ភ្នំពេញៈ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថាតួនាទីរបស់កម្ពុជាជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺជាមោទនភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសតូច ក៏ប៉ុន្តែទទួលនូវភារកិច្ចដ៏ធំសម្រាប់តំបន់ និងពិភពលោក។ តាមរយៈនេះ កម្ពុជាអាចទាញបាននូវផលប្រយោជន៍ច្រើន ក៏ដូចជាតំបន់ទាំងមូល។ ពីព្រោះអ្វីដែលជាមូលបទស្នូលសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅពេលនេះ គឺផ្តោតទៅលើពហុភាគីនិយមដើម្បីកំណើនរួមគ្នា។ ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជម្រុញគោលការណ៍ពហុភាគីនិយមក្នុងការចូលរួមយ៉ាងសកម្មដែលអាចធ្វើទៅបានរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នាជាសកល និងបញ្ហាដែលកំពុងលេចឡើង។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះថា តួនាទីរបស់កម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៥ -២៦ខែវិច្ឆិកាឆ្នាំ២០២១គឺជាមោទនភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសតូចក៏ប៉ុន្តែទទួលនូវភារកិច្ចដ៏ធំសម្រាប់តំបន់និងពិភពលោក។តួនាទីជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺបង្ហាញឲ្យឃើញពីសមត្ថភាពរបស់កម្ពុជាទាំងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា សមត្ថភាពស្ថាប័ន និងបង្ហាញពីតួនាទីលេចធ្លោររបស់កម្ពុជានៅក្នុងកិច្ចតំបន់ និងអន្តរជាតិ។ ពីព្រោះយើងឃើញថា យន្តការ ASEM នេះ គឺជាយន្តការដ៏ធំ ដែលជជំនួបដ៏ធំអន្តរទ្វីប គឺរវាងមេដឹកនាំនៃទ្វីបអឺរ៉ុប និងអាស៊ីផង រួមបញ្ចូលគ្នាចំនួន ៥១ប្រទេសបូកជាមួយនឹងសហភាពអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ានផង រហូតដល់ទៅ ៥៣ប្រទេសនិងស្ថាប័ន ដែលគេហៅថា វេទិកាអន្តររដ្ឋាភិបាលដ៏ធំមួយដែលរួមគ្នាដោះស្រាយ។ ហើយតាមរយៈនេះ យើងអាចទាញបាននូវផលប្រយោជន៍ច្រើនជាផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាក៏ដូចជាតំបន់ទាំងមូល។ ពីព្រោះយើងឃើញថា អ្វីដែលជាមូលបទស្នូលសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅពេលនេះ គឺផ្តោតទៅលើពហុភាគីនិយមដើម្បីកំណើនរួមគ្នា។
លោក គិន ភា បានបន្តថា នៅក្នុងឋានៈជាប្រទេសតូចមានការអភិវឌ្ឍន៍នៅមានកម្រិតនៅឡើយ កម្ពុជាអាចប្រើប្រាស់វេទិកា ASEM នេះ ដើម្បីទទួលបាននូវផលប្រយោជន៍ក្នុងក្របខណ្ឌពហុភាគី។ ប្រទេសតូចៗជាទូទៅគឺយើងប្រើប្រាស់យន្តការពហុភាគីដើម្បីការពារផលប្រយោជន៍របស់ខ្លួនបញ្ជៀសនូវហានិភ័យខាងភូមិសាស្ត្រនយោបាយ។ ចំណុចមួយទៀតតួនាទីជាម្ចាស់របស់កម្ពុជានេះ គឺធ្វើឲ្យកម្ពុជាអាចបង្ហាញពីសមត្ថភាពក្នុងការរៀបចំនូវព្រឹត្តិការណ៍ដ៏ធំបែបនេះ បង្ហាញអំពីសក្តានុពលនៃការវិនិយោគ សក្តានុពលលើវិស័យទេសចរណ៍ ហើយក៏បង្ហាញអំពីសុខសន្តិភាពដែលកម្ពុជាមាន។ តួនាទីស្មើមុខស្មើមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលនេះគឺជារឿងមួយដែលសំខាន់សម្រាប់កិច្ចប្រជុំកំពូល ASEM នេះ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តទៀតថា ចំណុចដែលលេចធ្លោរមួយទៀត គឺការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣នេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជម្រុញគោលការណ៍ពហុភាគីនិយមក្នុងការចូលរួមយ៉ាងសកម្មដែលអាចធ្វើទៅបានរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នាជាសកល និងបញ្ហាដែលកំពុងលេចឡើង ហើយបញ្ហាដែលឃើញថា លេចធ្លោរនៅក្នុងតំបន់ក៏ដូចជាពិភពលោកបច្ចុប្បន្ននេះ គឺបញ្ហាកូវីដ១៩ គឺជាបញ្ហារួមជាសកល ជាវិបត្តិសុខភាពសាធារណៈ ហើយក៏ប៉ះពាល់ជាអវិជ្ជមានចំពោះវិស័យជាច្រើននៃពិភពលោកទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសង្គម គឺធ្វើឲ្យមនុស្សជាច្រើនលាននាក់រងផលប៉ះពាល់។ ដូច្នេះការជជែកគ្នាជាការដោះស្រាយវិបត្តិ និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្នុងដំណាក់កាលកូវីដ និងក្រោយកូវីដនេះ គឺជារឿងមួយដែលត្រូវយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំទាំងអស់របស់ ASEM។
លោកគិនភាបានលើកឡើងថាមានបញ្ហាច្រើនដែលកំពុងតែលេចឡើងជាការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក បញ្ហាអាកាសធាតុ ការកើនកំដៅនៃពិភពលោក បម្រែប្រួលអាកាសធាតុជាដើម។ បញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងបញ្ហាមីយ៉ាន់ម៉ាក៏សុទ្ធតែជារឿងក្តៅដែលតំបន់ទាំងមូលយកចិត្តទុកដាក់ទៅលើបញ្ហាទាំងអស់នេះ ហើយឃើញសម្ព័ន្ធមិត្តត្រីភាគី គឺអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក រួមទាំងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកវាសុទ្ធតែជាបញ្ហាដែលអាចលេចឡើងដែលចោទ ហើយដែលមេដឹកនាំ ASEM ចាំបាច់ត្រូវតែយកចិត្តទុកដាក់ពិនិត្យពិចារណាក្នុងការរកបាននូវដំណោះស្រាយមួយដែលធ្វើឲ្យពិភពលោកមានសន្តិភាព មានស្ថិរភាព មានវិបុលភាព និងបរិយាបន្ន។ អ្វីដែលកម្ពុជាចង់បានបំផុតក្នុងឋានៈជារដ្ឋតូច នៅក្នុងការប្រើប្រាស់យន្តការពហុភាគីនេះ គឺកម្ពុជាតែងតែប្រាថ្នាចង់បាននូវសុខសន្តិភាព ស្ថិរភាពតំបន់ វិបុលភាព និងបរិយាបន្នហើយតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ពហុភាគីនិយមនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងតែលេចឡើងនៅក្នុងពិភពលោក៕ ដោយៈ ពលជ័យ(ប្រភពAMS)