ដោយៈ បូកគោ / កំពត​: អភិបាល​ខេត្តកំពត បាន​ប្រាប់​មន្ត្រី​ជំនាញ ឱ្យមាន​កិច្ចសហការ​ល្អ ជាមួយ​អាជ្ញាធរ ផ្នែក​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដើម្បី​ព​ន្លឿ​ន​នីតិវិធី នៃ​ការវាស់វែង ឈានទៅ ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី បាន​ឆាប់រហ័ស​។ ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ ប្រៀបបាន​នឹង​ការ ជួយ​ឱ្យ​ជីវិត​រស់នៅ កាន់​តែមាន​ភាពកក់ក្តៅ​។​

​ថ្លែង​ក្នុង​ពី​ធី​ផ្សព្វផ្សាយ សេចក្ដីប្រកាស​កំណត់ តំបន់​ធ្វើ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិ​បន្ទាយមាស ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ ការចុះវាស់វែង​ដីធ្លី ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ជា​គោលនយោបាយ​មួយ របស់​រាជ​រដ្ឋ​ភិ​បាល ក្នុងការ​លើកកម្ពស់​ជី​វ​ភាព ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​។ សម្រាប់​ទស្សនៈ​របស់លោក​ផ្ទាល់ ដី​គឺជា​ជីវិត​។ ការធ្វើ​លំនៅស្ថាន​ចាំបាច់ ត្រូវតែមាន​ដី ការធ្វើ​កសិកម្ម តែងតែ​ត្រូវការ​ដី ការស្ថាបនា​ផ្លូវ មន្ទីរពេទ្យ ផ្សារ សាលារៀន សុទ្ធតែ​ត្រូវការ​ដី​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ ការចុះវាស់វែង​ដីធ្លី ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ នាពេលនេះ ពិត​ជាមាន​សារសំខាន់ ដែល​អាចជួយ​ឱ្យ​បងប្អូន ក្លាយជា​ម្ចាស់​ដី ដោយ​ស្របច្បាប់ ហើយ​អាច​ប្រើប្រាស់​ដី ឱ្យ​កាន់​តែមាន​សក្ដានុពល បំណង​សម្រួល​ដល់ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ដូច្នេះ មន្ត្រី​ជំនាញ ត្រូវ​ជួយ​ពន្យល់​ផ្សព្វផ្សាយ ណែនាំ​នីតិវិធី នៃ​ការចុះបញ្ជី​ដីធ្លី ឱ្យបាន​ច្បាស់លាស់ និង​រួមសហការ​ល្អ ជាមួយ​អាជ្ញាធរ គ្រប់ផ្នែក​ពាក់ព័ន្ធ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ព​ន្លឿ​ន​ដំណើរការ​ចុះបញ្ជី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ បាន​ឆាប់រហ័ស​។ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​វិញ សូម​បើក​ចិត្ត​ឱ្យ​ទូលាយ ដោយមាន​ក្តី​អធ្យាស្រ័យ សហការ​យោគយល់ ស្រឡាញ់​រាប់អាន និង​កុំ​ឈ្លោះ​គ្នា ព្រោះតែ​បញ្ហា​ព្រំដី​បន្តិចបន្តួច ដែល​ធ្វើឱ្យ​រាំងស្ទះ ដល់​នីតិវិធី ក្នុង​ការចេញ​ប័ណ្ណ​ជូន​។​

​លោក មួង នឿន អភិបាលស្រុក​បន្ទាយមាស បានបញ្ជាក់​ឱ្យដឹងថាៈ ការចុះបញ្ជី​ដីធ្លី​មាន លក្ខណៈ​ជា​ប្រព​ន្ធ័ ក្នុងស្រុក​បន្ទាយមាស បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៩ ដោយ​សម្រេចបាន ចំនួន​១២​ឃុំ ស្មើ​៦២​ភូមិ ស្មើនឹង ៩៧.២៦៦ ក្បាលដី​។ ក្នុងនោះ​នៅ​សេសសល់ ៣ ឃុំ និង ២៦ ភូមិ ដែល​មិនទាន់បាន​ចុះបញ្ជី​ក្បាលដី​។ តាម​ការប៉ាន់ស្មាន មាន​ប្រហែល ២៨.០០០ ក្បាលដី ដែល​ត្រូវ​វាស់វែង​បន្ត​៕/V​