ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កាលពីថ្ងៃអង្គារទី២៣វិច្ឆិកា ចិនបានហាមតារាល្បីៗរបស់ខ្លួនមិនឱ្យបង្អួតទ្រព្យសម្បត្តិនៅលើបណ្តាញសង្គមនៅក្នុងការបង្ក្រាបចុងក្រោយបង្អស់លើឧស្សាហកម្មកម្សាន្ត។
រដ្ឋបាលអ៊ីនធឺណេតចិនបានប្រកាសកាលពីថ្ងៃអង្គារថា តារាល្បីៗនៅក្នុងប្រទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យ “បង្អួតទ្រព្យសម្បត្តិ” ឬ “ភាពរីករាយហួសហេតុ” នៅលើបណ្តាញសង្គមទេ។
ច្បាប់ថ្មីនេះក៏រារាំងតារាល្បីៗមិនឱ្យផ្សព្វផ្សាយព័ត៌មានមិនពិតឬឯកជនបង្ករឿងចងគំនុំប្រឆាំងនឹងក្រុមអ្នកគាំទ្ររបស់តារាផ្សេងទៀត និងមិនឱ្យផ្សព្វផ្សាយពាក្យចចាមអារ៉ាមនោះដែរ។
លើសពីនេះទៀត សារព័ត៌មាន Business Insider បានរាយការណ៍ថា គណនីបណ្តាញសង្គមទាំងរបស់តារាល្បីៗនិងអ្នកគាំទ្រនឹងតម្រូវឱ្យប្រកាន់ខ្ជាប់នូវ”សណ្តាប់ធ្នាប់សាធារណៈនិងទំនៀមទម្លាប់ល្អ ប្រកាន់ខ្ជាប់នូវការកែតម្រូវតម្រង់ទិសមតិសាធារណៈ និងការតម្រង់ទិសតម្លៃ លើកកម្ពស់តម្លៃស្នូលនៃសង្គមនិយម និងរក្សារបៀបរបបរស់នៅនិងរសជីវិតដែលមានសុខភាពល្អ”។
ច្បាប់ថ្មីនេះតំណាងឱ្យការបង្ក្រាបចុងក្រោយបំផុតលើវប្បធម៌តារាក្នុងប្រទេសចិន ខណៈប្រទេសនេះបន្តពង្រឹងកណ្តាប់ដៃដែករបស់ខ្លួនលើឧស្សាហកម្មកម្សាន្ត។
កាលពីខែកញ្ញា តារាល្បីរបស់ចិនត្រូវបានព្រមានថា ពួកគេត្រូវតែ “ប្រឆាំងនឹងគំនិតមិនប្រក្រតីនៃការថ្វាយបង្គំលុយ តម្រេកនិយម និងបុគ្គលនិយមជ្រុល” នៅក្នុងសន្និសីទឧស្សាហកម្មកម្សាន្តដែលរៀបចំដោយបក្សកុម្មុយនីស្ត។
កិច្ចប្រជុំនៅទីក្រុងប៉េកាំងមួយនេះបានដំណើរការដោយពាក្យស្លោកពោលថា “ស្រឡាញ់បក្ស ស្រឡាញ់ប្រទេស គឺការពារសីលធម៌និងសិល្បៈ”៕
តារាល្បីៗមិនត្រូវបង្អួតទ្រព្យសម្បត្តិលើបណ្តាញសង្គមចិនទេ