ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ នៅវេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​មុខ​ដេប៉ូ​ស្តុក​ខ្សាច់ និង​ការដ្ឋាន​ចាក់​ខ្សាច់ ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែ​ក្រោម មាន​គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី កើតឡើង បណ្ដាល​ឲ្យ​មនុស្ស ៤ នាក់ រងរបួស​ធ្ងន់ និង​ស្រាល ។​

​ករណី​ទី​១ បានកើត​ឡេ​ី​ង នៅវេលា​ម៉ោង ០៣:៤០​នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៦ វិច្ឆិកា នេះ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​មុខ​ដេប៉ូ ស្តុក​ខ្សាច់​មួយកន្លែង ខាងជើង មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​ស្ត្រី​ជា​អ្នកលក់​បន្លែ ម្នាក់ បើក​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E-0267 ដឹក​បន្លែ​ពី ខេត្តកណ្ដាល បំណង​យកទៅលក់ នៅ​ផ្សារ​បឹងត្របែក​។


​ខណៈពេល​ធ្វើដំណើរ តាមផ្លូវ​ជាតិ​លេខ​២ បាន​រអិលដួល ខ្សាច់​និង​ភក់ នៅមុខ​ដេប៉ូ​ស្តុក ខ្សាច់ បណ្តាល​ឲ្យ​ដួល​អូស និង​ថ្នល់​ជិត ១០​ម៉ែត្រ សំណាងល្អ ដែល​ស្ត្រី​រងគ្រោះ ពាក់មួក សុវត្ថិភាព ការពារ​ក្បាល បាន​ត្រឹមត្រូវ ទើប​មិន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ គ្រាន់តែ​របួស ម្រាមដៃ និង​ក្បាលជង្គង់ ដាច់​រលាត់​ហូរឈាម ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ នោះ ទៅ​ជួយ​លើក​ម៉ូតូ និង​បន្លែ​របស់​ស្ត្រី​រងគ្រោះ ទៅខាង​សិន ដើម្បី​កុំ​អោយមាន​យានយន្ត ដទៃទៀត បើក​មក​បុក​ពីក្រោយ កើតមាន​គ្រោះថ្នាក់​បន្តទៀត ដោយសារតែ​របួស​ម្រាម​ដៃ​ធ្ងន់ ស្ត្រី​រងគ្រោះ មិនអាច​បើកបរ​ម៉ូតូ​បាន ហើយ​ក្រុមគ្រួសារ​នៅ​ឆ្ងាយ គាប់​ជួន​មាន​បងប្រុស ចិត្តល្អ​ម្នាក់ទៀត ដែល​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទៅ​ដឹក​បន្លែ​ដែរ ក៏បាន​ជួយ​ដឹក​ស្ត្រី​រងគ្រោះ ទៅ​ផ្សារ​បឹងត្របែក​តែម្ដង ទើប​បងប្អូន​ប្រជាពលរដ្ឋ ជួយ​លើក​បន្លែ និង​ម៉ូតូ​របស់​ស្ត្រី​រង គ្រោះ​ឡើង លើ​រ៉ឺម៉ក​តែម្ដង ។

*​ករណី​ទី​២. កើត​ឡេ​ី​ង​កាលពី​វេលា​ម៉ោង ០៤:២០ នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៦ វិច្ឆិកា នេះ នៅ​ចំណុច​ការដ្ឋាន​ចាក់​ខ្សាច់ ក្រោយ​ផ្សារ​ក្រមួន ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត ដោយ​កង់​បី ឥណ្ឌា​មួយគ្រឿង ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ កណ្ដាល 1AF-0834 បើកបរ​ដោយ បុរស​វ័យ​កណ្ដាល​ម្នាក់ ដែល​ដឹក​បុរស ២ នាក់​ទៀត ដែលជា​ភ្ញៀវ ពី​ម្តុំ​បឹងត្របែក ទៅ​ម្ដុំ ការដ្ឋាន​ផ្សារ​ទំនើប AEON-3 ដោយ​ធ្វើដំណើរ​តាមផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ មិន​ប្រយ័ត្ន និង​មិនបាន​មើល​ភ្លើង​សញ្ញា ប្រុងប្រយ័ត្ន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ពីក្រោយ អា​បុល​ឈូស​ខ្សាច់​មួយគ្រឿង ពណ៌​លឿង ដែល​កំពុងបើក​ឈូស​ខ្សាច់ សម្អាត​នៅ​ចំណុច​មុខ​ការដ្ឋាន​ចាក់​ខ្សាច់ ទិសដៅ ពី​ខាងជើង ទៅខាង​ត្បូង បណ្តាល​ឲ្យ​អ្នកបើកបរ​កង់​បី រងរបួស​ធ្ងន់​បែក​ឈាម​ពេញមុខ​។ ចំណែក​បុរស ២ នាក់​ទៀត ជា​ភ្ញៀវ​រួម​ដំណើរ​ខាងក្រោយ បាន​រងរបួស​ស្រាល រលា​ត់ដៃ រលាត់​ជើង បាន​ទំនាក់ទំនង​បងស្រី ជិះ​ម៉ូតូ​មក​ដឹក ទៅ​លាង​របួស ដោយ​ខ្លួនឯង​។​

​ប្រភព​បាន​បន្តថាៈ ភ្លាមៗ អ្នករងរបួស​ធ្ងន់ ជា​អ្នកបើក​បរកង់​បី​ឥណ្ឌា ត្រូវបាន​រថយន្ត​សង្គ្រោះ គ្លីនិក​ឯកជន មក​ដឹក​យកទៅ​សង្គ្រោះ នៅឯ​មន្ទីរ​សម្រាក​ព្យាបាល សុង​ការណ៍ បាត់ទៅ​។ នៅសល់តែ​កង់​បី​រងគ្រោះ ដែល​ខូចខាត ខ្ទេច​មួយ​កំណាត់​មុខ នៅ​កណ្ដាលផ្លូវ​ប៉ុណ្ណោះ ត្រូវបាន​កម្មករ ការដ្ឋាន​ចាក់​ខ្សាច់ នាំគ្នា​អូស​មក​អែប​ចិញ្ចើមផ្លូវ មុន​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់ គេ​ឃើញ​អា​បុល​ឈូស​ដី ពណ៌​លឿង​នោះ បាន​បើក​ចូល​ចំណត ក្នុង​ការដ្ឋាន ចាក់​ខ្សាច់ នោះ​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ចុះមក​កន្លែងកើតហេតុ សហការ​ជាមួយ​សមត្ថកិច្ច ជំនាញ​ចរាចរណ៍ ខណ្ឌមានជ័យ ចុះមក​ធ្វើការ​សួរ​ព័​ត៌‌​មាន ដើម្បី​ធ្វើ​កំណត់ហេតុ ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្វែងរក​ភាគី​តំណាង​ទាំងសងខាង មក​ដោះស្រាយ​គ្នា​មួយ​ជំហាន​សិន​ផងដែរ​៕/V