​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា​ថា បុគ្គលិក​សុខាភិបាល​មួយ​ភាគ​បួន​នៅក្នុង​ទ្វីបអាហ្វ្រិក​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ពេញលេញ​ប្រឆាំង​នឹង​កូវី​ដ​១៩ ដោយ​ព្រមាន​ថា​ភាគច្រើន​នៃ​កម្លាំង​ពេទ្យ​ជួរមុខ​របស់​ទ្វីប​នេះ​កំពុង​ប្រឈម​ឆ្លង​មេរោគ​យ៉ាង​គ្រោះថ្នាក់​បំផុត​។​

​ផ្ទុយទៅវិញ ការសិក្សា​ថ្មីៗ​នេះ​លើ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​លើសលប់​ចំនួន ២២ បានបង្ហាញ​ថា​ជាង ៨០ ភាគរយ​នៃ​បុគ្គលិក​ថែទាំ​សុខភាព​នៅ​ទីនោះ​បាន​ចាក់​ថ្នាំ​បង្ការ​ពេញលេញ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា នេះ​បើ​យោងតាម WHO​។​

​បន្ទាប់​ពី​លាតត្រដាង​ថា​បុគ្គលិក​សុខាភិបាល​ត្រឹមតែ ២៧ ភាគរយ​នៅ​ទ្វីប​នេះ​បាន​ចាក់​វ៉ាក់សាំង លោក ម៉ាត់​ស៊ី​ហ៊ី​ឌី​សូ ម៉ូ​អេ​ទី នាយក WHO ប្រចាំ​ទ្វីបអាហ្វ្រិក បាន​និយាយថា “​បុគ្គលិក​សុខាភិបាល​ភាគច្រើន​នៅ​ទ្វីបអាហ្វ្រិក​នៅតែ​ខកខាន​ការចាក់​វ៉ាក់សាំង ហើយ​នៅតែ​ប្រឈម​មុខ​នឹង​ការ​ឆ្លងកូវី​ដ​១៩ ធ្ងន់ធ្ងរ​”​។​

​អង្គការ WHO និយាយថា “​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទទួលបាន​វ៉ាក់សាំង​ខ្ពស់​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល មិន​ត្រឹមតែ​សម្រាប់​ការការពារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សម្រាប់​អ្នក​ជំងឺ​របស់​ពួកគេ​និង​ដើម្បី​ធានា​ថា​ប្រព័ន្ធ​ថែទាំ​សុខភាព​បន្ត​ដំណើរការ​ក្នុងអំឡុងពេល​មាន​តម្រូវការ​ខ្លាំង​បំផុត​”​។​

​យោងតាម WHO មាន​តែ​ប្រទេស​មួយ​ប៉ុណ្ណោះ​ក្នុង​ទ្វីបអាហ្វ្រិក​មាន​ចំនួន​បុគ្គលិក​សុខាភិបាល​ចាំបាច់​គឺ ១០,៩ នាក់​ក្នុងចំណោម ១.០០០ នាក់​បាន​ចាក់​វ៉ាក់សាំង ខណៈ​ប្រទេស​ចំនួន ១៦ មាន​តិច​ជាង​ម្នាក់​ក្នុងចំណោម ១.០០០ នាក់​បាន​ចាប់​វ៉ាក់សាំង​។​

WHO បាន​និយាយថា “​ការបាត់បង់​បុគ្គលិក​សំខាន់ៗ​ទាំងនេះ​ដោយសារ​ធ្លាក់ខ្លួន​ឈឺ​ឬ​ស្លាប់​ព្រោះកូ​វីដ​១៩ វា​នឹង​ជះ​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​សមត្ថភាព​ផ្តល់​សេវា​ថែទាំ​សុខភាព​”៕

​បុគ្គលិក​សុខាភិបាល​មួយ​ភាគ​បួន​នៅក្នុង​ទ្វីបអាហ្វ្រិក​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ពេញលេញ​ប្រឆាំង​នឹង​កូវី​ដ​១៩​