ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ ៖ លោក សុង ប៊ុណ្ណា​រិ​ទ្ធិ ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានសម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ ជន​ត្រូវ​ចោទ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាប់​នឹង​កាំបិតផ្គាក់ បណ្តាលឱ្យ​ស្លាប់​និស្សិត​ម្នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា ។​

​គួររំលឹកថា នៅវេលា​ម៉ោង ២ រំលងអធ្រាត្រ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ ច្រកចូល​ផ្សារ​ដើម​ស្រល់ ផ្លូវ​ទន្លេសាប ស្ថិត​ក្នុងភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មាន​ករណី​ឃាតកម្ម កាប់​នឹង​កាំបិតផ្គាក់ បណ្តាល​ឱ្យស្លាប់​មនុស្សម្នា​ក់ ឈ្មោះ ស៊ិន ខុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​និស្សិត បេក្ខជន​បណ្ឌិត ស្នាក់នៅ​ក្នុង​វត្ត​ចាស់ ផ្លូវ​ទន្លេសាប ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ត្រូវបាន​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់ កាប់​ចំ​ជើង​ខាងស្ដាំ បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ដោយ​រយះ​ជិត ដាច់​ភ្លៅ និង​ស្លាប់​ភ្លាមៗ​នៅក្បែរ កន្លែងកើតហេតុ ហើយ​ជនសង្ស័យ ក៏បាន​គេចខ្លួន បាត់ទៅ​។​

​មិនបាន​ប៉ុន្មាន​ម៉ោង​ផង ដំណឹង​នៃ​ការស្លាប់​របស់​ជនរងគ្រោះ ត្រូវបាន​បណ្តាញ​សង្គម Facebook, YouTube, វិទ្យុ និង​សារព័ត៌មាន​មួយចំនួន បាន​យកទៅ​ផ្សព្វផ្សាយ ដោយ​ប្រឹង​ទាញយក​ករណី​ឃាតកម្ម​នេះ ទៅជា​រឿង​នយោបាយ ដោយសារ​ពួកគេ គិត​ខុស​ថា ជនរងគ្រោះ គឺជា​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន តុលាការ​កំពូល រំលាយចោល ហើយក៏​ព្យាយាម​ភ្ជាប់​ការស្លាប់​នេះ ដើម្បី​ទម្លាក់កំហុស ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថាៈ ក្រោម​ការដាក់ បញ្ជា យ៉ាង​ម៉ឹងម៉ាត់​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​របស់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយ​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា បានចេញ​ប្រតិបត្តិការ ស្រាវជ្រាវ​ស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់ រហូត​រកឃើញ​តម្រុយ កំណត់​មុខសញ្ញា និង​បាន​ចាត់វិធានការ តាម​វិធាន​ជំនាញ​តាម​ចាប់​ជនល្មើស មិន​ដល់ ៤៨ ម៉ោង​ផង ជនល្មើស ក៏​ត្រូវបាន​ឃាត់ខ្លួន ហើយ​ការណ៍​ពិត ក៏​ត្រូវបាន​លាតត្រដាង​។​

​តាម​ការរៀប​រាប់រប​ស់ជន​ដៃដល់ បានឱ្យដឹងថា ការសម្លាប់​ជនរងគ្រោះ​នេះ គឺ​ខ្លួន​ក៏​មិនបាន តាំងចិត្ត​ផ្តាច់ជីវិត​ជនរងគ្រោះ​នោះដែរ គឺ​គិត​ត្រឹមតែ​ព្រមាន​ប៉ុណ្ណោះ ព្រោះ​ជនរងគ្រោះ គឺជា​អ្នកស្នាក់នៅ​ក្នុង​វត្ត​ចាស់ ហើយ​ខ្លួន​មាន​ប្អូន ប្រកប​របរ​ប៉ះ​កង់​ម៉ូតូ នៅមុខ​វត្ត​ចាស់​នោះ ឧស្សាហ៍​មានទំនាស់ ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ ពោលគឺ ពេលដែល​ជនរងគ្រោះ ចូល​វត្ត​ពេលយប់ តែងតែ​ត្រូវបាន​គេ​បិទទ្វារ​វត្ត ចាក់សោ​ចោល ហើយ​ជនរងគ្រោះ តែង​រករឿង​ប្អូន​របស់ខ្លួន ដោយ​ចោទ​ប្អូន​ខ្លួន​ថា ជា​អ្នក​កិប​សោ​ទ្វារ​។​

