​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប៉ូលិស​បាន​និយាយថា មនុស្ស​ប្រាំបី​នាក់​បាន​ស្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​ជិត​សាលារៀន​មួយ​ក្នុង​រដ្ឋធានី​ម៉ូ​ហ្គាឌី​ស្យូរ​បស់​សូ​ម៉ាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា ដោយ​ការវាយប្រហារ​ចុងក្រោយ​បំផុត​នេះ​ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​ជី​ហាដ អាល់​-​សា​បាប នៅក្នុង​ប្រទេស​ដែល​មាន​បញ្ហា​នេះ​។​

​ឪពុក​ម្តាយ​ជា​ច្រើន​នាក់​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​នៃ​ការផ្ទុះ​ដែល​បំផ្លាញ​អគារសិក្សា ខណៈ​សិស្ស​រងរបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជុំវិញ​ទីក្រុង​។​

​នាយក​សាលា​លោក យូ​ស៊ូ​ហ្វ ហ៊ូ​ស​សេន អាប់​ឌី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ការផ្ទុះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ៧ និង ៣០ នាទី​ព្រឹក ខណៈ​ក្មេងៗ​កំពុង​រៀន​មេរៀន​ដំបូង​របស់​ពួកគេ​។​

​ត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ធ្នឹម​ឈើ​និង​បន្ទះ​ស័ង្កសី​បាន​ធ្លាក់​មក​លើ​សិស្ស​តូចៗ ខណៈ​ជញ្ជាំង​ខ្លះ​បាន​ដួល​។​

​លោក​អាប់​ឌី​បាន​និយាយថា “​អ្នក​អាច​យល់​ពី​អារម្មណ៍​នេះ​បាន នៅពេល​សិស្ស​ជាច្រើន​ដែល​ភាគច្រើន​ជា​កុមារ​បាន​រង​ការវាយប្រហារ នៅពេល​ដែល​បន្ទប់​សាលារៀន​បាន​ដួលរលំ​”​។​

​ប្រជាពលរដ្ឋ​បាន​ទាញ​ជនរងគ្រោះ​ដែល​រងរបួស​ចេញពី​គំនរ​បាក់បែក ដោយ​ប្រើ​ដៃទទេ​ដើម្បី​សែង​ពួកគេ​ទៅកាន់​កន្លែង​សុវត្ថិភាព​រហូតដល់រ​ថ​យន្តសង្គ្រោះ​មកដល់​។​

​អ្នកនាំពាក្យ​ប៉ូលិស​សូ​ម៉ាលី លោក អាប់​ឌី​ហ្វាតា អា​ដាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា ជន​ស៊ីវិល​ប្រាំបី​នាក់​ត្រូវបាន​សម្លាប់ និង ១៧ នាក់​ផ្សេងទៀត​បាន​រងរបួស ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​។​

​មន្ត្រី​សន្តិសុខ​លោក ម៉ូ​ហា​ម៉េត អាប់​ឌី​ល​ឡា​ហ៊ី បាន​ប្រាប់ AFP ថា ការ​បំផ្ទុះ​នេះ​គឺ​បង្កឡើង​ដោយ​គ្រាប់បែក​ក្នុង​រថយន្ត ប៉ុន្តែ​បាន​បន្ថែមថា “​យើង​មិនដឹង​ពី​គោលដៅ​នៃ​ការវាយប្រហារ​នោះទេ​”៕

​ការផ្ទុះ​បាន​បណ្តាលឱ្យ​រលំ​ផ្នែក​ខ្លះ​នៃ​សាលា​ក្នុង​ទីក្រុង​ម៉ូ​ហ្គាឌី​ស្យូកាល​ពី​ថ្ងៃ​ព្រហស្បតិ៍