ឃើញថាកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយដែលរឹងមាំមានប្រសិទ្ធភាពនិងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែក លើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។

កិច្ចប្រជុំកំពូល ASEM លើកទី ១៣ របស់យើងបានកំណត់គោលដៅរបស់ខ្លួនដោយឈរលើគោលការណ៍នៃកំណើនរួមគ្នាការអភិវឌ្ឍប្រកបដោយចីរភាពនិងពហុភាគីនិយម ផ្អែកលើវិធានច្បាប់។ ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយដែលតភ្ជាប់រវាងទ្វីបអាស៊ីនិងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់និងរឹងមាំ ។ ក្នុងស្មារតីនេះសម្តេចតេជោ នាយករដ្ឋមន្រ្តីយល់ថា«កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយដែលរឹងមាំមានប្រសិទ្ធភាពនិងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើ វិធានច្បាប់គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល»។ ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួន យើងទាំងអស់គ្នាមានការទទួលខុសត្រូវរួមក្នុងការធានាថា ASEMនៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់និងរឹងមាំមួយដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជា ជន របស់ខ្លួនព្រមទាំងអាចចូលរួមចំណែកកាន់តែទូលំទូលាយថែមទៀតដល់ការធានានិងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការ អភិវឌ្ឍរបស់ពិភពលោក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មក កិច្ចប្រជុំកំពូល ASEMបានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និង អឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួនជាអាទិ៍: ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព ។ ខ្ញុំមានជំនឿថាក្នុងសភាពការណ៍បច្ចុប្បន្នយើងត្រូវការនូវគោលការណ៍ទាំងនេះកាន់តែខ្លាំង ឡើងថែមទៀតដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងនិងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តទៀតថា៖កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះគឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEMបញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃភាព ជាដៃគូនិងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់និងសកលដែលជាក្តីបារម្ភរួមគ្នា ។ ក្នុងន័យនេះគោលបំណងសំខាន់ៗនៃកិច្ចប្រជុំកំពូល របស់យើងគឺ៖ទី-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ននិងកំណើនរួមគ្នា, ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ដើម្បី អភិបាលកិច្ចសកលកាន់តែខ្លាំងឡើងនៅកិច្ចប្រជុំកំពូលនេះ ,ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់, ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ការ តភ្ជាប់ឌីជីថលនិងបដិវត្តន៍ឧស្សាហកម្ម ៤.០,ទី៥-ពង្រឹងភាពលេចធ្លោនិងភាពពាក់ព័ន្ធរបស់ASEM និងទី៦-ដោះស្រាយបញ្ហាពហុវិស័យនានាជាអាទិ៍ : ការប្រែប្រួលអាកាស ធាតុ ភាពក្រីក្រការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត ។

ចាប់តាំងពីបានចូលរួមនៅក្នុងដំណើរការASEM នៅឆ្នាំ២០០៤ កម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះដំណើរការនៃកិច្ចប្រជុំកំពូលនេះ ។ ការរក្សាសន្ទះនៃដំណើរការ ASEM ពិតជាមានសារសំខាន់កាន់តែខ្លាំងឡើងនៅក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះ ។ ជាក់ស្តែងកាលពីខែកញ្ញាឆ្នាំ ២០២០ កន្លងទៅកម្ពុជាបានអនុម័ត សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រី ASEM ស្តីពីជំងឺកូវីដ-១៩ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងកិច្ចសហការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ទន្ទឹមនេះដែរដោយ មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាបានចេញផ្សាយសៀវភៅស្រាវជ្រាវគាំទ្រដល់កិច្ចប្រជុំ ASEMលើកទី ១៣ ក្រោមចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣៖កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីអនាគតដែលមានភាពធន់ ចីរភាព និងផ្អែក លើវិធានច្បាប់សម្រាប់ ASEM” ដែលជាចំណែកមួយនៃការផ្តល់ទស្សនាទានដល់ដំណើរការ ASEM ។ កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍អមចំនួន ៦ បន្ថែមទៀតក្រោមកិច្ច សហការជាមួយដៃគូ ASEM ទាំងអស់ និងមូលនិធិអាស៊ី-អឺរ៉ុប ផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ធ្វើឡើង២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០​២១ តាមរយៈប្រព័ន្ធវីដេអូ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ ក្នុងរយៈពេល២ថ្ងៃនេះថ្នាក់ដឹក​នាំASEM នឹងពិភាក្សាអំពីតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់ពហុភាគីនិយមដោយផ្តោតលើ ប្រធានបទពាក់ព័ន្ធរួមមាន ១) ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ៖សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ,២)ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគី និយម ដើម្បីសន្តិភាព និងស្ថិរភាពសកល, ៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់, ៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន, ៥)ការត ភ្ជាប់ ,៦) ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំASEM ក៏នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយ​ផ្តោតលើ ១)ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺ កូវីដ-១៩ ,២)ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ដើម្បីកំណើនរួមគ្នា និង៣)ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុង ពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកលនិងតំបន់។

បន្ថែមលើនេះ កិច្ចប្រជុំASEM13 ក៏នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន(១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២)សេចក្តីថ្លែងការណ៍ទីក្រុង ភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលASEM13នេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាង សកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននិងកំពុងលេចឡើងថ្មីៗនេះ៕