ដោយៈចាន់តូ/ភ្នំពេញ: កាលពីវេលាម៉ោង៣និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមកំពុងតែល្បាតក្នុងភូមិសាស្ត្រ មូលដ្ឋានរបស់ខ្លួនស្រាប់តែប្រទះឃើញជនសង្ស័យពីរនាក់កំពុងតែធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនបានម្នាក់រត់រួចម្នាក់ត្រង់ចំណុចផ្លូវ ៣៧១សូឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ម៉ៅ សំណាង ហៅអាចេក ភេទប្រុស ស្នាក់នៅម្ដុំ ស្ទឹងមានជ័យ និងមានស្រុក កំណើត នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ទៀតដែលរត់រួចមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ អ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1FB.4995 ធ្វើសកម្មភាព។

សមត្ថកិច្ចបន្តទៀតថាជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពផ្លោះរបងផ្ទះចូលឆ្កឹះសោរផ្ទះ លួចកង់និងសំភារៈផ្សេងទៀត លួចបានហើយក៏យកខ្សែលួសចងទ្វារពីខាងក្រៅ ពេលម្ចាស់ផ្ទះភ្ញាក់ទាន់បើកភ្លើងមើល ឃើញជនសង្ស័យទាំង២នាក់ក៏ផ្លោះរបងចេញមកខាងក្រៅ ។ ហើយជិះម៉ូតូចេញប្រហែលជា២០០ ម៉ែត្រ។ ឃើញផ្ទះមួយទៀត ចាក់ សោរពីក្រៅស្ងាត់ល្អក៏ធ្វើសកម្មភាព ឆ្កឹះសោរផ្ទះបម្រុងចូលលួចទ្រព្យសម្បត្តិ ខណៈ នោះសមត្ថកិច្ចអូរបែកក្អមបានល្បាតក្នុងភូមិសាស្ត្រ មូលដ្ឋានរបស់ខ្លួនប្រទះឃើញ។ ជនសង្ស័យទាំង ២នាក់នោះរត់ចោលម៉ូតូរបស់ខ្លួន សមត្ថកិច្ចដេញចាប់បានជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់រួចផ្លោះចូលទៅក្នុងរបង រត់គេចបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម និងចាត់ការតាមនីតិវិធីនៃច្បាប់៕