ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រុមបាល់ទាត់​វិសាខា បានសម្រេច​ការពារ​តំណែង​ជើងឯក ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើក​ទី​១៥ ឆ្នាំ​២០២១ បន្ទាប់ពី​យកឈ្នះ អតីត​ក្រុម​ជើងឯក ៤ សម័យ ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី កាត់សេចក្ដី ៥-៤ បន្ទាប់ពី​ប្រកួត ១២០ នាទី ស្មើគ្នា ២-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Smart RSN នា​ព្រលប់​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ ។​

​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ របស់​សម្ដេច​ដល់ គណៈកម្មការ​រៀបចំ​កា​រ ប្រកួត នូវ​ទឹកប្រាក់​ចំនួន ៥ ម៉ឺន​ដុល្លារ ។​

​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បិទ​ការប្រកួត​នេះ មាន​វត្តមាន នាយ​ឧត្ដមសេនីយ៍​សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់ កម្ពុជា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក អ៊ុក សិទ្ធ​ជាតិ អគ្គនាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្រុម​ជំនាញ បានបញ្ជាក់​ថាៈ សម្រាប់​ជំនួប​ដ៏​ស្វិតស្វាញ​នេះ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ជួយ​ក្រុមព្រះ​ខ័ន​រាជ ស្វាយរៀង បើក​ការ​នាំមុខ​ក្រុម​ជើងឯក ឆ្នាំ​ចាស់ ១​គ្រាប់​មុន នៅ​នាទី​៥៣ បន្ទាប់ពី​រក្សា​លទ្ធផល ស្មើគ្នា ០-០ នៅ​វគ្គ​ទី​១ ។ ប៉ុន្ដែ​នៅ​នាទី​៧១ ម្ចាស់​ស្បែកជើង​មាស ឆ្នាំ​ចាស់ វុ​ធ តុលា បា​នរក​គ្រាប់​បាល់​វាយបក តាម​ស្មើ ១-១ ឲ្យ​វិសាខា​វិញ ហើយ​លទ្ធផល​ស្មើគ្នា​នេះ ក៏បាន​រក្សា​ដល់​ចប់ ៩០ នាទី ។​

​ឈានដល់​ការបន្ថែម​ម៉ោង ១៥​នាទី ២​ដង កីឡាករ ជូ ស៊ិន​ទិ បា​នរក​គ្រាប់​បាល់​នាំមុខ ២-១ ឲ្យ​ក្រុម​ព្រះខ័ន​រាជ ស្វាយរៀង ជាថ្មី នៅ​នាទី​១០០ មុន​កីឡាករ អ៊ុក សុវណ្ណ ទាត់​បាល់ ហ្វ្រី​ឃី​ត តាម​ស្មើ ឲ្យ​វិសាខា ២-២ នៅ​នាទី​១០៦ ហើយ​លទ្ធផល​ស្មើគ្នា ក្នុង​ម៉ោង​បន្ថែម​នេះ បាន​បន្ដ​រក្សា ដល់​ចប់​ការប្រកួត ១២០​នាទី និង​ឈានដល់​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី កាត់សេចក្ដី​តែម្ដង ។​

​ចំពោះ​ការទា​ត់បាល់ ១១​ម៉ែត្រ កាត់សេចក្ដី ត្រូវបាន​បញ្ចប់​ត្រឹម​ការទា​ត់បាល់ ៥​ដង ម្នាក់​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​ជើងឯក ឆ្នាំ​ចាស់​វិសាខា ធ្វើបាន​សម្រេច​ទាំង ៥​គ្រាប់ ដោយ​កីឡាករ ទិ​ត ឌី​ណា​, អ៊ិន វិ​ច្ឆ័​យ​, ស៊ិន សុ​ផា​ណាត់​, អ៊ិន សូ​ដា​វីដ និង អ៊ុក សុវណ្ណ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វ​យា​រៀង ធ្វើបាន​សម្រេច​តែ ៤​គ្រាប់​ប៉ុណ្ណោះ បន្ទាប់ពី​ខ្សែការពារ សួន សុវណ្ណ ទាត់​បាល់​ទី​៤ លើរ​បាទី ។​

​ការ​ឈ្នះ​ខាងលើនេះ គឺជា​ការការពារ​តំណែង​ជើងឯក បានសម្រេច​របស់​ក្រុម​សេះ​ជំទង់ វិសាខា បន្ទាប់ពី​ពួកគេ ដណ្ដើមបាន​ពាន ប្រើប្រាស់​តែ​ធនធាន​កីឡាករ ក្នុងស្រុក​សុទ្ធ​នេះ កាលពី​ឆ្នាំ​២០២០ កន្លងទៅ គ្រា​ដែល​ព្រះខ័ន​រាជ​ស្វាយរៀង បាន​គ្រង​ជើងឯក​រង ជា​លើក ទី​៤ បន្ថែម​លើ​ប្រវត្តិ​ធ្លាប់​ឈ្នះ​ពាន ៤​លើក​ដូចគ្នា ។ ជាមួយ​ការ​គ្រង​ជើងឯក​នេះ វិសាខា បានទទួល​ពាន អម​ប្រាក់រង្វាន់ ១០០ លាន​រៀល​, ក្រុម​ជើងឯក​រង​ព្រះខ័ន​រាជ ស្វាយរៀង ទទួលបាន​ប្រាក់រង្វាន់ ៦០ លាន​រៀល​, ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បឹងកេត ទទួលបាន ប្រាក់រង្វាន់ ៣០ លាន​រៀល ។​

​ចំណែក ក្រុម Fair-Play បាន​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួលបាន​ប្រាក់រង្វាន់ ៣ លាន រៀល ។ រីឯ​ពានរង្វាន់​ឯកត្តជន គេ​ឃើញ​សមាជិក ក្រុម​ជើងឯក​វិសាខា ក្រសោប​បាន ទាំងអស់ ចំនួន ៤ ពាន រួមមាន​ពាន​កីឡាករ​ល្អ បាន​ទៅ​ខ្សែការពារ អ៊ុក សុ​វណ្ណា​, ពាន​កីឡាករ ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ កែវ សុខ​ផេង រកបាន ៧ គ្រាប់​, អ្នកចាំទី​ល្អ កែវ សុខ​សិលា និង​គ្រូបង្វឹក​ល្អ Akeeb Tunji Ayiyonka ដែល​អ្នក​ទាំង ៤ នាក់​នេះ ទទួលបាន​ប្រាក់រង្វាន់ ៣ លាន​រៀល ដូចៗ​គ្នា​៕/V​