ដោយ៖ សុផល / ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងឱកាសបើកសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន (The 23rd ASEAN Valuers Association Congress) ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩” តាមប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ថា៖ អ្នកវាយតម្លៃអចលនវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ វិស័យអចលនវត្ថុ នៅក្នុងប្រទេស និង ក្នុងតំបន់ ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា៖សម្រាប់កម្ពុជា ទោះបីជាកំពុងប្រឈមនឹងជំងឺកូវីដ- ១៩ និង បន្តសម្របខ្លួន ទៅនឹងប្រក្រតីភាពថ្មីក្តី, ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្តានុពលខ្ពស់ និង មានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ បើប្រៀបធៀបនឹង ប្រទេសជិតខាង, ក្នុងនោះ រួមមានតំបន់សំខាន់ៗមួយចំនួន ដូចជា៖ (១). រាជធានីភ្នំពេញ និង ខេត្តកណ្តាល ដែលគម្រោងសាងសង់ អាកាសយាន្តដ្ឋានថ្មី កំពុងតែត្រូវបានអនុ វត្ត; (២). ខេត្តព្រះសីហនុ ដែលកំពុងត្រូវបានប្រែក្លាយ ជាតំបន់សេដ្ឋកិច្ច ពិសេស ពហុបំណង; (៣). ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ និង (៤). ក្រុងប៉ាវិត ដែលជាមាត់ ច្រកព្រំដែនកម្ពុជា-វៀតណាម និង ក្រុងប៉ោយប៉ែត ដែលជាមាត់ច្រក ព្រំដែនកម្ពុជា-ថៃ ។ល។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀតថា៖ ការរៀបចំសមាជលើកទី ២៣ នេះ មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងតួអង្គសំខាន់ៗ សម្រាប់ផ្លាស់ប្តូរ បទពិសោធន៍ ពាក់ព័ន្ធនឹងទីផ្សារអចលនវត្ថុ និង ស្តង់ដា បច្ចេកទេស នៃការវាយតម្លៃ អចលនវត្ថុ ក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍ នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩, ពិសេស ចូលរួមចំណែកដល់ ការរក្សានិរន្តភាព នៃសកម្មភាពទីផ្សារអចលនវត្ថុ នៅក្នុងតំបន់ ។


លោកមានជំនឿជឿជាក់ថាៈ ប្រធានបទដែលនឹងត្រូវបាន លើកយកមកពិភាក្សា នាថ្ងៃនេះ ពិតជាសមស្រប និងមានសារៈសំខាន់ សម្រាប់អង្គសមាជ ទាំងមូល អាចចែករំលែក បទពិសោធន៍ លើការអនុវត្តភារកិច្ច ក្នុងឆ្នាំកន្លងមក ។ ទន្ទឹមនេះ, អង្គសមាជ ក៏គួរពិនិត្យទៅ លើបណ្តាបញ្ហាប្រឈម និង កាលានុវត្តភាព ដើម្បីរួមគ្នារិះរកនូវវិធានការល្អៗ និង ថ្មីៗ សំដៅកែលម្អ បរិយាកាសផ្តល់សេវាកម្ម ក្នុងទីផ្សារអចលនវត្ថុ ក្នុងប្រទេសរបស់ខ្លួន និង ក្នុង តំបន់ ឱ្យកាន់តែប្រសើរថែមទៀត ដែលនេះ គឺជាបុព្វលក្ខខណ្ឌរួម មិនអាចខ្វះបាន សម្រាប់ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ។

ឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា តាមរយៈយន្តការនៃសមាជ អ្នកវាយតម្លៃអចលនវត្ថុ អាស៊ាននេះ កិច្ចសហប្រតិបត្តិការ, ការសិក្សាស្វែងយល់ និង ការផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោម អ្នកចូលរួម នឹងអាចក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំច្បាប់, បទប្បញ្ញត្តិ , និង គោលនយោបាយ ពាក់ព័ន្ធវិស័យអចលនវត្ថុ នៅក្នុងប្រទេសសមាជិក ទាំងអស់, ពិសេស នៅកម្ពុជា ផ្ទាល់តែម្តង ។

ក្នុងគោលបំណង ជំរុញការអភិវឌ្ឍវិស័យអចលនវត្ថុ ប្រកបដោយចីរភាព, ស្ថិរភាព, ប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព, លោកឧបនាយករដ្ឋមន្រ្តី បានស្នើអង្គសមាជ ពិនិត្យលទ្ធភាព ក្នុងការគិតគូរ និង ផ្តល់យោបល់ លើចំណុចសំខាន់ៗ មួយចំនួន ដូចជារៀបចំស្តង់ដា អ្នកវាយតម្លៃអចលនវត្ថុរួមមួយ ក្នុងក្របខណ្ឌតំបន់អាស៊ាន; សម្រាប់ប្រទេស ដែលមិនទាន់ មានស្តង់ដា វាយតម្លៃអចលនវត្ថុ ដូចជាកម្ពុជា, គួររៀបចំស្តង់ដាវាយតម្លៃអចលនវត្ថុនេះ ឡើងឱ្យបានឆាប់, ជំរុញលើកកម្ពស់ ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងគុណវុឌ្ឍអ្នកវាយ តម្លៃ អចលនវត្ថុ ឱ្យកាន់តែប្រសើរ; និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងឯកជន និង ឯកជន, ឯកជន និង និយ័តករ, និង រវាងនិយ័តករ និង និយ័តករផងដែរ, តាមរយៈការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍, បច្ចេកវិទ្យា, ការវិនិយោគ និង អាជីវកម្មរួមគ្នា ។ ទន្ទឹមនេះ, អង្គសមាជ ក៏គួរពិនិត្យទៅ លើបណ្តាបញ្ហា ប្រឈម និង កាលានុវត្តភាព ដើម្បីរួមគ្នារិះរកនូវវិធានការល្អៗ និង ថ្មីៗ សំដៅកែលម្អ បរិយាកាសផ្តល់សេវាកម្មក្នុងទីផ្សារអចលនវត្ថុ ក្នុងប្រទេសរបស់ខ្លួន និង ក្នុង តំបន់ ឱ្យកាន់តែ ប្រសើរថែមទៀត ដែលនេះ គឺជាបុព្វលក្ខខណ្ឌរួម មិនអាចខ្វះបាន សម្រាប់ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ។

