​ប្រែ​សម្រួលៈ​វាសនា​/​ហូ​នី​អា​រ៉ា​៖ ប៉ូលិស​កោះ​សូ​ឡូ​ម៉ុង​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​វិច្ឆិកា​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​បាញ់កាំភ្លើង​ឡើង​លើ​ដើម្បី​បំបែក​ពួក​កុបករ​ដែល​ព្យាយាម​ចូល​ទៅ​កាន់​និវេសដ្ឋាន​របស់​​នាយករដ្ឋមន្ត្រី ម៉ា​ណា​សសេស សូ​ហ្កា​វ៉ា​រ៉េ នៅពេល​ចលាចល​លើ​កោះ​ប៉ាស៊ីហ្វិក​នេះ​ឈាន​ដល់​ថ្ងៃទី​៣​។​

​ប៉ូលិស​មួយ​ក្រុម​តូច​បាន​បំបែក​ហ្វូង​មនុស្ស​ដែល​ព្យាយាម​ដុត​អាគារ​យ៉ាងតិច​ចំនួន​១ ដោយ​រុញ​ពួកគេ​អោយ​ថយ​ក្រោយ​ទៅកាន់​កណ្តាល​ក្រុង ហូ​នី​អា​រ៉ា​ដែល​ប្រឈម​ភាពអនាធិបតេយ្យ​ពេញបន្ទុក​ក្រោយ​​ផ្ទុះ​បាតុកម្ម​-​កុបកម្ម​អស់​៣​ថ្ងៃ​មកហើយ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ា​ណា​សសេស សូ​ហ្កា​វ៉ា​រ៉េ​។​

​ក្នុងពេល​ជាមួយគ្នា មេដឹកនាំ​កោះ​សូ​ឡូ​ម៉ុង​នេះ​បាន​បន្ទោស​មហាអំណាច​ផ្សេងៗ​ចំពោះ​កុបកម្ម​ប្រឆាំង​ចិន​នៅលើ​កោះ​នេះ នៅពេល​អូស្ត្រាលី​បញ្ជូនទាហាន​ទៅ​ជួយ​កំចាត់​ចលាចល​។​

​ទាហាន​អូស្ត្រាលី​ក្រោម​១០០​នាក់ ជាមួយនឹង​ទូក​ល្បាត​មួយ​ត្រូវបាន​បញ្ជូន​ទៅ​កោះ​សូ​ឡូ​ម៉ុង​កាលពី​ថ្ងៃ​សុក្រ​។​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ក្នុងពេល​ជាមួយគ្នា​បានបញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​អូស្ត្រាលី មាន​ភារ​​កិច្ច​រម្ងាប់​សភាពការណ៍ តែ​មិន​កាន់ជើង​ខាង​ណា​ទេ​អំពី​បញ្ហា​ផ្ទៃក្នុង​សូ​ឡូ​ម៉ុង​នេះ​។​

​ទាហាន​អូស្ត្រាលី​៧៥​នាក់ ជាមួយនឹង​ទូក​ល្បាត​មួយ​ត្រូវបាន​បញ្ជូន​ទៅ​កោះ​សូ​ឡូ​ម៉ុង​កាលពី​ថ្ងៃ​សុក្រ​

​នាយករដ្ឋមន្ត្រី ម៉ា​ណា​សសេស សូ​ហ្កា​វ៉ា​រ៉េ បាន​ប្រាប់​វិទ្យុ​អូស្ត្រាលី​ABC​ថា «​ការបែកបាក់​ចេញពី​ការផ្លាស់ប្តូរ​ទទួលស្គាល់​ការទូត​របស់​កោះ​នេះ​ពី​តៃវ៉ាន់​ទៅ​ចិន​នៅ​ឆ្នា​២០១៩ ហើយ​វា​ជា​បញ្ហា​តែ​មួយ​នៅ​ពីក្រោយ​​ជម្លោះ​នេះ តែ​ជា​អកុសល វា​រង​ឥទ្ធិពល​និង​ជំរុញ​លើកទឹកចិត្ត​ដោយ​មហាអំណាច​ផ្សេងៗ​។​ខ្ញុំ​មិន​ចង់​ចុច​ឈ្មោះ​ប្រទេស​ទាំងនេះ​ទេ តែ​យើង​ដឹង​ជា​នរណា​»​។​

