​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ក្រសួង​ការពារ​ជាតិចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា​ថា​វា​មិន​មាន​ឳ​កាស​ចិន​ធ្វើ​ការស្រុះស្រួល​ទេ​អំពី​បញ្ហា​តៃវ៉ាន់​និង​សហរដ្ឋ​​អាម៉េរិក​មិនគួរ​មាន​ការយល់ច្រឡំ​ណាមួយ​អំពី​បញ្ហា​នេះ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្ក​រឿង​ជា​បន្តបន្ទាប់​លើ​បញ្ហា​នេះ​។​
​ ​
​ចិន​និយាយថា បញ្ហា​តៃវ៉ាន់​ដែល​ចិន​ចាត់ទុក​ជា​ទឹកដី​របស់​ខ្លួន ជា​បញ្ហា​រសើប​បំផុត​នៅក្នុង​ទំនាក់ទំនង​ជាមួយ​អាម៉េរិក ដែល​ជា​អ្នកគាំទ្រ​និង​ផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​ដល់​​កោះ​សេរីនិយម​នេះ​។​

​ការខ្វែងគំនិត​គ្នា​អំពី​តៃវ៉ាន់​នៅតែ​បន្ត​មាន​ក្រោយ​កិច្ចប្រជុំ​កំពូល​នៅ​ខែ​នេះ រវាង​ប្រធានាធិបតី​ចូ បៃ​ដិន និង​សម​ភាគី​ចិន ស៊ី ជីន​ភីង​។​

​លោក​ស៊ី​ធ្លាប់បាន​មានប្រសាសន៍ថា អ្នក​នៅ​កោះ​តៃវ៉ាន់​ដែល​ស្វះស្វែង​រក​ឯករាជ្យភាព និង​អ្នកគាំទ្រ​របស់គេ​នៅ​អាម៉េរិក​កំពុង​«​លលេង​ជាមួយ​ភ្លើង​»​ហើយ​។​

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​លោក វូ គៀន

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​លោក វូ គៀន បាន​និយាយថា ការ​មាន​ទំនាក់ទំនង​ល្អ​និង​ឋិតថេរ​មួយ​ជា​ការល្អ​សំរាប់​​ភាគី​ទាំងពីរ និង​ជា​អ្វីដែល​ពិភពលោក​ចង់បាន​។​ចិន​មាន​បំណង​រក្សា​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាម៉េរិក​តែ​«​មួយ​រយៈពេល​កន្លងមក ភាគី​អាម៉េរិក​បាន​​និយាយ​មិន​ទទួលខុសត្រូវ​ច្រើន​និង​ធ្វើ​ការងារ​បែប​បង្ករឿង​ច្រើន​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ប្រតិបត្តិការ​ឈ្លបយកការណ៍​ពី​យន្តហោះ​និង​នាវា​​ចម្បាំង​អាម៉េរិក​»​។​

​លោក​បាន​បន្ថែមថា ចិន​មាន​គោលការណ៍​សំរាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ តែ​មិន​ត្រូវ​រំលោភ​អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ​និង​ផលប្រយោជន៍​​ស្នូល​ឡើយ «​ជា​ពិសេស​បញ្ហា​តៃវ៉ាន់ ចិន​គ្មាន​ឳ​កាស​ធ្វើ​ការស្រុះស្រួល ហើយ​ភាគី​អាម៉េរិក​គួរ​កុំ​ភ័ន្តច្រឡំ​ណាមួយ​អំពី​រឿងនេះ​»​។​

​សារ​របស់​ក្រសួងការពារជាតិ​ចិន​នេះ​កើត​ឡើង​ក្រោយ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន កាលពី​ថ្ងៃ​ពុធ បាន​សម្តែង​ការប្រឆាំង​ការ​ដែល​អាម៉េរិក​​សំរេច​អញ្ជើញ​តៃវ៉ាន់​អោយ​ចូលរួម​ក្នុង​អ្វីដែល​គេ​ហៅថា ជំនួប​កំពូល​មេដឹកនាំ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ខែ​ធ្នូ និង​បាន​ទទូច​សុំ​អោយ​អាម៉េរិក​ឈប់​ជួយ​«​កម្លាំង​ឯករាជ្យ​​តៃវ៉ាន់​»​។​

​លោក​ថា «​នៅក្នុង​ច្បាប់​អន្តរជាតិ​តៃវ៉ាន់​មិន​មាន​ឋានៈ​ណា​ផ្សេង​ក្រៅ​តែ​ពី​ជា​ផ្នែក​របស់​ចិន​ព្រោះ​កោះ​នេះ​ជា​ផ្នែក​នៃ​ទឹកដី​ចិន​ដែល​មិន​អាច​កាត់ចេញ​បាន​។​អាម៉េរិក​គួរ​​ឈប់​ផ្តល់​វេទិកា​ណាមួយ​សំរាប់​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់​ហើយ​«​ការ​លលេង​ជាមួយ​ភ្លើង លទ្ធផល​វា​នឹង​រលាក​តែប៉ុណ្ណោះ​»៕

​លោក ចា​វ លី​ជៀន បាន​និយាយថា អាម៉េរិក​គួរ​ឈប់​ជា​បន្ទាន់​ការបង្កើន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​និង​ជៀសវាង​ការបញ្ជូន​សញ្ញា​ខុស​ណាមួយ​ទៅកាន់​កម្លាំង​និយម​ឯក​​រាជ្យ​តៃវ៉ាន់​