ដោយៈ សុផល / ភ្នំពេញ​៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ថ្លែងថា​៖ តាម​ការព្យាករណ៍ ក្នុង​ឆ្នាំ ២០២១ និង ឆ្នាំ​២០២២, សេដ្ឋកិច្ច​សកល ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ ក្នុង​អត្រាកំណើន ៥,៩% និង ៤,៩% រៀង​គា្ន (IMF) ។ ក្នុងនោះ កំណើនសេដ្ឋកិច្ច នៃ​បណ្តា​ប្រទេស​ជា​ដៃគូ ពាណិជ្ជកម្ម និង វិនិយោគ​សំខាន់ៗ របស់​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ រួមមាន សហរដ្ឋអាមេរិក ក្នុង​អត្រា ៦%​និង ៥,២% និង តំបន់​ចាយប្រាក់​អឺរ៉ូ ក្នុង​អត្រា ៥% និង ៤,៣% ក្នុង​ឆ្នាំ ២០២១ និង ២០២២ រៀង​គ្នា (IMF)​។ ដោយឡែក​, សេដ្ឋកិច្ច​ចិន ត្រូវ បាន​ព្យាករណ៍​ថា នឹង​បន្ត​កំណើន​ខ្ពស់ ក្នុង​អត្រា ៨% និង ៥៦% (IMF) និង តំបន់​អាស៊ាន ក្នុង​អត្រា ២,៧% និង ៥៨% (AMRO) នៅក្នុង ឆ្នាំ ២០២១ និង ២០២២ រៀង​គ្នា ។​

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​សមាជ​លើក​ទី ២៣ របស់​សមាគម​អ្នកវាយតម្លៃ អាស៊ាន (The 23rd ASEAN Valuers Association Congress) ក្រោម​ប្រធាន បទ “​ការវាយតម្លៃ​អចលនវត្ថុ ក្នុងអំឡុងពេល នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩” តាម​ប្រព័ន្ធ​វីដេអូ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១​។​

 

​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា​៖ ស្របទៅនឹង​និន្នាការ​សកល​, សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ ២០២១ ត្រូវបាន​ព្យាករណ៍​ថា នឹង​ងើប​ឡើងវិញ ក្នុង​កំណើន​ទាប ប្រមាណ ២,៤% ដោយសារ​ការអូសបន្លាយ នៃ​ជំងឺ​កូ​រីដ​-១៩ និង​ការរំពឹងទុក​នូវ​ការ​ងើប​ឡើងវិញ ក្នុង​កម្រិត​យឺត នៃ​តម្រូវការ​សកល – ជាមួយនឹង​ការបន្ធូរបន្ថយ នូវ​វិធានការ​រដ្ឋបាល ជា​ដំណាក់ៗ និង ការ​សម្រប​ខ្លួន​ទៅនឹង “ គន្លង ប្រក្រតីភាព​ថ្មី​» នៃ​កិច្ចដំណើរការ សង្គម​-​សេដ្ឋកិច្ច ។ នៅក្នុង​ឆ្នាំ ២០២២, សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​រំពឹងថា នឹង​សម្រេចបាន កំណើន​ក្នុង​រង្វង់ ៤,៨% ដោយសារ​ការបន្ត​ងើបឡើង​វិញ នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង សកល ។

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់ថា​៖ ការព្យាករណ៍ ទាំងអស់នេះ ស្ថិតក្នុង​ភាពជា​ការប៉ាន់ស្មាន នៅឡើយ ដោយសារ​ហានិភ័យ ពី​រលក​ថ្មី នៃ​ការ​បំប្លែង​ខ្លួន​ថ្មី​នៃ​វីរុស​កូ​វីដ​-១៩ ដែល មាន​សភាព​កាន់តែ​កាច​សាហាវ នៅតែ​បន្ត​ជា​បញ្ហា​ប្រឈម សម្រាប់​ការអភិវឌ្ឍ ក្នុង​សកលលោក និង តំបន់ ។ ជាក់ស្ដែង​, មេរោគ​បំប្លែង​ថ្មី​នេះ បាននិងកំពុង​ធ្វើឱ្យ​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ី ដែល​ធ្លាប់តែ គ្រប់គ្រង ករណី​ឆ្លង​បានល្អ ក្លាយជា​តំបន់​ក្តៅគគុក នៃ​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ៕/V​