ដោយ​:​បាយ័ន​/​សៀមរាបៈ​ជនជាប់ចោទ​ជា​ចោរប្លន់​មួយក្រុម​មាន​ប្រុស​មាន​ស្រី​ចំនួន​ប្រាំ​បីនាក់​ត្រូវបាន​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។​ក្នុងនោះ​មាន​បីនាក់​ចាប់ខ្លួន​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ម្សិលមិញ​នៅ​ស្រុក​សូទ្រនិគម​។​ចំណែក ប្រាំ​នាក់​ទៀត​ចាប់ខ្លួន​នៅ​ខេត្តបាត់ដំបង​និង​ខេត្តសៀមរាប​ពីថ្ងៃ​ទី ២៦​ខែវិច្ឆិកា​ឆ្នាំ​២០២១​។​

​លោក សុខ ម៉េង​អ៊ាង ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តសៀមរាប​បានឱ្យដឹង​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ​ថា ករណី​អំពើ​លួច​មាន​ស្ថាន​មាន​ស្ថាន​ទម្ងន់ទោស​នេះ​គឺ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាប់​នឹង​កាំបិត​ប្លន់​យក​ម៉ូតូ​ពីរ គ្រឿង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា​កន្លងទៅ​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ​ទៀបភ្លឺ ស្ថិតនៅ​ផ្លូវ​៦០ ម៉ែត្រ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប​។​

​លោក​បន្តថា​ប្រតិបត្តិ​ការបង្ក្រាប​នេះ ដោយ​ឆ្លងកាត់​ការស៊ើបអង្កេត​នៅក្នុង​ខេត្តកំពង់ធំ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង ខេត្តសៀមរាប ។​ពេល​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន​ម៉ូតូ​ជា​របស់​ជនរងគ្រោះ​ចំនួន​ពីរ​គ្រឿង​(​បាន ប្រគល់ជូន​ជនរងគ្រោះ​វិញ )​និង​វត្ថុតាង កាំបិត​មួយ​ដើម ដែល​ធ្វើ​កម្ម​ភាព​កាប់​ជនរងគ្រោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​ទៅកាន់​តុលាការ​រួចហើយ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​សរន​