ដោយ​: បូកគោ​/​កំពត​: រថយន្ត​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន រួច​បុក​ម៉ូតូ​ពីរ​គ្រឿង​បណ្តាល​ឲ្យ​នារី​ពីរ​នាក់​បាត់បង់​ជីវិត និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រែង សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​បូកគោ​បាន​រៀបរាប់ថា​កាលពី​ម៉ោង​៥ ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧៧-១៧៨ ត្រង់ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រែក​ត្នោត​រវាង​រថយន្ត​មួយគ្រឿង​បុក​ជាមួយ​ម៉ូតូ​ពីរ​គ្រឿង​។ មុន​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​ម៉ូតូ​ពីរ​គ្រឿង​បើក​មកពី​ទិស​ខាងលិច​គឺ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ឯ​មួយគ្រឿង​ទៀត​ធ្វើដំណើរ​ដោយ​នារី​ពីរ​នាក់​។ ប្រភព​ដដែល​បាន​បន្តថា ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ហ្វ័​រ​ធូ​ន័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-2988 បើក​មកពី​មុខ​ដោយ​ល្បឿន​យ៉ាង​លឿន​រួច​បុក​ម៉ូតូ​ទាំងពីរ​គ្រឿង​លាន់ឮ​គួរឱ្យ​ព្រឺ​ខ្លាច​។ ភ្លាមៗ ពេល​អ្នកជិតខាង​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​ស្ត្រី​ទាំងពីរ​នាក់​បាន​ស្លាប់​ទៅហើយ​។ ចំណែក​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ជាបន្ទាន់​។

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា អ្នកបើកបរ​រថយន្ត​បង្ក​ជា​ជនជាតិ​ចិន​ឈ្មោះ Liu Wie ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​។ ចំណែក​អ្នក​បាត់បង់​ជីវិត​ទាំងពីរ​នាក់​ជា​កម្មការិនី​មាន​ទីលំនៅ​ភូមិ​បុស្ស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។ ដោយឡែក​បុរស​ដែល​រងរបួស​រស់នៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត​៕​