ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង រាជធានី​ភ្នំពេញ បាន​ជូនដំណឹង ដល់​បេក្ខជន ទាំង​ពីរភេទ ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង ចូល​បម្រើ​ការងារ នៅក្នុង​ក្របខណ្ឌ មន្ត្រីរាជការ​ស៊ីវិល ដើម្បី​ទៅ​បម្រើ​ការងារ នៅ​អង្គភាព​នានា ចំណុះ​រដ្ឋបាល រាជធានី​ភ្នំពេញ (​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្របខណ្ឌ​មន្ត្រី​ក្រមការ និង​ក្របខណ្ឌ លេខាធិការ​រដ្ឋបាល​) ថា កាលបរិច្ឆេទ នៃ​ការប្រឡង នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សេចក្តីជូនដំណឹង​ដដែល បានបញ្ជាក់​ថាៈ ការប្រឡង​នេះ នឹង​រៀបចំឡើង​នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមាន​ទីតាំង ស្ថិតនៅលើ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បេក្ខជន អាច​ពិនិត្យមើល ឈ្មោះ លេខ​តុ និង​លេខ​បន្ទប់ ក្នុង​បញ្ជីរាយនាម​បេក្ខជន ដែល​នឹង​បិទ​ផ្សាយ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០ នាទី​ព្រឹក នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក​។​

​បេក្ខជន​ទាំងពីរ​ភេទ ត្រូវ​រួសរាន់ ទៅ​មណ្ឌល​ប្រឡង ដើម្បី​អនុវត្ត​វិធានការ សុខាភិបាល ដោយ​ត្រូវ​វាស់​កំដៅ ពាក់​ម៉ាស​គ្រប់ពេល (​លើកលែង​ពេល​មន្ត្រី​អនុរក្ស ស្នើសុំ​ឱ្យ​ដោះ ម៉ាស​) រក្សា​គម្លាត​សុវត្ថិភាព លាងដៃ​ជាមួយ​អាល់កុល បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ​លិខិតបញ្ជាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មុន​ចូលក្នុង​បរិវេណ មណ្ឌល​ប្រឡង​។

​ក្នុងករណី​ពុំមាន​បណ្ណ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ​លិខិតបញ្ជាក់ បាន​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង រាជធានី​ភ្នំពេញ ពុំ​អនុញ្ញាត​ឱ្យចូល ក្នុង​មណ្ឌល ដើម្បី​ប្រឡង​ឡើយ​។​

​ចំពោះ​ព័ត៌មាន​ផ្សេងៗ​ទៀត បេក្ខជន អាច​ទំនាក់ទំនង បាន​ទៅតាម​ទីកន្លែង ដែល​បានដាក់ ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​៕/V​