ដោយ​៖ ដេប៉ូ / ​ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​អង្គការ​សមាគម អភិរក្ស​សត្វព្រៃ (WCS) ប្រចាំ​កម្ពុជា បានរៀបចំ​ពិធី​ចុះហត្ថលេខា រួមគ្នា​មួយ សម្រាប់​បន្ត​កិច្ចព្រមព្រៀង អនុវត្ត​គម្រោង នៅ​តំបន់ការពារធម្មជាតិ ដើម្បី​ចូលរួម​កិច្ច​អភិរក្ស តំបន់ការពារធម្មជាតិ នៅ​កម្ពុជា​។ តាមរយៈ​ការអនុវត្ត​គម្រោង​នេះ នាពេល​កន្លងមក ត្រូវបាន​ក្រសួងបរិស្ថាន អះអាងថា សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​។​

​លោក សៅ សុភាព រដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅ​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឱ្យដឹងថា​៖ ការអនុវត្ត​កិច្ចព្រមព្រៀង គម្រោង​រវាង​ក្រសួងបរិស្ថាន និង​អង្គការ WCS ធ្វើឡើង​ដើម្បី​បន្ត​កិច្ចព្រមព្រៀង អនុវត្ត​គម្រោង​នៅ​តំបន់ ការពារ​ធម្មជាតិ ក្នុងនេះ មានដូចជា (១) តំបន់​ទេសភាព​ភាគ​ខាងជើង ភូមិសាស្ត្រ​ខេត្តព្រះវិហារ (២) ដែន​ជម្រក សត្វព្រៃ កែវ​សីមា ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី និង​ក្រចេះ (៣) តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​(៤) តំបន់​ភាគខាងត្បូង និង​ខាងជើង​ទន្លេសាប ភូមិសាស្ត្រ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​ពោធិ៍សាត់ រវាង​ក្រសួងបរិស្ថាន និង​អង្គការ សមាគម​អភិរក្ស​សត្វព្រៃ (WCS) ប្រចាំ​កម្ពុជា ។​

​លោក រដ្ឋលេខាធិការ បាន​ថ្លែង​បញ្ជាក់ ទាក់ទិន​ក្នុង​រឿងនេះ​ថាៈ ការអនុវត្ត​កិច្ចព្រមព្រៀង គម្រោង​នេះ នាពេល​កន្លងមក បានធ្វើឱ្យ​ក្រសួងបរិស្ថាន សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ដូចជា ការពង្រឹង​ស្ថាប័ន ថ្នាក់ជាតិ​-​ខេត្ត ការកសាង​ធនធានមនុស្ស ការពង្រឹង​ការអនុវត្ត​ច្បាប់ ការលើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជា​សហគមន៍​មូលដ្ឋាន តាមរយៈ​ជំនួយ​ផ្នែក បច្ចេកទេស និង​ហិរញ្ញវត្ថុ​របស់​អង្គការ WCS ដែល​ចំណុច​ទាំងនេះ បានផ្តល់​ជា​កាលា​នុ​វត្ត ភាព ដល់​ក្រសួងបរិស្ថាន ក្នុងការ​សម្រេចបាន នូវ​សមិទ្ធផល​ការងារ អភិរក្ស​មួយចំនួន ដូចជា (១)​ការការពារ​ជម្រក​សត្វ​ស្លាប នៅ​ឋបនីយ​ជីវ​មណ្ឌល​ព្រែក​ទាល់ ដែលជា​ជម្រក​សត្វ​ស្លាប ធំ​បំផុត​នៅ​អាស៊ី (២)​ការរៀបចំ​សហគ្រាស​អភិរក្ស ដោយ​សហគមន៍ ដូចជា តំបន់​អេកូ ទេសចរណ៍ធម្មជាតិ ដែល​គ្រប់គ្រង​ដោយ​សហគមន៍ តំបន់ការពារធម្មជាតិ នៅ​សហគមន៍​ត្មាត​ប៉ើយ សហគមន៍​ព្រៃវែង សហគមន៍​ដង​ផ្លិត និង​សហគមន៍​អណ្តូង​ក្រឡឹង និង (៣) ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ (Ibis Rice) ដែលជា​ស្រូវ​សរីរាង្គ និង​កំពុង​ទទួលបាន​នូវ ការចាប់អារម្មណ៍ ពី​អតិថិ​ជនជាតិ និង​អន្តរជាតិ​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ បាន​ថ្លែង​បញ្ជាក់ដែរថាៈ ក្រោម​កិច្ចសហការ អនុវត្ត​កិច្ច ព្រមព្រៀង​គម្រោង រវាង​ក្រសួងបរិស្ថាន និង​អង្គការ WCS កន្លងមក យើង​បាន​អនុវត្តន៍ ប្រកបដោយ​ជោគជ័យ នូវ​គម្រោង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បណ្តាលមកពី​ការបាត់បង់ និង រិចរឹល​ព្រៃឈើ (REDD+) ដែល​បាន​អនុវត្ត ចាប់តាំងពី​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម និង​ទទួលផល​ពី​ប្រជាពលរដ្ឋ ចំនួន​ពីរម៉ឺន​នាក់ ដែល​បាននិងកំពុង​រស់នៅក្នុង និង​តំបន់​ក្បែរ គម្រោង​រេ​ដ​បូក នៃ​ភូមិ ចំនួន ២០ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី និង​ក្រចេះ​។
​តាមរយៈ​ការអនុវត្ត​គម្រោង ខាងលើនេះ បានធ្វើឱ្យ​ដែនជម្រកសត្វព្រៃ កែវ​សីមា ក្លាយជា តំបន់ការពារធម្មជាតិ ទីមួយ នៅក្នុង​ប្រទេស កម្ពុជា ដែលមាន​និរន្តរភាព​ថវិកា សម្រាប់ ការអនុវត្ត សកម្មភាព អភិរក្ស​ធនធាន​ជីវៈចម្រុះ ក្នុង​រយៈពេល ៥ ឆ្នាំ សារពើពន្ធ​ខាងមុខ ពី​ឆ្នាំ​២០២១-២០២៦​។​

