​ដោយៈ ប​.​ខុន / ភ្នំពេញៈ កិច្ចប្រជុំ​ក្រុមប្រឹក្សា MRC លើក​ទី​២៨ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ លើក​ទី​២៦ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​តាម​ប្រព័ន្ធ​វីដេអូ Zoom ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ Prawit Wngsuwon ឧបនាយករដ្ឋមន្ត្រី និង​ជា​សមាជិក​ក្រុមប្រឹក្សា MRC តំណាង​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​ទទួល​វេន​ជា ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ ២០២១ និង​មានការ​ចូលរួម​ពី សមាជិក​ក្រុមប្រឹក្សា MRC ថ្នាក់​រដ្ឋមន្ត្រី នៃ​ប្រទេស​ជា សមាជិក MRC បី​ផ្សេងទៀត រួមមាន ឡាវ ថៃ និង​វៀតណាម តំណាង​នៃ​ប្រទេស ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ដៃគូ​សន្ទនា (​ចិន មី​យ៉ាន់​ម៉ា​) និង​អង្គការ​តំបន់ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​នៃ​លេខា ធិ​ការដ្ឋាន MRC សរុប ចំនួន ១៤៣ រូប​។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​ប្រធាន​គណៈកម្មាធិការ ជាតិ ទន្លេមេគង្គ​កម្ពុជា និង​ជា​សមាជិក ក្រុមប្រឹក្សា​គណៈកម្មការ ទន្លេមេគង្គ (MRC) តំណាង​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ដែលមាន​សមាស​ភាពជា​មន្ត្រី តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​ក្រុមប្រឹក្សា MRC លើក​ទី​២៨ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ លើក​ទី​២៦ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ រាជធានី​ភ្នំពេញ​។

​កិច្ចប្រជុំ​ខាងលើ បាន​ពិនិត្យ ពិភាក្សា​លើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​ការងារ​របស់ MRC ឆ្នាំ​២០២១ ដោយ​ផ្តោតលើ កិច្ចសហប្រតិបត្តិការ​តំបន់​, ការលើកកម្ពស់​កិច្ច ដំណើរការ​ស្ថាប័ន និង​ការអនុវត្ត​ការងារ​, ការជ្រើសរើស​នាយក​ប្រតិបត្តិ នៃ​លេខាធិការដ្ឋាន MRC ពី​ប្រទេស​ឡាវ សម្រាប់​ឆ្នាំ ២០២២-២០២៤, ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល MRC លើក​ទី​៤ ក្នុង​ឆ្នាំ​២០២៣ ដែល​ប្រទេស​ឡាវ ជា​ម្ចាស់ផ្ទះ​, ការពង្រឹង​ប្រសិទ្ធភាព លើ​ការគ្រប់គ្រង​ការប្រើប្រាស់​ទឹក និង​ការពិនិត្យ​តាមដាន​ទន្លេ​, ស្ថានភាព​ជលសា​ស្ត្រ ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​, ផែន​ការងារ​បច្ចុប្បន្ន​ភាព របស់ MRC សម្រាប់​ឆ្នាំ​២០២២ និង​កិច្ច​ការសំខាន់ មួយចំនួនទៀត ។​

​កិច្ចប្រជុំ ក៏បាន​ពិនិត្យ អនុម័ត​លើ​វិធាន​ផ្ទៃក្នុង បច្ចុប្បន្នភាព​របស់​ក្រុមប្រឹក្សា និង​គណៈ​ក​ម្មា ធិ​ការរួម MRC និង​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វា​រី​អគ្គិសនី​ប្រកប ដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ។​

​នៅក្នុង​កិច្ចប្រជុំ ប្រទេស​ជា​សមាជិក MRC ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល ដែល MRC សម្រេចបាន ក្នុង​ឆ្នាំ​២០២១ ក្នុង​បរិបទ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​បាន​ប្តេជ្ញាចិត្ត​បន្ត ធ្វើការ​រួមគ្នា ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​អាង ឆ្នាំ​២០២១-២០២៣ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ ដើម្បី​ការគ្រប់គ្រង និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ ៕/V​