​នៅ​យប់កើតហេតុ រូប​ខ្លួន កំពុង​នៅ​ជាមួយ​ប្អូន​របស់ខ្លួន នៅមុខ​វត្ត ស្រាប់តែ​ជនរងគ្រោះ មកដល់ ក៏ត្រូវ​គេ​កិប​សោ​ចោល​ទៀត ហើយ​ជនរងគ្រោះ បានមក​រករឿង​ប្អូន​ខ្លួន មិន​ឈប់ឈរ រហូត​មាន​គេ មក​បើកទ្វារ​វត្ត ឱ្យចូល​ទៅហើយ ក៏​ជនរងគ្រោះ នៅតែ​មិន​អស់ចិត្ត មិន​ព្រម​ចូលក្នុង​វត្ត គឺ​នៅតែ​បន្ត​រករឿង ស្តីបន្ទោស​ប្អូន​របស់ខ្លួន​ទៀត​។ ឃើញ​ដូច្នោះ ខ្លួន​ក៏បាន​ជិះ​ម៉ូតូ​ចេញទៅ​ក្រៅ មួយសន្ទុះ ហើយ​ត្រឡប់មកវិញ នៅតែ​ឃើញ ជនរងគ្រោះ និយាយ​ដៀមដាម ស្តីបន្ទោស​ប្អូន​ខ្លួន មិន​ឈប់​សោះ​។ ពេលនោះ ខ្លួន​ក៏​ដើរទៅ ផ្ទះជួល​របស់ខ្លួន នៅក្រោយ​វត្ត និង​បាន​លួច​យក​កាំបិតផ្គាក់ ពី​ផ្ទះ​មិត្តភក្តិ​របស់ខ្លួន នៅក្បែរនោះ ហើយ​ដើរ​ត្រឡប់មក​មុខ​វត្ត​វិញ ដោយ​តាំងចិត្ត​ថា បើ​ជនរងគ្រោះ មិន​ឈប់​ឈ្លោះ ស្តីបន្ទោស​ប្អូន​របស់ខ្លួន​ទេ ខ្លួន​នឹង​កាប់​ជនរងគ្រោះ ជាការ​ព្រមាន​។ ស្រាប់តែ​ពេល​ខ្លួន​មកដល់ ជនរងគ្រោះ ពិតជា​មិនទាន់​ឈប់​ឈ្លោះ ស្តីបន្ទោស​ប្អូន​របស់ខ្លួន មែន ខ្លួន​ក៏បាន​ចូលទៅ​កាប់ ជនរងគ្រោះ ត្រូវ​មួយ​កាំបិត​ចំ​ស្មា ហើយ​ជនរងគ្រោះ ក៏​រត់ ខ្លួន​ក៏​ដេញតាម​កាប់ ជនរងគ្រោះ​បន្តទៀត ដោយ​កាប់​តម្រង់​តែ​ដៃជើង​ប៉ុណ្ណោះ ដើម្បី​ទុកជា ការព្រមាន តែ​កាប់​ខុសៗ រហូតដល់​ចំណុចកើតហេតុ ខ្លួន​ក៏​កាប់​ត្រូវ​ភ្លៅ​ជនរងគ្រោះ បណ្តាលឱ្យ​ដួល ហើយ​ខ្លួន​ក៏​បោះ​កាំបិត​ចោល នៅក្បែរនោះ និង​ដើរ​ចេញពី​កន្លែងកើតហេតុ ដោយ​មិន​គិតថា ជនរងគ្រោះ ស្លាប់​នោះទេ​។ ក្រោយមក ទើប​ខ្លួន​បាន​ដំណឹង​ថា​ជនរងគ្រោះ ស្លាប់ ក៏​គេច​ទៅ​លាក់ខ្លួន នៅ​ស្រុកកំណើត ក្នុង​ខេត្តព្រៃវែង​តែម្តង​។​

​ជនដៃដល់ បាន​រៀបរាប់​បន្ថែមថា កន្លងមក ខ្លួន​ក៏​ធ្លាប់​ជាប់គុក ១ ឆ្នាំ​ម្តង​ដែរ គឺ​ក្នុង​ឆ្នាំ​២០១៩ ទើប​ចេញ​វិញ នៅ​ថ្ងៃទី​២ ខែ​៧ ឆ្នាំ​២០២០ ដោយ​ត្រូវបាន​ជាប់ចោទ ពីបទ​លួច​ម៉ូតូ​កង់​បី (​ឡំ​ប្រឺ​តា​) ព្រោះ​ខ្លួន​បាន​ដើរ​ជាមួយ ក្រុម​មុខសញ្ញា​ចោរលួច​ទាំងនោះ​៕/V