​លោក កែន សេរី​រដ្ឋា នាយក​កម្មវិធី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ប្រចាំ​កម្ពុជា បាន​ថ្លែង ថាៈ ការអនុវត្ត តាមរយៈ​កិច្ចព្រមព្រៀង អនុវត្ត​គម្រោង​មួយ​នេះ ជាមួយ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​កិច្ចព្រមព្រៀង អនុវត្ត​គម្រោង​ជាមួយ ក្រសួងបរិស្ថាន បាន​អស់ សុពលភាព​។ ដូច្នេះ​ការរៀបចំ​ពិធី នាពេលនេះ ជា​ឱកាស​ថ្មី សម្រាប់​ការបន្ត​កិច្ចសហការ រវាង​ក្រសួងបរិស្ថាន និង​អង្គការ WCS ក្នុង​ការងារ​អភិរក្ស​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់ ការពារ​ធម្មជាតិ គោលដៅ​គម្រោង របស់​អង្គការ WCS ប្រចាំ​កម្ពុជា បន្តទៀត​។​

​លោក​បាន​បន្តថាៈ អង្គការ WCS ធ្វើ​ការងារ​អភិរក្ស នៅ​តំបន់ការពារធម្មជាតិ តាមរយៈ ការជួយ​ប្រជា​សហគមន៍​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ថែរក្សា​ការពារ​ទីជម្រក និង​សត្វព្រៃ ប្រភេទ​រង​ការគំរាមកំហែង ជាស​កល​។ ដៃគូ​ក្នុងស្រុក​របស់​យើង ដូចជា គម្រោង​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ និង​មជ្ឈមណ្ឌល សំ វាសនា សម្រាប់​ការអភិរក្ស ក្នុងការ​លើកកម្ពស់​ជី​វ​ភាព រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​។​

​លោក​បានបញ្ជាក់​បន្ថែម​ថាៈ ពេលបច្ចុប្បន្ន អង្គការ WCS បាននិងកំពុង​សហកា​រ​ជាមួយ ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ប្រតិបត្តិការ​ការងារ ការពារ អភិរក្ស​ធនធានធម្មជាតិ​ជីវៈចម្រុះ ក្នុង​តំបន់ការពារធម្មជាតិ លើ​ទំហំ​ផ្ទៃដី ប្រមាណ​ជា ៨០ ម៉ឺន​ហិកតា ដែលជា​តំបន់​គោលដៅ​អភិរក្ស​មានតម្លៃ និង​សក្តានុពល​ជាស​កល​៕/V