ដោយ: អង្គារ៍ហេង/ភ្នំពេញ: តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប និងខេត្តតាកែវ តាមរយៈការប្រើប្រាស់នូវរថយន្តមន្ទីរពិសោធន៍ចល័ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅខេត្តរបស់ខ្លួនស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងស្រុកត្រាំកក់ ខេត្តតាកែវ បានរកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១២១,៧ គីឡូក្រាម។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តមណ្ឌលគិរី ខេត្តកណ្ដាល និងរាជធានីភ្នំពេញ បបានបន្តចុះត្រួតពិនិត្យតាមស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈនៅក្នុងក្រុងសែនមនោរម្យ ស្រុកកោះធំ និងក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការពារសិទ្ធ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់។

ជាក់ស្ដែង​យោងតាមលទ្ធផលនៃការត្រួតពិនិត្យឃើញថា ដេប៉ូចំនួន ០៥មិនមានភាពអនុលោម កក្នុងចំណោមស្ថានីយ៍ និងដេប៉ូចំនួន ២៤ដែលបានត្រួតពិនិត្យ។ ក្រោយប្រតិបត្តិការចប់​មន្រ្តីជំនាញ​ ក៏បានធ្វើការពិន័យអន្តរការណ៍ដល់ម្ចាស់ទីតាំងដែលល្មើសនឹងច្បាប់ និងបានឱ្យកែតម្រូវផងដែរ៕