​ប្រែ​សម្រួលៈ​វាសនា​/​ចូ​ហានេ​ស្បឺក​៖​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា ថា​ពួកគេ​បាន​រកឃើញ​វីរុស​កូរ៉ូ​ណាបំ​ប្លែងខ្លួន​ថ្មី​មួយ ដែល​បានវិវត្ត​ប្រែប្រួល​ជា​ច្រើន​​សា​និង​ប្រហែលជា​មូលហេតុ​នៃ​កំណើន​ការ​ឆ្លងកូវី​ដ​១៩​នាពេល​បច្ចុប្បន្ន​នៅ​ក្នុងប្រទេស​នេះ​។​

​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​កើន​១០​ដង​ចាប់តាំងពី​ដើម​ខែ​វិច្ឆិកា​នេះ​មក​។​

​ជា​ការឆ្លើយតប អង់គ្លេស​បាន​ហាម​ការធ្វើដំណើរ​ចូលមក​ពី​អាហ្វ្រិក​ខាងត្បូង​និង​ប្រទេស​អាហ្វ្រិក​៥​ទៀត ដោយសារ​តែ​បារម្ភ​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​អ្នកវិទ្យាសាស្ត្រ​និយាយថា​វា​ចម្លង​ខ្លាំង​ជាង​វីរុស​​កូរ៉ូ​ណាបំ​ប្លែងខ្លួន​ប្រភេទ​Delta ថែមទាំង​អាច​ទប់ទល់​នឹង​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​មាន​សព្វថ្ងៃនេះ​ថែម​ទៀត​។​

​អ្នកជំនាញការ​ខាង​វីរុស​វិទ្យា​លោក ទូ​លី​អូ ដឺ អូ​លីវេ​អ៊ី​រ៉ា បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា « ជា​អកុសល​យើង​បាន​រកឃើញ​វីរុស​បំ​ប្លែងខ្លួន​ថ្មី​មួយ​ដែល​ជា​ហេតុផល​គួរអោយ​ព្រួយបារម្ភ​មួយ​នៅ​អាហ្វ្រិក​​ខាងត្បូង​។​វា​បង្ក​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​នៅ​អាហ្វ្រិក​ខាងត្បូង​»​។​

​លោក​ថា វីរុស​ដែល​អ្នកវិទ្យាសាស្ត្រ​ដាក់ឈ្មោះ​B.1.1.529 មាន​ការវិវត្ត​ប្រែប្រួល​ច្រើនដង​ណាស់​និង​រំពឹងថា​អង្គការ​សុខភាព​ពិភពលោក​នឹង​ដាក់ឈ្មោះ​វា​ខ្លី​ងាយ​ចាំ​តាម​ឈ្មោះ​ក្រិច​។​

B.1.1.529 ក៏​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​បុត​ស្វា​ណា និង​ហុងកុង​ក្នុងចំណោម​អ្នកដំណើរ​ទៅ​ពី​អាហ្វ្រិក​ខាងត្បូង​។​

​ក្នុងពេល​ជាមួយគ្នា អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ខ្លួន​តាមដាន​ដិត​ដល់​របាយការណ៍​អំពី​វីរុស​បំប្លែង​ខ្លួន​នេះ ហើយ​នឹង​បើក​កិច្ចប្រជុំ​របស់​អ្នកបច្ចេកទេស​នៅ​ថ្ងៃ​សុក្រ​ទី​២៦​វិច្ឆិកា​ដើម្បី​​កំណត់​ថា​តើ​វា​គួរ​ត្រូវ​ចាត់​ចូល​ក្នុង​ក្រុម​«​វីរុស​នៃ​ការចាប់អារម្មណ៍ ឬ វីរុស​នៃ​ការព្រួយបារម្ភ »​ដែរឬទេ​។​

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការវិភាគ​ដំបូងៗ​បង្ហាញ​ថា​វីរុស​នេះ​បាន​ឆ្លងកាត់​ការវិវត្ត​ប្រែប្រួល​ជា​ច្រើនលើកច្រើសារ​ដែល​ទាមទារ​ការសិក្សា​បន្ថែម​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​និយាយថា វីរុស​នេះ​គួរអោយ​«​ព្រួយបារម្ភ​ខ្លាំងណាស់​» និង​នៅ​ពីក្រោយ​ការផ្ទុះកូ​វីដ​១៩​បច្ចុប្បន្ន ដែល​ធ្វើអោយ​វា​ក្លាយ​ជា​ការ​គំរាម​ធំ​មួយ​។​

​កាលពី​ថ្ងៃ​ពុធ​ប្រទេស​នេះ​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​១.២០០​នាក់ ដោយ​កើន​ពី​ចំនួន​ឆ្លង​១០៦​នាក់​នៅក្នុង​ខែ​ដដែល​នេះ​។​

​អាហ្វ្រិក​ខាងត្បូង​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើន​ជាង​គេ​នៅ​អាហ្វ្រិក ជាមួយ​នឹង​អ្នក​ឆ្លង​ជាង​២,៩៥​លាន​នាក់ និង​៨៩.៦៥៧​នាក់​បាន​ស្លាប់​៕

​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ថា​វីរុស B.1.1.529​បាន​បំ​ប្លែងខ្លួន​យ៉ាងតិច​១០​ដង នៅពេល​Delta​បំប្លែង​តែ​២​ដង​។​វា​ចម្លង​ខ្លាំង​ជាង​Delta​និង​អាច​ទប់ទល់​នឹង​វ៉ាក់សាំង​កូវី​ដ​១៩​ទៀតផង​