លោក អូន ព័ន្ធមុនីរ័ត្ន បានគាំទ្រ និងលើកទឹកចិត្ត ឱ្យមានការរៀបចំសមាជ សមាគមអ្នក វាយតម្លៃអាស៊ាន នៅឆ្នាំក្រោយៗទៀត ដោយឈរលើមូលដ្ឋាន នៃការពង្រឹង កិច្ចសហប្រតិបត្តិការ, ការសិក្សាស្វែងយល់ និង ការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក សំដៅពង្រឹងគុណភាព និងលើកកម្ពស់វិជ្ជាជីវៈនេះ ឱ្យកាន់តែទទួលបាន នូវជំនឿទុកចិត្តពី សាធារណជនបន្ថែមទៀត ដើម្បីទទួលបាននូវកិត្យានុភាព និងធានាបាននូវការប្រកួតប្រជែង ជាមួយបណ្តាដៃគូ ដែលប្រកបធុរកិច្ច ដូចគ្នានៅក្នុងតំបន់ ។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលសាធា រណជន កាន់តែមានជំនឿទុកចិត្ត ចំពោះគុណភាព នៃការផ្តល់សេវាកម្មរបស់អ្នកវាយតម្លៃ អចលនវត្ថុ គឺមានន័យថា អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យនេះនឹងមានតួនាទីកាន់តែសំខាន់ នៅក្នុងទីផ្សារអចលនវត្ថុ, ទាំងនៅក្នុងប្រទេសរបស់ខ្លួន និង ទាំងនៅក្នុងតំបន់អាស៊ានទាំង មូល, ហើយការប្រើប្រាស់សេវាកម្មវាយតម្លៃ ក៏កាន់តែមានការរីកចម្រើនឡើងថែមទៀត។

លោក ច្រឹក សុខនីម ប្រធានសមាគម អ្នកវាយតម្លៃ អចលនវត្ថុ អាស៊ាន និងជាប្រធាន សមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថាៈ សមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងតួអង្គសំខាន់ៗ សម្រាប់ផ្លាស់ប្តូរ បទពិសោធន៍ ពាក់ព័ន្ធនឹងទីផ្សារអចលនវត្ថុ និងស្តង់ដារ បច្ចេកទេស នៃការវាយតម្លៃអចលនវត្ថុ ក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩, ពិសេស ចូលរួមចំណែកដល់ ការរក្សានិរន្តភាពនៃសកម្មភាពទីផ្សារអចលនវត្ថុ នៅក្នុងតំបន់ ។

លោកមានទំនុកចិត្តថា ប្រធានបទ នៃការពិភាក្សាថ្ងៃនេះ មានសារៈសំខាន់ សម្រាប់សមាជ ដែលកំពុងផ្តល់សេវាកម្មវាយតម្លៃ និងចែករំលែក បទពិសោធន៍ កាលពីឆ្នាំមុន។ ជាមួយគ្នានេះ សមាជ នឹងវាយតម្លៃលើ បញ្ហាប្រឈម និងឱកាស នាពេលបច្ចុប្បន្ន ដើម្បីស្វែងរកវិធានការថ្មីៗ ដើម្បីធ្វើឱ្យល្អប្រសើរ ក្នុងការផ្តល់សេវាកម្ម ក្នុងទីផ្សារអចលន ទ្រព្យ ក្នុងប្រទេសនីមួយៗ និងក្នុងតំបន់សម្រាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ក្នុងបរិបទនេះ លោកសូមគាំទ្រ និងលើកទឹកចិត្ត សម្រាប់ការបន្ត នៃសមាជនេះ នៅឆ្នាំខាងមុខទៀត ដោយសង្កត់ធ្ងន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ និងការផ្លាស់ប្តូរ បទពិសោធន៍ ដើម្បីពង្រឹងគុណភាព និងវិជ្ជាជីវៈ ដែលជាមធ្យោបាយមួយ ដើម្បីបង្កើនទំនុកចិត្ត និងកិត្យានុភាពសាធារណៈ និងជំរុញការប្រកួតប្រជែងទីផ្សារ ក្នុងតំបន់។ ជាងនេះទៅទៀត លោកសង្ឃឹម យ៉ាងមុតមាំថា នៅពេលដែលសាធារណជន កាន់តែមានទំនុកចិត្ត លើគុណភាពសេវាកម្ម ដែលផ្តល់ដោយ អ្នកវាយតម្លៃអចលនទ្រព្យ អ្នកអាជីបក្នុងវិស័យនេះ នឹងដើរតួមាទីយ៉ាងសំខាន់ នៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក និងតំបន់ ហើយតម្រូវការលើសេវាកម្ម ដែលមានគុណភាព នឹងកើនឡើង៕/V