ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ប៉ូ​លីន តា​មេ​ស៊ី​ស (Pauline Tamesis) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ និង​ជា​ប្រធាន​អង្គការយូអិនឌីភី( UNDP) ប្រចាំ​កម្ពុជានៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​។​

​បើតាម​លោក កត្តា អ៊​ន សមាជិក និង​ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានឱ្យដឹងថា​ក្នុងជំនួប​ពិភាក្សា​នោះ លោក កែវ រ៉េមី បានលើកឡើង​អំពី​វឌ្ឍនភាព និង​ផែនការ​សកម្មភាព​នៃរ​បាយ​ការណ៍ UPR (Universal Periodic Review) ពាក់កណ្តាល​អាណត្តិ ដំណើរការ​នៃ​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​នៅ​កម្ពុជា និង​ទំនាក់ទំនង​នៃ​អនុសាសន៍ UPR ជាមួយនឹង​សេចក្ដី​សង្កេត​សន្និដ្ឋាន​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ស្ត្រី (CEDAW)​។​

​លោកស្រី ប៉ូ​លីន តា​មេ​ស៊ី បាន​សម្តែង​ការកោតសរសើរ​ចំពោះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុង​កិច្ចសហការ​ជាមួយ​អង្គការសហប្រជាជាតិ កន្លងមក ហើយ​បង្ហាញ​ជំហរ​ក្នុង​ការបន្ត​គាំទ្រ​ដល់​សកម្មភាព​ការងារ​របស់ គ​.​ស​.​ម​.​ក​. និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​ក្នុង​ការងារ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។​

​លោកស្រី ប៉ូ​លីន តា​មេ​ស៊ី​ស បាន​បញ្ជាក់ថា​៖​លោកស្រី​បាន​គាំទ្រ​លើ​សេចក្តីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ និង​គាំទ្រ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​នេះ​ឱ្យបាន​បញ្ចប់​ការប្រមូល​ធាតុ​ចូល ហើយ​សង្ឃឹមថា​សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​អនុម័ត​ពីស​ភា​នៅពេល​ខាងមុខ​។

​លោកស្រី​ក៏បាន​សម្តែង​នូវ​ជំហរ​គាំទ្រ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក្នុងការ​សហ​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​លើ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ នៃ​ការពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ដោយ​លោកស្រី​នឹង​បន្ត​ជួយ​តាមរយៈ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​គាំទ្រ​នូវ​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​។ ដូច្នេះ ចំណុច​ចំនួន​២​នេះ លោកស្រី​បើកចំហរ​ក្នុង​ការជួយ​ទៅលើ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ហើយ​លោកស្រី​គាំទ្រ​ផងដែរ​ចំពោះ​ការសហការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​

​ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បាន​ជម្រាប​លោកស្រី ប៉ូ​លីន តា​មេ​ស៊ី​ស អំពី​ភាព​រីកចម្រើន​នៅក្នុង​ការអនុវត្ត​អនុសាសន៍ UPR មានន័យថា ចាប់តាំងពី​កម្ពុជា​បានទទួល​អនុសាសន៍​ចំនួន​១៧៣​មក នៅ​ខែតុលា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​សហកា​រ​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានធ្វើការ​ពិភាក្សា​លើ​អនុសាសន៍​នោះ ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​បានធ្វើការ​បែងចែក​អនុសាសន៍​ទៅកាន់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​លោក កែវ រ៉េមី បាន​បន្តថា សម្រាប់​នៅ​ខែកក្កដា ឆ្នាំ​២០២១ ដែលមាន​រយៈពេល​២​ឆ្នាំ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានចាប់ផ្តើម​ប្រមូល​អនុសាសន៍​ទាំងនោះ មក​ចងក្រង​ដើម្បីឱ្យ​ក្លាយទៅជា​របាយការណ៍ ពាក់កណ្តាល​អាណត្តិ​។​

​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ លោក កែវ រ៉េមី បានឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រគល់​ភារកិច្ច​ជូន​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅក្នុង​ការធ្វើ​សេចក្តីព្រាងច្បាប់​នេះ ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ប៉ុន្តែ រហូតមកដល់​ពេលនេះ​មិនទាន់មាន​សេចក្តីព្រាងច្បាប់​ណាមួយ​ដែល​សម្រេចបាន​ដោយ​អង្គការ​សង្គម​ស៊ីវិល​ទេ ទើប​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ប្រគល់​ភារកិច្ច​នេះ​មក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ព​ន្លឿ​ន​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​។​

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានរៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ ដោយ​សហការ​ជាមួយ​អ្នកជំនាញ​របស់​ការិយាល័យ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកជំនាញ​មកពី​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific Forum-APF) មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ដោយបាន​រៀបចំសេចក្តី​ព្រាង​ច្បាប់​មួយ ត្រឹមត្រូវ​ស្របតាម​គោលការណ៍​ទីក្រុង​ប៉ារីស ដែល​បានបញ្ចប់​សេចក្ដីព្រាង​ទី​១ កាលពី​ខែកក្កដា ឆ្នាំ​២០២១​នេះ ដែល​ក្នុង​សេចក្ដីព្រាងច្បាប់​នេះ​មាន​ចំនួន​៨​ជំពូក និង​៣២​មាត្រា​។​

​ជុំវិញ​ករណីនេះ លោក កែវ រ៉េមី បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានដាក់​ឱ្យមាន​កិច្ចពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​ចាប់ពី​ថ្នាក់​តំបន់ អន្តរជាតិ ការពិគ្រោះ​យោបល់​ផ្ទៃក្នុង​រវាង អង្គការ​សង្គម​ស៊ីវិល ហើយដោយ​ឡែក​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​ស្អែក​នេះ សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ដាក់ឱ្យ​ជ​ជែង​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​លោក កែវ រ៉េមី បានបញ្ជាក់​បន្តថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានដាក់​ឱ្យមាន​កិច្ចពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​ចាប់ពី​ថ្នាក់​តំបន់ អន្តរជាតិ ការពិគ្រោះ​យោបល់​ផ្ទៃក្នុង​រវាង អង្គការ​សង្គម​ស៊ីវិល ហើយដោយ​ឡែក​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​ស្អែក​នេះ សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ដាក់ឱ្យ​ជ​ជែង​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕​សរន