​ដោយៈ​សុផល / បាងកក​, ប្រទេស​ថៃ​៖ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពីពេល​ថ្មីៗ​នេះ បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក បណ្ឌិត អា​ធី​ត អ៊ុ​រៃ​រ៉ាត់ សាកលវិទ្យាធិការ ប្រចាំ​សាកលវិទ្យាល័យ រាំង​ស៊ីត​។ លោក​បណ្ឌិត អា​ធី​ត ធ្លាប់ជា​អតីត រដ្ឋមន្ត្រីការបរទេស និង​ជា​អតីត​ប្រធានរដ្ឋសភា​ព របស់​ប្រទេស​ថៃ ផងដែរ​។

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានបញ្ជាក់​ក្នុងជំនួប​នោះ​ថាៈ “​ខ្ញុំ​រីករាយ​ជា​ពន់ពេក ដែលមាន ឱកាស​បានមក​ទស្សន​កិច្ច សាកលវិទ្យាល័យ​រាំង​ស៊ីត ។ តាមពិត ខ្ញុំ​មាន​គោលបំណង មក​ទស្សនកិច្ច នៅ​សាកលវិទ្យាល័យ​រាំង​ស៊ីត យូរ​មកហើយ​។ ក្នុងថ្ងៃនេះ ខ្ញុំ​មក​ដើម្បី​ស្វះ ស្វែងរក កិច្ចសហការ​ខាងមុខ ជំនាញ​វិជ្ជាជីវៈ និង​ទទួល​ការណែនាំ ពី​លោក​បណ្ឌិត សាកលវិទ្យាធិការ ក្នុង​រឿង​ពាក់ព័ន្ធ​នឹង​គោលនយោបាយ កំណែ​ទំរង់​លើ​វិស័យ​ទេសចរណ៍ របស់​កម្ពុជា​។ បើសិន​ប្រទេស​កម្ពុជា បានទទួល​កិច្ចសហការ ជាមួយ​សាកលវិទ្យាល័យ រាំង​ស៊ីត ខ្ញុំ​ជឿជាក់​បាន​ថា ទាំង​ប្រទេស​កម្ពុជា និង​សាកលវិទ្យាល័យ​រាំង​ស៊ីត នឹង​ទទួលបាន នូវ​ផលប្រយោជន៍​រួមគ្នា ក្នុង​ថ្ងៃ​អនាគត​”​។

​ដោយឡែក លោក បណ្ឌិត អា​ធី​ត អ៊ុ​រៃ​រ៉ាត់ សាកលវិទ្យាធិការ ប្រចាំ​សាកលវិទ្យាល័យ រាំង​ស៊ីត បាន​គូសបញ្ជាក់ថាៈ “​ចំណុច​លេចធ្លោ​បំផុត របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​មិនមាន​ជនជាតិ​ណា ប្រៀបប្រដូច និង​មិន​ដូច​ជនជាតិ​ណា​នោះ គឺ​សិល្បៈ វប្បធម៌ និង​អរិយធម៌​។ កម្ពុជា មាន​វប្បធម៌​បែប​ខ្មែរ​បុរាណ ពុំមាន​ជនជាតិ​ណា ឬ​នរណាម្នាក់ បង្កើតឡើង​បានឡើយ ដែល​ចំណុច​នេះ ចាត់ទុកថា ជា​ចំណុច​សំខាន់បំផុត​របស់​កម្ពុ​ជា​។ កាលពី​ខ្ញុំ​ទៅ​ទស្សនកិច្ច នៅ​អង្គរវត្ត បានឃើញ​ភាព​អ​ច្ឆិ​រិ​យ នៃ​អង្គរវត្ត ដែលជា​វប្បធម៌​ដ៏ អស្ចារ្យ​បំផុត នៅពេលដែល​ប្រៀបធៀប ជាមួយ​ទីក្រុង​រ៉ូម របស់​ក្រិ​ក និង​មហា​កំផែង​ចិន ខ្ញុំ​គិតថា ស្ថាបត្យកម្ម​ទាំងនេះ មិនអាច​ប្រៀបប្រដូច ទៅ​អង្គរវត្ត​របស់​កម្ពុជា​បាន​សោះឡើយ​។ ភាព​អច្ឆរិយៈ​នៃ​អង្គរវត្ត​នេះ ប្រៀប​ដូចនឹង​ការផ្សារភ្ជាប់ ជាមួយ​ទីឋាន​សួគ៌ ទៅនឹង​ជាមួយ​មនុស្សលោក​យើង​នេះ​”​។​

​លោក បណ្ឌិត អា​ធី​ត អ៊ុ​រៃ​រ៉ាត់ បានបញ្ជាក់​បន្ថែមថាៈ “​អរិយធម៌​ខ្មែរ​បុរាណ ជា​អរិយ​ធ​ម៍​ដ៏ អស្ចារ្យ​បំផុត ប្រទេស​កម្ពុជា អាច​ពោល​បាន​ថា ” ដែនដី​កម្ពុជា បច្ចុប្បន្ន ជា​ដែនដី សុវណ្ណ​ភូមិ​”​។ កាលពី​ដើមឡើយ អាណាចក្រ​ខ្មែរ​បុរាណ បាន​បង្កើត​អរិយធម៌​ដ៏​អស្ចារ្យ ណាស់ អរិយធម៌​របស់​ខ្មែរ​បុរាណ បាន​គ្រប់គ្រង​អរិយធម៌ ដល់​ដែនដី​ប្រទេស​ថៃ ហើយ​ដែល ក្នុងពេល​បច្ចុប្បន្ន ពាក់កណ្តាល​ប្រទេស បានទទួល​វប្បធម៌​ខ្មែរ​បុរាណ​រហូតមក​។

