​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​វៀតណាម​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​បាន​កត់ត្រា​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី ១២.៤២៩​នាក់ ដោយ​កើន​លើស​ការឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​៦៤០​នាក់​និង​នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅក្នុង​​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​នៅ​រលក​ទី​៤​ចាប់ពី​ខែ​មេសា​មក​ឡើងដល់​១.១៦២.១៤១​នាក់​។​

​ទីតាំង​៣​ដែល​មាន​ការឆ្លង​ថ្មី​ច្រើនជាងគេ នៅតែ​ជា​ទីក្រុង​ហូជីមិញ ដែល​ត្រូវបាន​រកឃើញ​អ្នក​ឆ្លង​១.៥៨២​នាក់ ខេត្ត​កាន់ថឺ និង​ខេត្ត​តៃនិញ ដែល​សុទ្ធតែ​ជា​ខេត្ត​ភាគ​ខាងត្បូង​។​

​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ថែម​ក៏​កើនឡើង គឺ​១៦៤​នាក់ កើន​លើស​មួយ​ថ្ងៃមុន​៣៩​នាក់ ក្នុងនេះ​ទីក្រុង​ហូជីមិញ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ គឺ​៥៩​នាក់ បន្ទាប់​ខេត្ត​ភាគខាងត្បូង​ជាង​ដប់​ទៀត​សុទ្ធ​មាន​​អ្នក​ស្លាប់​ច្រើន​។​

​បូក​រួម​ទាំង​ចំនួន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ វៀតណាម​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩ កើន​ដល់​២៤.៤០៧​នាក់​។​

​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ខ្លួន​យ៉ាង​តិច​ម្នាក់​មួយដូ​សបាន​៦៨,៧​លាន​នាក់ និង​៤៦,១​លាន​នាក់​បាន​ចាក់​២​ដូស​។​

គោលដៅចាក់វ៉ាក់សាំងអោយដល់មនុស្សពេញវ័យទាំងអស់ត្រឹមចុងឆ្នាំ២០២១មើលទៅពិបាកសំរេចបាននៅតាមខេត្ត ដោយសារខ្វះវ៉ាក់សាំង

​មាន​សេចក្តីរាយការណ៍​ថា កម្មករ​វៀតណាម​៣​នាក់​បាន​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃ​ពុធ តែ​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​របស់​ពួកគេ​នៅ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ទេ​។​

​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​នេះដែរ ជប៉ុន​សន្យា​គាំទ្រ​វៀតណាម​ពេញទំហឹង​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​នេះ ដោយ​នាយក​រដ្ឋមន្ត្រី ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​សន្យា​នៅ​ចំពោះមុខ​សម​ភាគី​វៀតណាម ផាំ​​មិញ ជិញ​។​

​ក្នុង​កិច្ចពិភាក្សា​នៅ​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ពុធ​ជាមួយ​លោ​កជិញ លោក​គី​ស៊ី​ដា​បាន​និយាយថា ជប៉ុន​នឹង​ជួយ​វ៉ាក់សាំង​១,៥​លាន​ដូ​សទៀត​ដល់​វៀតណា​មនិ​ង​បញ្ជូន​ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ភ្លាម​​ចំ​ពេល​នាយក​រដ្ឋមន្ត្រី​វៀតណាម​ជិះ​យន្តហោះ​ត្រឡប់មក​ស្រុក​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន លោ​កជិញ​ជា​មេដឹកនាំ​ទី​១​ដែល​បាន​ទៅ​ជួប​ពិភាក្សា​ដោយផ្ទាល់​ចាប់តាំងពី​លោក​គី​ស៊ី​ដា ចូលកាន់​តំណែង​កាលពីដើម​ខែ​តុលា​។​

​ជប៉ុន​បាន​ជួយ​វ៉ាក់សាំង​ដល់​វៀតណាម​ចំនួន​៥,៦​លាន​ដូ​សមកហើយ បន្ថែម​លើ​គ្រឿង​បរិក្ខា​ពេទ្យ​និង​គ្រឿង​ផ្គត់ផ្គង់​ដទៃ​ទៀត​ទៀត​សំរាប់​ការប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​។​

​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ខាង​ការសិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ព្រមទាំង​ថ្នាំ​ព្យាបាល​កូវី​ដ​១៩៕

​ក្នុងជំនួប​នៅ​តូ​ក្យូ លោ​កជិញ​បាន​និយាយថា វៀតណាម​គិត​ថា​ជប៉ុន​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង សំខាន់​និង​អាច​ទុកចិត្តបាន​មួយ