​​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ការចិញ្ចឹម​សត្វ​កង្កែប​គឺជា​មុខរបរ​មួយ​សាមញ្ញ​ដែល​កសិករ​និង​មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្តស្ទឹងត្រែង អាច​ធ្វើបាន​ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​ដល់​ជីវភាព​គ្រួសារ​។​ប៉ុន្តែ​អ្នកខ្លះ​ទៀត​គ្រាន់តែ​ចិញ្ចឹម​លេង​តែប៉ុណ្ណោះ​។​

បច្ចុប្បន្ន​អ្នក​ចិញ្ចឹម​កង្កែប​នៅក្នុង​ខេត្តស្ទឹងត្រែង​មាន​ចំនួន​មិន​ច្រើន​ទេ​។​កសិករ​ចិញ្ចឹម​កង្កែប​លក់​និយាយថា​មុខរបរ​មួយ​នេះ​ងាយស្រួល​ឆាប់​ទទួលបាន​ផល​និង​បង្កើន​ប្រាក់ចំណូល​ច្រើន​គួរសម​សម្រាប់​ជីវភាព​គ្រួសារ​។​ម្យ៉ាងទៀត​ទីផ្សារ​លក់​សាច់​កង្កែប​ក្នុង​ខេត្ត ក៏មាន​អ្នកបញ្ជា​ទិញ​មិន​ខ្វះ​ឡើយ​។​

​លោក គឹម បិត កសិករ​ចិញ្ចឹម​កង្កែប​នៅ​ភូមិ​បាន​ម៉ៃ ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន​បាន​រៀបរាប់ថា​មុខរបរ​ចិញ្ចឹម​កង្កែប​ឆាប់​ទទួលបាន ផល​ណាស់​។​ការចិញ្ចឹម​ចំណាយពេល​ត្រឹមតែ​មួយខែ​កន្លះ​ទៅ​ពីរ​ខែ​នឹង​អាច​លក់បាន​ហើយ​។​កង្កែប​ងាយស្រួល​ចិញ្ចឹម​ជាង​ការចិញ្ចឹម​ជ្រូក​និង​គោ​។​នេះ​ជាការ​យល់ឃើញ​របស់លោក​។​

​លោក​បន្តថា​​ ​ការចិញ្ចឹម​កង្កែប​របស់​លោក​គឺ​ចេះ​តៗ​គ្នា​មិនទាន់​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​នៅឡើយ​ទេ​។​លោក​មានបំណង​សុំ​ឲ្យ​អ្នកជំនាញ​ពាក់ព័ន្ធ​ជួយផ្ដល់​មធ្យោបាយ​ឬ​បច្ចេកទេស​ដល់​អ្នក​ចិញ្ចឹម​កង្កែប​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​ថែមទៀត​។



ចំណែកលោក ស្រី​ សម​វិចិត្រ ​នាយ​ខណ្ឌ​ជលផល​ស្ដីទី​ខេត្តស្ទឹងត្រែង​បាន​ជំរុញ​ដល់​អ្នក​ចិញ្ចឹម​ត្រី​និង​កង្កែប​ក្នុង​ខេត្តស្ទឹងត្រែង​ឱ្យ​ដាក់​គោលដៅ​ច្បាស់លាស់​ដើម្បីពង្រីក​មុខរបរឱ្យកាន់តែ​ធំ​។​ករណី​អ្នក​ចិញ្ចឹម​កង្កែប​នៅ​មិនទាន់​យល់ច្បាស់​ពី​បច្ចេកទេស​អាច​ទំនាក់ទំនង​មក​ខាង​មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល​ខេត្ត​បាន​។​

​លោក សមវិចិត្រ​បាន​ពន្យល់ថា ការចិញ្ចឹម​កង្កែប​មាន​វិធី​ច្រើនយ៉ាង​អាចធ្វើ​ទៅបាន​ដោយយោង​តាម​ទំហំ​ដី​តូច​ឬ​ធំ សម្រាប់​រៀប​ជា​អាង​ឬ​តង់​ជាដើម​។​លោកស្រី​បាន​និយាយ​បន្តថា​កង្កែប​ដែល​កសិករ​ចិញ្ចឹម​ភាគច្រើន​អាចជា​កង្កែប​ផលិត​ក្នុងស្រុក​។​កង្កែប​ដែល​យកមក​ចិញ្ចឹម ឬ ​បង្កាត់គេ​ដាក់ឈ្មោះថា កង្កែប​មាឌធំ ឬ​កង្កែបកូប ឬ​កង្កែប​អូ​ប​ដែលមាន​ឈ្មោះ​ជា ភាសារ​អង់គ្លេស​ថា Rana tigrina​។​

​បច្ចុប្បន្ន​នៅក្នុង​ខេត្តស្ទឹងត្រែង​ពុំទាន់​មានការ​ចិញ្ចឹម​កង្កែប​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​តាម​បណ្ដា​ខេត្ត​ដទៃទៀត​នៅឡើយ​ទេ​។​ពោល​សព្វ​ថៃ​មាន​អ្នក​ចិញ្ចឹម​កង្កែប​ត្រឹម​ពី​៥ទៅ​៦​គ្រួសារ​ប៉ុណ្ណោះ​។​

​គេ​រំពឹងថា​ចំពោះមុខ នៅពេលដែល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ផលិត​ពូជ​វ៉ា​រី​សាស្ត្រ​មេគង្គ​លើ​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​នោះ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​នឹង​ជំរុញ​ដល់​កសិករ​ដែល​ចិញ្ចឹម​កង្កែប​ឱ្យ​កាន់តែ​ច្រើនឡើង​ដើម្បី​តម្រូវការ​ទីផ្សារ​ជាក់​ជាពុំខាន​។​

លោក ស្រី សម វិចិត្រ បាន​បញ្ជាក់ថា​សព្វថ្ងៃ​កង្កែប​លក់​នៅលើ​ទីផ្សារ​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ចាប់ពី​១០.០០០​ទៅ ១៥.០០០​រៀល​។​ពេលដែល​កន្លែង​បង្កាត់​ពូជ​ត្រី​នៅ​ខេត្ត​នេះ​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ​នោះ​កសិករ​អាចមក​សិក្សា​ជាក់ស្ដែង​ព្រមទាំង​អាចមក​ទិញ​កូន​កង្កែប​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ​យក​ចិញ្ចឹម​កាន់តែ​ទទួលបាន​ផលចំណេញ​ច្រើន​។​កសិករ​នឹង​ទទួលបាន​ទាំង​ចំណេះ និង កើន​ទាំង​ចំណូល​៕​សរន​