ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​នៃ គណៈ​អភិបាល រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំងអស់ ពិសេស អាជ្ញាធរ​ខណ្ឌ ដែលមាន​ភូមិសាស្ត្រ និង​មូលដ្ឋាន នៅតាម​ដង​ទន្លេ ត្រូវមាន​វិធានការ អោយបាន​ម៉ឺងម៉ាត់ លើ​ការរៀបចំ​សណ្ដាប់ធ្នាប់ នៅតាម​ដង​ទន្លេ ឱ្យបាន​ល្អប្រសើរ មួយកម្រិត​ថែមទៀត ស្របពេល​ដែល​យើង បាន​បើក​ប្រទេស​ឲ្យ ប្រក្រតី​ឡើងវិញ ។

​ដោយឡែក ពាក់ព័ន្ធ​នឹង​ការរៀបចំ សណ្ដាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ ក៏​ជា​បញ្ហា​ដែល ត្រូវ​យកចិត្តទុកដាក់ និង​រៀបចំ​អោយបាន​ល្អ ប្រសើរ​ផងដែរ​។​

​ការជំរុញ និង​ណែនាំ​បែបនេះ របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ កងកម្លាំងប្រដាប់អាវុធ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ ពាក់ព័ន្ធ​មួយចំនួនទៀត នា​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា ២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ លើកឡើងថាៈ ចំពោះ​ចំណាត់ការ នៃ​ការរៀបចំ សណ្ដាប់ធ្នាប់ នៅតាម​ដង​ទន្លេ នាពេល​កន្លងមក គឺ​ពិតជា​ទទួលបាន នូវ​ការកោតសរសើរ ពី​សំណាក់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និង​ទទួលបាន​ការកោតសរសើ​រ​ពី​អន្តរជាតិ ផងដែរ​។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ ឲ្យ​បាន​ម៉ត់ចត់ លើ​ការ​ទប់ ស្កាត់ ធ្វើយ៉ាងណា កុំឱ្យ​ផ្ទះ​បណ្ដែត​ទឹក សំណង់​មិន​រៀបរយ តាម​ដង​ទន្លេ​នេះ​កើត​ឡើងវិញ​។ អាជ្ញាធរ​ខណ្ឌ ត្រូវតែ​យកចិត្តទុកដាក់ នឹង​ចុះ​ពិនិត្យ​ជាប្រចាំ នៅតាម​ដង​ទន្លេ នៅក្នុង​មូលដ្ឋាន របស់ខ្លួន ដោយ​មិន​ឲ្យ​មាន​ការកើត​ឡើងវិញ នូវ​សំណង់​មិន​រៀបរយ តាម​ដង​ទន្លេ​នេះឡើយ​។​

​លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់ទៀតថាៈ ការអនុវត្ត​ការងារ លើ​ការរៀបចំ​សណ្ដាប់ធ្នាប់ តាម​ដង​ទន្លេ ទទួលបាន​នូវ​ភាពជោគជ័យ​នេះ គឺ​ពិតជា​មានការ​ចូលរួម ពី​បងប្អូន​ប្រជាពលរដ្ឋ និង​ការខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​របស់​យើង ។ ដូច្នេះ​លោក​ស្នើ​ឲ្យ​យើង បន្ត​កិច្ចការងារ នេះ ឲ្យ​បាន​ប្រសើរ​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ដង​ទន្លេ​របស់​យើង មាន​សណ្តាប់ធ្នាប់ របៀប​រៀប និង​មាន​បរិស្ថាន​ល្អប្រសើរ​។​

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថាៈ ការរៀបចំ​សណ្ដាប់ធ្នាប់ នៅតាម​ដង​ទន្លេ គឺជា​ផ្នែក​មួយ​ហើយ ប៉ុន្តែ​ការរៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ គឺជា​រឿង មួយទៀត ដែល​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត ធ្វើយ៉ាងណា អោយ​ការរៀបចំ សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ឲ្យ​មាន​សោភ័ណភាព​ល្អប្រសើរ សមជា​រាជធានី​ភ្នំពេញ ដែលជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V​