ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក សួស គង់ រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជ្រាយ ប៉ុ​ម អគ្គនាយក​បច្ចេកទេស និង​ជា​នាយក​គម្រោង ព្រមទាំង​លោក ទាង ឆាយ​ហៀ​ង ប្រធាន​គ្រប់គ្រង​គម្រោង បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ មីង ចាង ( Ming Zhang) នាយក​ផ្នែក​អភិ​វ​ឌ្ឈ​ន៍​នៃ​អនុវត្ត​នៃ​គម្រោង​គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​និង​ទីក្រុង ( The Urban and Disaster Risk Management)​របស់​ធនាគារពិភពលោក និង​អ្នកបច្ចេកទេស​ពាក់ព័ន្ធ ។

​ជំនួប​នេះ គឺ​ពិភាក្សា​ជុំវិញ​ការគាំទ្រ​ការអនុវត្ត​គម្រោង “​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍​” ដែល​ដឹកនាំ​ដោយ​លោកស្រី កី​កូ សៃ​តូ ( Ms. Keiko Saito) ប្រធាន​ក្រុមការងារ ( Task Team Leader) នៃ​គម្រោង​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍​”​។

​សូមបញ្ជាក់ថា គម្រោង​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ (Cambodia Southeast Asia Disaster Risk Management Project) នេះ អនុវត្ត​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ចូលរួម​អនុវត្ត​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅលើ​ខេត្ត​គោលដៅ​ចំនួន ០៦ រួមមាន​: ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តសៀមរាប និង​ខេត្តកណ្ដាល ក្នុង​រយៈពេល ០៦​ឆ្នាំ ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២៣ ដោយ​ប្រើប្រាស់​ថវិកា​ដែលជា​ហិរញ្ញប្បទាន​ឥណទាន​សហប្រតិបត្តិកា​រ​ពី​ធនាគារពិភពលោក (WB) និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ គម្រោង​នេះ នឹង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ផ្លូវ​បេតុង ប្រវែង​សរុប ២៥០ គ​.​ម និង​សំណង់​សិល្បការ​មួយចំនួនទៀត​៕​