​លោក​បានលើកឡើង​ទៀតថាៈ “​អ្នកវិទ្យាសាស្ត្រ បាន​ពោល​បញ្ជាក់ថា អាណាចក្រ​ខ្មែរ បុរាណ មាន​ទឹកដី​គ្របដណ្តប់ ទៅដល់​ប្រទេស​ឡាវ និង​ទៅ​ទិស​ភាគខាងត្បូង គ្របដណ្តប់ ដល់​ម៉ាឡាយូ​” នេះ​ជា​អ្វីដែល​ប្រទេស​កម្ពុជា គួរ​នាំមក​បញ្ចេញ​ឱ្យ​អ្នកទេសចរ លើ​ពិភពលោក ឃើញ​ដល់​ភាព​អស្ចារ្យ របស់​អាណាចក្រ​ខែ្មរ​បុរាណ​។ ការដែល​យើង​មានការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច ឱ្យ​រីកចម្រើន​រុងរឿង យើង​មិនត្រូវ​បំភ្លេច​រឿង ភូមិសាស្ត្រ​នយោបាយ និង​អាណា ចក្រ​បាន​នោះទេ​។ កម្ពុជា​និង​ថៃ ត្រូវ​រួមគ្នា​ប្រើ​វប្បធម៌ និង​អរិយធម៌ ដើម្បី​បង្កើត​ភាព​រីក ចម្រើន រុងរឿង និង​អស្ចារ្យ​របស់ ប្រទេស​ទាំងពីរ បន្ថែមទៀត​។​

​ជា​ចុងក្រោយ លោក បណ្ឌិត អា​ធី​ត អ៊ុ​រៃ​រ៉ាត់ បាន​សរុប​មតិ​ថាៈ វិស័យ​ទេសចរណ៍ គឺជា​សក្តានុពល ដ៏​មហាសាល ក្នុង​ការជំរុញ​ខឿនសេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​។ សាកលវិទ្យាល័យ រាំង​ស៊ីត រីករាយ​នឹង​រួមសហការ​ជាមួយ ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​រូ​ម​ប្រយោជន៍ ជា​ធ្លុង​មួយ ដើម្បី​ជួយ​ឱ្យ​ប្រទេស​ទាំងពីរ កាន់តែ​រីកចម្រើន ទៅមុខទៀត​។

​ទន្ទឹមនឹង​នេះដែរ លោ​កប​ណ្ទិ​ត សុខ សុ​ក្រឹ​ត្យា បាន​ជំរាបជូន​លោក បណ្ឌិត​សាកលវិទ្យាធិការ អំពី​ការដឹកនាំ​ប្រកបដោយ កិត្តិ​ត​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានធ្វើឱ្យ​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ ប្រជាជន​កម្ពុជា រស់នៅ​ប្រកបដោយ ស្នាមញញឹម និង​មាន​ភាពកក់ក្តៅ ជាពិសេស​ក្នុង​វិបត្តិ​កូ​វីដ ដែលជា​វិបត្តិ​សកល ក្រោម​ការ ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​កម្ពុជា ជា​ប្រទេស​ដែល​ឈានមុខ​គេ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ និង​ប្រជាពលរដ្ឋ ទទួលបាន​ការយកចិត្ត​ទុកដាក់ ចាក់​វ៉ាក់សាំង រហូតដល់​ជាង ១៤ លាន​នាក់ នៃ​ចំនួន​ប្រជាជន​ទាំងអស់ ១៦ លាន​នាក់​។​

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ថ្លែង​អរគុណ សកលវិទ្យា​ល័យ រាំង​ស៊ីត ដែល​បាន​ចូលរួម យ៉ាងសកម្ម ក្នុង​ការជួយ​បណ្តុះបណ្តាល ធនធានមនុស្ស​ដល់ក​ម្ពុ​ជា តាមរយៈ​ការផ្តល់ អាហា​រូប​ករ​ណ៌ ដល់​និស្សិត​កម្ពុជា ជា​រៀង​រហូតមក​។ លោក​បណ្ឌិត បានស្នើ​បន្ថែម​ដល់ សាកលវិទ្យាល័យ រាំង​ស៊ីត ឱ្យ​បន្ត​ជួយ​កម្ពុជា ក្នុងការ​ផ្តល់​អាហារូបករណ៍ ផ្នែក​វិស័យ​ទេស ចរ​ណ៌ ដើម្បី​បំពេញបន្ថែម​កង្វះខាត ធនធានមនុស្ស ទៅ​ថ្ងៃ​អនាគត​។

​កិច្ចពិភាក្សា បានបញ្ចប់​ដោយ​ភាព​ស្និត​ស្នាល និង​ពោ​ពេញ​ដោយ​ភាព​រីករាយ រាក់ទាក់​។ លោក​បណ្ឌិត​សាកលវិទ្យាធិការ សន្យា​នឹង​បន្ត​ជួយ​កម្ពុជា តាម​ដែល​លោក​អាចធ្វើ​ទៅបាន ។ លោក​បណ្ឌិត ក៏បាន​អរគុណ​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ដែល​មក​ទស្សនកិច្ច សាកល​វិទ្យា ល័យ​រាំង​ស៊ីត​៕/V​