ដោយ៖តារារិទ្ធ/ភ្នំពេញ៖មេដឹកនាំកំពូលៗសហគមន៍អឺរ៉ុបបានសម្តែងនូវការអរគុណនិងកោតសរសើរកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើក ទី១៣នេះទោះបីប្រព្រឹត្ត ទៅតាមប្រព័ន្ធវិដេអូក៏ដោយ។លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងជាអ្នកសម្របសម្រួលប្រចាំសហគមន៍ អ៊ឺរ៉ុបនិងលោកស្រី Ursula von der Leyen ប្រធាន គណៈកម្មការអឺរ៉ុប បានអបអរសាទេរកម្ពុជាដែលបានរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានល្អប្រសើរនិងប្រកបដោយជោគជ័យនៅពេលនេះ។

លោក Charles Michel បានអះអាងថាកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅពេលនេះបើទោះបីធ្វើឡើងតាមប្រព័ន្ធវីដេអូក៏ដោយក៏វាមានសារៈសំខាន់ក្នុងការកត់ត្រានូវអ្វីដែលបានសម្រេ ចនាពេលកន្លងមកនិងកំណត់ទិសដៅទៅពេលអនាគត ។ កិច្ចប្រជុំASEMនេះគឺជាវេទិកាតែមួយគត់សម្រាប់សន្ទនានយោ បាយរវាងថ្នាក់ដឹកនាំនៃប្រទេសនៅអាស៊ី និងអឺរ៉ុប អ្នករៀបចំគោលនយោបាយ ធុរជន អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ។

ដោយឡែកលោកស្រី Ursula von der Leyen បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះចំពោះការខិតខំរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើក ទី១៣ នាពេលនេះ, ជាមួយគ្នាបានកត់សម្គាល់ថានៅក្នុងរយៈពេល ២៥ឆ្នាំមកនេះកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានជួយដល់ថ្នាក់ដឹកនាំនៅតំបន់អាស៊ីនិងអឺរ៉ុបដោះស្រាយបាននូវបញ្ហាប្រឈមនានាក្នុង ពេលបច្ចុប្បន្ននេះ។លោកស្រីរំពឹងថានៅឆ្នាំខាងមុខភាពជាដៃគូនៃអាស៊ី-អឺរ៉ុបនេះនឹងកាន់តែមានសារសំខាន់ចំពោះដំណើរការងើបឡើងវិញពីការរីករាលដាលនៃជំងឺ កូវីដ ១៩ និងការកសាងឡើងវិញនូវពិភពលោកមួយដែលមានសមភាពកាន់តែធំជាងមុននិងពង្រឹងពហុភាគីនិយម។

គួររំលឹកថាបន្ទាប់ពីការរស់នៅអស់រយៈពេលជិត ២ ឆ្នាំក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន មកលើអាយុជីវិតប្រជាជន និងសង្គម-សេដ្ឋកិច្ច ។ កម្ពុជានៅតែអាចរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានទោះបីស្ថិតក្នុងទម្រង់ជាការជួបប្រជុំតាមប្រព័ន្ធវីដេអូក៏ដោយស្របពេលដែលព្រំដែន របស់ប្រទេសនិមួយៗបានបើកឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ខណៈដែលទាំងអស់គ្នាខិតខំប្រឹងប្រែងស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាលនៃការរស់នៅជា មួយជំងឺកូវីដ-១៩ មូលបទដែលបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី ១៣ នេះពោលគឺ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា”កាន់តែមានសុពល ភាពនិងភាពសមស្របជាងពេលណាៗទាំងអស់ ។ ជាការពិតនៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ -១៩ ពិតជាមានសេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀតនូវភាព ជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយដែលនឹងនាំមកនូវកំណើនជាសកលមិនត្រឹមតែមាន”ចីរភាព”ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមាន”ការចែក រំលែក ” ផងដែរ ។

ចាប់តាំងពីកម្ពុជាបានចូលរួមនៅក្នុងដំណើរការASEM នៅឆ្នាំ២០០៤ កម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះដំណើរការនៃកិច្ចប្រជុំកំពូលនេះ ។ ការរក្សាសន្ទះនៃដំណើរការ ASEM ពិតជាមានសារសំខាន់កាន់តែខ្លាំងឡើងនៅក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩នាបច្ចុប្បន្ននេះ។ជាក់ស្តែងកាលពីខែកញ្ញាឆ្នាំ ២០២០កន្លងទៅយើងបានអនុម័តសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រី ASEM ស្តីពីជំងឺកូវីដ-១៩ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងកិច្ចសហការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ទន្ទឹមនេះដែរដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាបានចេញផ្សាយសៀវភៅស្រាវជ្រាវគាំទ្រដល់កិច្ច ប្រជុំ ASEM លើកទី ១៣ ក្រោមចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣៖កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ ចីរភាព និងផ្អែកលើវិធានច្បាប់សម្រាប់ ASEM” ដែលជាចំណែកមួយនៃការផ្តល់ទស្សនាទានដល់ដំណើរការ ASEM ។ កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍អមចំនួន ៦បន្ថែមទៀតក្រោម កិច្ចសហការជា មួយដៃគូ ASEM ទាំងអស់និងមូលនិធិអាស៊ី-អឺរ៉ុប ផងដែរ ។

សូមជម្រាបជូនថាការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នេះគឺជាលើកទី១ហើយសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលតាំងពីឆ្នាំ ២០០៤ ។ កិច្ចប្រជុំ អាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ហើយវាបានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនងនិងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប៕