​ដោយៈ មេសា / ភ្នំពេញៈ ផ្ទះ​ថ្មី​១​ខ្នង ធ្វើ​អំពី​ថ្ម​ប្រក​ស័ង្កសី ទំហំ ៤ ម៉ែត្រ គុណ​នឹង ៦ ម៉ែត្រ ត្រូវបាន​មូលនិធិ​ជនពិការ ប្រគល់ជូន​ជនពិការ​ក្រីក្រ ១​គ្រួសារ ឈ្មោះ នួន ណាវី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជា​ជនពិការ​ជើង​ស្តាំ និង សតិបញ្ញា ដែល​រស់នៅ​ភូមិ​ម្រិញ ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៥ ខែ​វិច្ចិកា ឆ្នាំ​២០២១ ដែល​ពិធី​ប្រគល់ និង​ទទួល​នោះ ក្រោម​អធិបតី​របស់លោក ស៊ឹម សុធន នាយក​មូលនិធិ​ជនពិការ ដោយមាន​ការចូលរួម ជា​កិត្តិយស​របស់លោក ទូច វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តកំពង់ចាម លោក ជា បញ្ញា អភិបាលរង​ស្រុក​ព្រៃឈរ និង​មន្ត្រី​មូលដ្ឋាន ជាច្រើនរូប​ទៀត​។​

​របាយការណ៍​របស់​អា​ជ្ញា​ធរ​ឃុំ បានឱ្យដឹងថា ជនពិការ​ខាងលើ រស់នៅ​ជាមួយ​កូន ចំនួន ២​នាក់ ដែល​ក្នុងនោះ កូនប្រុស​ម្នាក់ ជា​ជនពិការ​សតិបញ្ញា​ដែរ ដោយ​ប្រភព​ចំណូល គឺ​ពឹងផ្អែក​ទាំងស្រុង លើ​កូនស្រី​របស់គាត់ ជា​កម្មការិនី​រោងចក្រ មួយកន្លែង​។ មុននឹង​ទទួលបាន​ផ្ទះ​នេះ គាត់​មានផ្ទះ​ចាស់​ទ្រុឌទ្រោម​មួយ ប៉ុន្តែ​ជា​អកុសល ត្រូវបាន​ដួលរលំ ដោយសារ​ខ្យល់​កន្ត្រាក់ ហើយ​គ្រួសារ​គាត់ បាន​ទៅ​ស្នាក់នៅ​ជាមួយ​បងប្អូន ដែល​នៅ​ជិត​ផ្ទះ​របស់គាត់​បណ្តោះអាសន្ន​។ គឺ​ដោយ​ឃើញ​ទុក្ខលំបាក​របស់​គ្រួសារ​លោកស្រី នួន ណាវី នោះ​ហើយ ទើប​អាជ្ញាធរ​បាន​ទំនាក់ទំនង ទៅ​សាខា​មូលនិធិ​ជនពិការ ខេត្តកំពង់ចាម ដើម្បី សុំ​ការគាំទ្រ​នានា ដល់​គ្រួសារ​ជនពិការ​មួយ​នោះ ។

តាមរយៈ​ការសម្របសម្រួល ពី​សាខា​មូលនិធិ​ជនពិការ ខេត្តកំពង់ចាម និង​មាន​ការយក ចិត្ត​ទុកដាក់ ពី​លោក ស៊ឹម សុធន នាយក​មូលនិធិ​ជនពិការ ឃើញថា ជនពិការ​ខាងលើ ទទួល​បានការ​គាំពារ ពិតប្រាកដ​ក​មែន ដូច​អ្វី​ដែលមាន​ក្នុងថ្ងៃនេះ គឺ​គ្រួសារ​គាត់​ទទួល បាន​ផ្ទះ ១ ខ្នង​ពី​មូលនិធិ​ជនពិការ​។

​លោក ជា បញ្ញា អភិបាលរង​ស្រុក​ព្រៃឈរ បាន​លើកឡើងថា ក្នុងនាម​អាជ្ញាធរ​ស្រុក លោក​ពិត ជាមាន​សេចក្តីសោមនស្ស​រីករាយ ដែល​មូលនិធិ​ជនពិការ បាន​សាង​សង់ផ្ទះ ជូន​ជនពិការ​ក្រីក្រ នៅ​ស្រុក​ព្រៃឈរ នេះ ដែល​បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​សុខុមាលភាព របស់​ក្រុមគ្រួសារ​គាត់​។​

​លោក ស៊ឹម សុធន នាយក​មូលនិធិ​ជនពិការ បាន​ថ្លែងថា ជា​ការណ៍​ពិតណាស់ កម្មវិធី​សាងសង់​ផ្ទះ ជូន​ជនពិការ​ក្រីក្រ តាម​សហគមន៍ នេះ ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង លើកកម្ពស់​សុខុមាលភាព និង​គុណភាព​ជីវិត របស់​ជនពិការ​ក្រីក្រ ក៏ដូចជា ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា ផងដែរ​។​

​លោកនាយក ក៏បាន​ផ្តាំផ្ញើរ​ដល់​គ្រួសារ​ជនពិការ សូម​ចូលរួម​ថែរក្សា​ផ្ទះ​ថ្មី​នេះ ឱ្យបាន​គង់វង្ស យូរអង្វែង និង​សូម​ថែរក្សា​សុខភាព ចៀស​ផុតពី​ជំងឺឆ្លង​ទាំងឡាយ​។

​ក្នុង​ពិធី​នោះដែរ មូលនិធិ​ជនពិការ ក៏បានផ្តល់​ជូន​នូវ​អំណោយ សប្បុរសធម៌​របស់ មូលនិធិ​ជនពិការ សម្រាប់​ផ្តល់ជូន​ដល់​គ្រួសារ ដែល​ទទួលបាន​ផ្ទះ​ថ្មី នូវ​ថវិកា អង្ករ ត្រីខ ទឹក​ស៊ីវ​អ៊ីវ ទឹកត្រី អំបិល និង​មី ផងដែរ ។ ជាមួយគ្នានេះ សាខា​កាកបាទក្រហម​ស្រុក តាមរយៈ​លោក​អភិបាលរង ស្រុក​ព្រៃឈរ ក៏បាន​ឧបត្ថម្ភ​ដល់ ជនពិការ ខាងលើនេះ ផងដែរ នូវ​គ្រឿង​ឧបភោគបរិភោគ មួយចំនួនទៀត ។​

​សូមជម្រាបថា គិតពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ មូលនិធិ​ជនពិការ បាន​សាង​សង់ផ្ទះ​ចំនួន ២៩ ខ្នង និង​បាន​ប្រគល់ជូន​ជនពិការ​ក្រីក្រ ជា​បន្តបន្ទាប់ ហើយ​ផ្ទះ​ដែល​ត្រូវ​បានប្រគល់ ជូន​ដល់​ជនពិការ​នៅថ្ងៃនេះ គឺជា​ផ្ទះ​ខ្នង​ទី ២២ ៕/V