​តាមពិត​ជម្លោះ​នេះ ពាក់ព័ន្ធ​កោះធំ​ពីរ​របស់​ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក​នេះ​ដែល​នៅ​ចម្ងាយ​១១០​គីឡូម៉ែត្រ​ពី​គ្នា មួយ​គឺ​កោះ​ហ្កា​ដា​ល់កា​ណាល់ ដែល​មាន​ទីក្រុង​ហូ​នី​អា​រ៉ា ជា​រដ្ឋធានី និង​កោះ​ម៉ា​ឡាយ​តា​​ដែល​ជា​កូន​កោះមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត ស្មើនឹង​១​ភាគ​៣​នៃ​ប្រជាជន​៦៥០.០០០​នាក់​របស់​កោះ​នេះ​។​

​លោក​ដា​ញែល ស៊ូ​អ៊ី​ដា​នី ដែល​ដឹកនាំ​កោះ​ម៉ា​ឡា​អ៊ី​តា ជា​អ្នក​រិះគន់​ការសំរេចចិត្ត​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់ ។​

​លោក សូ​ហ្កា​វ៉ា​រ៉េ បាន​និយាយថា «​ប្រទេស​ដែល​ឥឡូវ​កំពុង​មាន​ឥទ្ធិពល​នៅ កោះ​ម៉ា​ឡា​អ៊ី​តា ជា​ក្រុម​ប្រទេស​ដែល​មិន​ចង់​អោយ​កោះ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ចិន​និង​រារាំង​បន្ទុច​បង្អាក់​ការដែល​​កោះ​សូ​ឡូ​ម៉ុង​មាន​ទំនាក់ទំនង​ការទូត​និង​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ រួមទាំង​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​»​។​

​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​បាញ់កាំភ្លើង​បំបែកហ្វូង​បាតុករ​ប្រឆាំង​ចិន​និង​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​ប្រមាណ​១.០០០​នាក់ នៅ​ទីក្រុង​ហូ​នី​អា​រ៉ា​កាលពី​ថ្ងៃ​សុក្រ ខណៈ​បា​តុ​​ករ​ខ្លះ​ឆ្លៀត​ឳ​កាស​វាយបំផ្លាញ​ហាង​និង​លួច​យក​ទំនិញ​តាម​ហាង​ចិន មុន​ដើរ​ទៅកាន់​ស្ថានទូត​ចិន​។​

​ចំពោះ​អំពើ​ហិង្សា​នេះ ចិន​បាន​ប្រតិកម្ម​ជា​ខ្លាំង ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​យើង​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ការវាយប្រហា​រលើ​​ពលរដ្ឋ​និង​កន្លែង​រកស៊ី​របស់​ចិន ហើយ​សុំអោយ​រដ្ឋាភិបាល​មូលដ្ឋាន​ចាត់​គ្រប់​វិធានការ​ការពារ​សុវត្ថិភាព​ជនជាតិ​ចិន​និង​ស្ថាប័ន​ចិន​នៅ​ទីនោះ​»​។​

​លោក​បាន​បន្ថែមថា «​រាល់​ការប៉ុនប៉ង​រារាំង​ទំនាក់ទំនង​រវាង​ចិន​និង​សូ​ឡូ​ម៉ុង នឹង​អសារ​ឥត​បានការ​»៕

​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​បាញ់កាំភ្លើង​បំបែកហ្វូង​បាតុករ​ប្រឆាំង​ចិន​និង​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​ប្រមាណ​១.០០០​នាក់ នៅ​ទីក្រុង​ហូ​នី​អា​រ៉ា​កាលពី​ថ្ងៃ​សុក្រ​

​កុបករ​វាយ​និង​ដុត​បំផ្លាញ​អាគារ​និង​ហាង​ចិន ហើយ​លួច​យក​ទំនិញ​អស់​៣​ថ្ងៃ​មកហើយ​នៅ​ក្រុង​