​ដោយៈ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា ថៃៈ មន្ត្រី​ថ្នាក់ដឹកនាំ នៃ ៣ ខេត្ត គឺ​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប្រទេស​កម្ពុជា និង ខេត្ត​ស្រះកែវ ប្រទេស​ថៃ បានសម្រេច​ថា នឹង​បើក​ច្រកព្រំដែន អន្តរជាតិ ២ និង​ច្រកព្រំដែន​តំបន់ ២ នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​រសៀល ដល់​ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្តីពី​ការពង្រឹង​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ។ ក៏ប៉ុន្តែ​ការងារ ភាគី​ទាំងពីរ សុទ្ធតែ​បញ្ជាក់ថា នឹង​ស្នើសុំ​គោលការណ៍ ឯកភាព ពី​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ប្រទេស​រៀងៗ​ខ្លួន​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​ទីស្នាក់ការ​ច្រកព្រំដែន​អន្តរជាតិ ខ្លង​លឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដែល​ខាង​ភាគី​កម្ពុជា មាន​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ខាង​ភាគី​ថៃ លោក ព្រី​ន​ប៉​:​យ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ ព្រមទាំង​មានការ​ចូលរួម ពី​មន្ត្រី​ពាក់ព័ន្ធ និង​កងក​ម្លាំ​ប្រដាប់អាវុធ ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព ដែល​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ មិនទាន់ ធូរស្រាល​ទាំងស្រុង​ក៏ដោយ ភាគី​ទាំងពីរ​បានសម្រេច​ថា នឹង​បើក​ឡើងវិញ ច្រកព្រំដែន (​សម្រាប់​មនុស្ស​ឆ្លងកាត់​) ចំនួន ៤ ច្រក គឺ​នៅ​ភូមិសាស្ត្រ ខេត្ត​ស្រះកែវ ជាមួយ​ខេត្ត បន្ទាយមានជ័យ ចំនួន ៣ ច្រក រួមមាន ច្រកព្រំដែន​អន្តរជាតិ ខ្លង​លឹក​- ប៉ោយប៉ែត​, ច្រកព្រំដែន​តំបន់​ណង​ព្រឺ – ម៉ាឡៃ និង​ច្រកព្រំដែន តំបន់​តា​ប្រា​យ៉ា – បឹង​ត្រកួន
​និង​នៅ​ភូមិសាស្ត្រ ខេត្ត​ស្រះកែវ ជាមួយ​ខេត្តបាត់ដំបង គឺ​ច្រកព្រំដែន​ខាវ​ឌិន គីឡូ​១៣-​ភ្នំ​ដី ស្រុក​សំពៅ​លូន ។​

​ភាគី​ទាំង ២ បាន​ពិភាក្សា ហើយ​អះអាងថា ស្ថានភាព​បិទ​ខ្ទប់​ព្រោះតែ​កូ​វីដ ១៩ វា​ល្មម​ដល់ ពេល​ធូរស្រាល​ហើយ​។ បើ​មិន​ធូរស្រាល ឬ អស់ទាំង​ស្រុង ក៏​មិនអាច​រងចាំ​បានដែរ ។​
​ហេតុនេះ ភាគី​ទាំង​២ ត្រូវធ្វើ​អ្វីៗ ដើម្បី​ឈានដល់​ការបើក​ច្រក​ថៃ ជាប់​ព្រំដែន ខេត្ត​បន្ទាយ មានជ័យ​រួមមានៈ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ច្រក​ម៉ាឡៃ ច្រក​បឹង​ត្រកួន​។ រីឯ​ខេត្ត​បាត់ ដំបង គ្រោង​បើក​ច្រកទ្វារ​អន្តរជាតិ គីឡូ​១៣ ស្រុក​សំពៅ​លូន ឈម​ភាគី​ច្រក ខៅ​ឌិន ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​កម្ពុជា បានស្នើ​សុំ​ឲ្យ​ចេញ ចូល​ប្រជាពលរដ្ឋ ទៅធ្វើ​ការ​ព្រឹក វិល​ល្ងាច ១​ថ្ងៃ ត្រឹម ៣.០០០ នាក់ ដោយ​ចេញចូល​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ១០ យប់​។​
​ឯ​អ្នក​អូស​រទេះ ១​ថ្ងៃ អនុញ្ញាត​ត្រឹម ៣០០ រទេះ ក្នុង ១ រទេះ ១​ជើង ហើយ​ត្រូវ​អនុវត្តតាម ការណែនាំ​របស់ ក្រសួងសុខាភិបាល ជានិច្ច​។

​ភាគី​កម្ពុជា បាន​បន្តថា សម្រាប់​ពលករ​ដែលមាន​ប័ណ្ណឆ្លងព្រំដែន ត្រូវ​អនុញ្ញាត រយៈពេល ៣ ខែ សម្រាប់ធ្វើ​កសិកម្ម តាម​បន្ទាត់ ឬ តំបន់​ព្រំដែន​។​

​កិច្ចប្រជុំ​ពិភាក្សា​នោះ ភាគី​ថៃ បាន​ទទួលយក​សំណើ ប៉ុន្តែ​បាន​ឆ្លើយតប​បែប​ការទូត ដូច​លើក​មុនៗ​ថា ស្មារតី​ខ្លឹមសារ នៃ​កិច្ចពិភាក្សា​នេះ ខ្លួន​នឹង​ស្នើសុំ​បន្តទៅ​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល​ថៃ របស់​ពួកគេ ដើម្បី​សម្រេច​ពេល​ក្រោយ ។​

​ខណ​:​នោះ ភាគី​កម្ពុជា ក៏​បញ្ជាក់ដែរថា ហេតុនេះ ខ្លួន​នឹង​ស្នើសុំ​គោលការណ៍​ឯកភាព ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដូចគ្នា​ផងដែរ​៕/V​