ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆាយ​ណា​ដេលី​) ៖ ការកកស្ទះ​ចរាច​រណ៍​គឺជា​បញ្ហា​ទូទៅ​នៅក្នុង​ទីក្រុង​នានា​ជុំវិញ​ពិភពលោក មិន​ថា​ទីក្រុង​ប៉េកាំង តូ​ក្យូ ឬ​ញូវយ៉ក​នោះ​ទេ​ដោយ​អ្នកបើកបរ​ខកចិត្ត​មួយ​​ចំនួន​បន់​ឱ្យ​ពួកគេ​អាច​ហោះហើរ​ពី​លើ​រថយន្ត​ដែល​បាំង​ផ្លូវ​របស់​ពួកគេ​។​

​មហិច្ឆតា​បែបនេះ​អាច​នឹង​សម្រេច​បាន​ឆាប់​ជា​ង​ការរំពឹង​ទុក ដោយ “​ឡាន​ហោះ​” ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​យានជំនិះ​ហោះ​និង​ចុះ​ចត​បញ្ឈរ​ត្រង់ ឬ eVTOLs កំពុង​ក្លាយជា​ការពិត​យ៉ាង​ឆាប់រហ័ស​។​

​ក្រុមហ៊ុន HT Aero ដែល​ជា​សម្ពន្ធ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Xpeng បានបង្ហាញ​ឡាន​ហោះ​កាលពី​ចុង​ខែ​មុន ដោយ​និយាយថា ខ្លួន​គ្រោង​នឹង​ដាក់​លក់​រថយន្ត​ទាំងនេះ​នៅ​ឆ្នាំ ២០២៤​។​

​រថយន្ត​ទាំង​នេះ​មានការ​រចនា​ដែលមាន​ទម្ងន់​ស្រាល​និង​ស្លាបចក្រ​អាច​បត់​បាន ដូច្នេះ​រថយន្ត​អាច​បើកបរ​លើ​ដងផ្លូវ​មុន​និង​ក្រោយពេល​ហោះហើរ​។ ក្រុមហ៊ុន​បាន​និយាយថា ជាមួយនឹង​លក្ខណៈ​ពិសេស​សុវត្ថិភាព​មួយចំនួន រួម​ទាំង​ឆត្រយោង រថយន្ត​នីមួយៗ​នឹង​មានតម្លៃ​តិច​ជាង ១ លាន​យ័ន (១៥៦.៤០០ ដុល្លារ​)​។​

​នៅ​ទូទាំង​ពិភពលោក​មាន​ក្រុមហ៊ុន​ចំនួន ២៥០ កំពុង​អភិវឌ្ឍ​និង​ផលិត​យានជំនិះ​ហោះហើរ​បាន ហើយ​បញ្ជី​នេះ​កំពុង​កើនឡើង នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ McKinsey ។​

​លោក រ៉ូ​ប៊ីន រី​ឌែ​ល ដែល​ជា​ដៃគូ​របស់ McKinsey បាន​និយាយថា វិស័យ​ឡាន​ហោះ​បាន​កើតមាន​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ហើយ “​ការ​បញ្ចូល​គ្នា​នៃ​និន្នាការ​ជាច្រើន​”​បាន​នាំឱ្យ​មាន​ការកើនឡើង​​នូវ​ចំណាប់អារម្មណ៍​លើ​វា​។​

​លោក​រី​ឌែ​ល​និយាយថា “​ទីមួយ សេវា​តាម​តម្រូវការ​បាន​ផ្លាស់ប្តូរ​វិធី​ដែល​យើង​គិត​អំពី​ការ​ចល័ត​ទី​។ ទី​ពីរ​គឺ​ការ​ផ្តោតលើ​និរន្តរភាព ដែល​យានជំនិះ​ទាំងនេះ​គាំទ្រ​។​ទី​បី​គឺ​មាន​មូលនិធិ​ច្រើន​ពី​​អ្នកវិនិយោគ​ដែល​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​រឿង​ធំ​បន្ទាប់​”​។

​ក្រុមហ៊ុន HT Aero ដែល​កាលពី​ខែ​មុន​បាន​រៃ​អង្គាស​ប្រាក់​បាន​ចំនួន ៥០០ លាន​ដុល្លារ​នៅក្នុង​ជុំ​ចុងក្រោយ​បំផុត​នៃ​ហិរញ្ញប្បទាន​របស់ខ្លួន ឥឡូវ​នេះ​មាន​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ថ្មីថ្មោង​ឈ្មោះ Joby Aviation ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក បាន​ចេញ​លក់​ហ៊ុន​ជា​សាធារណៈ​នៅ​ផ្សារ​ហ៊ុន​ញូវយ៉ក​កាលពី​ខែ​សីហា ខណៈ​ក្រុមហ៊ុន Lilium ដែល​មាន​ទីស្នាក់កា​រ​កណ្តាល​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏​កំពុង​រៀបចំ​ផែនការ​លក់​ហ៊ុន​នៅលើ​ផ្សារ​ហ៊ុន​ផងដែរ​៕

​ក្រុមហ៊ុន HT Aero គ្រោង​នឹង​ដាក់​លក់​ឡាន​ហោះ​របស់​ខ្លួន​នៅ​ឆ្នាំ ២០២៤

​ដ្រូ​ន​ដឹក​អ្នកដំណើរ​Ehang 184​ត្រូវ​បាន​សាកល្បង​នៅ​ក្រុង​ក្វាង​ចូវរ​បស់​ចិន​

​ក្រុមហ៊ុន​Geely​បង្ហាញ​ឡាន​ហោះ​មួយ​នៅ​សាល​ពិព័រណ៍​ក្រុង​សៀង​ហៃ​កាលពី​ខែ​មេសា​ឆ្នាំ​២០២១

​ក្រុមហ៊ុន​អាល្លឺម៉ង់ Volocopter​តាំង​បង្ហាញ​រថយន្ត​តាក់ស៊ី​អាកាស​របស់គេ​នៅ​អាកាសយានដ្ឋាន​Paris-Le Bourget Airport​កាលពី​ខែ​មិថុនា​

​ក្រុមហ៊ុន​ប្រមាណ​២៥០​ក្នុង​លោក​កំពុង​អភិវឌ្ឍ​និង​ផលិត​ឡាន​ហោះ​