​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា បារាំង​បាន​ចាប់ផ្តើម​ផែនការ​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ដូស​ជំរុញ​ដល់​មនុស្សពេញ​វ័យ​ទាំងអស់​ខណៈ​ប្រទេស​នេះ​ជ្រើស​យក​​ការប្រឆាំង​នឹង​ការបិទ​ខ្ទប់​ឬ​បម្រាម​គោចរ​បន្ថែមទៀត​ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​។​

​ការឆ្លង​វីរុស​កូរ៉ូណា​បានហ​ក់​ឡើង​ខ្ពស់​នៅក្នុង​ប្រទេស​បារាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​ករណី​ថ្មី​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​លើស​ពី​ខ្ទង់ ៣០.០០០​នាក់​ហើយ​ការ​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​និង​ការស្លាប់​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​កំពុង​កើនឡើង​ម្តងទៀ​ត​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​បារាំង​លោក អូ​លី​វី​យ៉េ វើរ៉ា​ន់ បាន​ដាក់ចេញ​នូវ​ផែនការ​នេះ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ក្នុងនោះ​លោក​បាន​ប្រកាស​បន្ថយ​ចន្លោះ​ពេល​រវាង​ការចាក់​ដូ​ស​ទីពីរ​និង​ទី​បី​ពី​៦​ខែ​មក​នៅត្រឹម​៥​ខែ​។ លោក​បាន​និយាយថា បារាំង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​រួច​ហើយ​ដើម្បី​ចាប់ផ្តើម​យុទ្ធនា​ចាក់ដូស​ជំរុញ​ទូទាំងប្រទេស​។​

​លោក​វើរ៉ា​ន់​ក៏បានដាក់ចេញ​នូវ​វិធានការ​មួយចំនួ​ន​ផងដែរ​ដែល​គេ​មើលឃើញថា​ជា​ការ​រឹតបន្តឹង​ការប្រើប្រាស់​ម៉ាស់​នៅតាម​ទីសាធារណៈ ហើយ​និយាយ​ថា បណ្ណ​វ៉ាក់សាំង​ដែល​គេ​ទាមទារ​ឱ្យមាន​នៅតាម​ទីកន្លែង​បិទ​ជិតខាង​ក្នុង​ភាគច្រើន​នៅ​ទូទាំង​ប្រទេស​នឹង​លែង​មាន​សុពលភាព ប្រសិនបើ​មនុស្ស​មិន​បាន​ចាក់ដូស​ជំរុញ​នៅ​ប្រាំពីរ​ខែ​នៃ​ដូសទី​ពីរ​។​

​លោក​បាន​និយាយថា​មាន​មនុស្ស​មិនទាន់​ចាក់​វ៉ាក់សាំង​ច្រើនជាង​១០​ដង​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​សារ​វីរុស​កូរ៉ូ​ណា​ធៀប​នឹង​អ្នកចាក់​វ៉ាក់សាំង ហើយ​លោក​បាន​បន្ថែមថា បើ​គ្មាន​វ៉ាក់សាំង​ទេ ប្រទេស​ច្បាស់​ជា​កំពុង​បិទ​ខ្ទប់​រួច​ទៅ​ហើយ​ឥឡូវនេះ​។​

​ជាង ៨៩ ភាគរយ​នៃ​មនុស្សពេញវ័យ​ជនជាតិ​បារាំង​ត្រូវបាន​ចាក់​វ៉ាក់សាំង ប៉ុន្តែ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​បាន​ចាក់​វ៉ាក់សាំង​តាំងពី​ដើម​ឆ្នាំ ហើយ​ដូច្នេះ​ភាពស៊ាំ​ត្រូវគេ​ជឿ​ថា​បាន​ធ្លាក់ចុះ​អស់​ទៅហើយ​។ កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ​មិន​ទាន់​ទទួលបាន​វ៉ាក់សាំង​នៅឡើយ​ទេ​នៅក្នុង​ប្រទេស​បារាំង ទោះបីជា​រឿងនេះ​អាច​ផ្លាស់ប្តូរ​បន្ទាប់ពី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានអនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង Pfizer សម្រាប់​ក្មេង​អាយុ ៥-១១ ឆ្នាំ​ក៏​ដោយ​៕

រដ្ឋ​មន្ត្រី​សុខាភិបាល​បារាំង​លោក អូ​លី​វី​យ៉េ វើរ៉ា​ន់