​​ដោយ៖ សុផល / ភ្នំពេញ​៖ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បន្ត​សម័យប្រជុំរ​ដ្ឋ​សភា លើក​ទី​៦ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១០៦​រូប​។ របៀបវារៈ សម័យប្រជុំ​រដ្ឋសភា នាឱកាស​នេះ មាន​ចំនួន​៧ ។​

​ចំពោះ​លទ្ធផល​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៦ នីតិកាល​ទី​៦ នាឱកាស​នេះ មាន​ដូចខាងក្រោម​៖
១- ការសម្រេច​សុពលភាព នៃ​អាណត្តិ​របស់ ឯកឧត្តម អ៊ុន ប៊ុន​ហាន ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ធំ​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អាន​នូវ សេចក្តីប្រកាស​របស់រ​ដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់​សុពលភាព នៃ​អាណត្តិ​របស់ ឯកឧត្តម អ៊ុន ប៊ុន​ហាន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ ជំនួស ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ដែល​បានទទួល​មរណភាព​។​

២- ការបោះឆ្នោត​ជ្រើសតាំង ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ រដ្ឋសភា​។​
​អង្គសភា បានធ្វើការ​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ រដ្ឋសភា ដោយ​ទទួលបាន​សំឡេង ព្រម ចំនួន ១០៧​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​។​

៣- អង្គសភា​បាន​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ឈាង វុន ជា​សមាជិក គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា និង​ឯកឧត្តម ជៀប ស៊ី​វន ជា​សមាជិក គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដោយមាន​លទ្ធផល​ដូចតទៅ​៖

-​ឯកឧត្តម ឈាង វុន ជា​សមាជិក​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ដោយ​ទទួលបាន​សំឡេង ព្រម ចំនួន ១០៦​សំឡេង នៃ​ចំនួន​សមាជិក រដ្ឋសភា​ទាំងមូល​។​
-​ឯកឧត្តម ជៀប ស៊ី​វន ជា​សមាជិក​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដោយ​ទទួលបាន​សំឡេង ព្រម ចំនួន ១០៦​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​។​

​បន្ទាប់ពី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស​នូវ​លទ្ធផល រួចមក គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម និង​គណៈកម្មការ​កិច្ច ការបរទេស សហ​ប្រតិ​-​ប​ត្តិ​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បានធ្វើការ ប្រជុំ​គណៈកម្មការ​រៀងៗ​ខ្លួន ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង ប្រធាន អនុប្រធាន និង​លេខាធិការ​ថ្មី​ជំនួស ដែលមាន​លទ្ធផល​ដូចតទៅ​៖

១- ឯកឧត្តម ឈាង វុន ត្រូវបាន​ជាប់ឆ្នោត ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​។​
២- ឯកឧត្តម សួស យ៉ា​រ៉ា ត្រូវបាន​ជាប់ឆ្នោត ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​
៣- ឯកឧត្តម នឹម ច័ន្ទ​តារា ត្រូវបាន​ជាប់ឆ្នោត ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​
៤- ឯកឧត្តម ទី សុគន្ធ ត្រូវបាន​ជាប់ឆ្នោត ជា​លេខាធិការ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​។​

​របៀបវារៈ​ទី​៤- អង្គសភា​បានធ្វើការ​បោះឆ្នោត​ទុកចិត្ត លោកជំទាវ សោម គីម​សួគ៌ ជា​អគ្គសវនករ ឯកឧត្តម សួន សិទ្ធី ជា​អគ្គសវនកររង ឯកឧត្តម អ៊ុក សារា​វុ​ធ ជា​អគ្គសវនកររង សម្រាប់​បន្ត​អាណត្តិ​ថ្មី ៥(​ប្រាំ​)​ឆ្នាំ ដោយ​ទទួលបាន​លទ្ធផល​សំឡេង ព្រម ចំនួន ១០៤​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​។​

​របៀបវារៈ​៥- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​។​សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា ។​លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់​។ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។ អង្គសភា​បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន ១០៤​សំឡេង​។​

​របៀបវារៈ​ទី​៦- សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២២​។ សេចក្តីព្រាងច្បាប់​នេះ មាន ៥​ជំពូក និង​១៤​មាត្រា​។​ឯកឧត្តម ឈាង វុន ប្រធាន​គណៈ កម្ម​ការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។ អង្គសភា បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន ១០៤​សំឡេង​។​

 

​ចំណែក​របៀបវារៈ​ទី​៧- សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០​។​សេចក្តីព្រាងច្បាប់​នេះ មាន ៣​ជំពូក និង​២២​មាត្រា​។ ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់​។ ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។ សមាជិក​រដ្ឋសភា ដែល​ឡើង​មានមតិ ក្នុងការ​ពិភាក្សា សេចក្តីព្រាងច្បាប់​នេះ មាន ឯកឧត្តម ងួន សុជាតិ​។ អង្គសភា​បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន ៩៩​សំឡេង​។​

​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ បាន​ផ្អាក​នៅវេលា​ម៉ោង ១៤:៤៧​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​។ សម័យប្រជុំ​រដ្ឋសភា​ប​ន្ត នឹង​ជម្រាប​ជូនដំណឹង​នៅពេល​ក្រោយ​៕/V​