ដោយ​: ពៅ​និមល / ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា តេ​ជោ ហ៊ុន សែន រួមជាមួយ​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល ជា​ប្រមុខរដ្ឋ​នៃ​បណ្តា​ប្រទេស មកពី​អាស៊ី​-​អឺរ៉ុប សំខាន់ៗ ជាច្រើនរូប នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានធ្វើការ​រាយការណ៍ អំពី​លទ្ធផល​សង្ខេបនៃ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ ដែល​ក្រសួងពាណិជ្ជកម្ម បាន​សហការ​រៀបចំឡើង តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅ​។

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ បាន​រៀបចំឡើង​ស្របតាម​មូលបទ “​ការពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​” ដែល​បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ នៃ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប កិច្ចសហប្រតិបត្តិការ​សកម្ម ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​ថ្នាក់​តំបន់ និង​សកល ជាពិសេស ក្នុង​កាលៈទេសៈ កូ​វីដ​-១៩​។​

​បន្ថែម​ពីនេះ វេទិកា ក៏បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ ដែលមាន​ភាព​ប្រទាក់ក្រឡា​គ្នា រួមមាន ប្រព័ន្ធ​ពហុភាគី​និយម របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អនុ​ភា​វូ​នី​កម្ម​ភាពជា​ដៃគូ អាស៊ី​-​អឺរ៉ុប សម្រាប់​ច្រវាក់​តម្លៃ​សកល ការ​សម្រប​ខ្លួន​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម ៤.០ សហគ្រិនភាព សម្រាប់​យុវជន និង​ស្ត្រី និង​ការទូត​សេដ្ឋកិច្ច រវាង​អាស៊ី​-​អឺរ៉ុប សំដៅ​ឈាន ទៅ​បរិ​យា​ប័ន្ន និង​និរន្តរភាព​នៃ​កំណើន សម្រាប់​តំបន់​ទាំងពីរ​។​

​លោក​បាន​បន្តថា ប្រទេស​មកពី​អាស៊ី​-​អឺរ៉ុប បានកត់សម្គាល់​នូវ​តួនាទី នៃ​ពហុភាគី​និយម ផ្សារភ្ជាប់​នឹង​ការបង្កើត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី​-​ពហុភាគី ដែលជា​កត្តា​គន្លឹះ ក្នុង​ការជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កំណើន​។ កម្ពុជា ក៏ដូចជា ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ី បាននិងកំពុង​ខិតខំ​ប្រែក្លាយ​ខ្លួន ឲ្យ​ទៅជា​ទីតាំង​ផលិតកម្ម ធុរកិច្ច និង​វិនិយោគ​មួយ កាន់តែ​សំខាន់ និង​មាន​សក្ដានុពល នៅក្នុង​តំបន់ ហើយ​មាន​ទីផ្សារ នាំចេញ​កាន់តែ​ធំ ប្រកបដោយ​ភាព​ប្រកួតប្រជែង សម្រាប់​វិនិយោគិន ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​តំបន់​អ៊ឺរ៉ុប​។​

​នៅ​ចុងបញ្ចប់ នៃ​របាយការណ៍ លោក ប៉ាន សូ​រសី​ក្តិ បាន​ជម្រាបជូន​ថា កម្ពុ​ជាមាន​កិត្តិយស ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ ហើយ​ក៏បាន​សម្តែង​សេចក្ដី​ដឹងគុណ និង​ការគោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ សម្តេចនាយក​រដ្ឋមន្ត្រី និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ដែល​បានរួម​ចំណែក ធ្វើឱ្យ​វេទិកា​នេះ ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​៕/V​