ដោយៈស៊ាថាំង/ភ្នំពេញៈលោកបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១នេះថារថយន្តគេចពន្ធទាំងអស់ក្រោយឱសានវាទថ្ងៃ៣០មិថុនា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយនឹងបន្តបង្រ្កាបយ៉ាងតឹងតែងបំផុត។ ក្នុងនោះរថយន្តចង្កូតឆ្វេង បើចាប់បានគឺ នៅឱ្យបង់ពន្ធគយនិងអាករធម្មតាតែត្រូវពិន័យធ្ងន់បំផុត។តែចំពោះប្រភេទចង្កូតស្តាំវិញបើចាប់បានដឹងតែតម្រូវឱ្យរុះរើចេញជាគ្រឿងបន្លាស់ឬ កម្ទេចចោលទាំងស្រុងតែម្តង។

កាលពីព្រឹកថ្ងៃទី២៦ខែវិច្ឆិកាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូលលើយន្តយន្តគ្មានពន្ធជាបន្តទៀតក្រោយអនុវត្តបានរយៈពេលពីរខែកន្លះមក ក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អ្នកចូលរួមប្រមាណ៦០នាក់តាម ប្រព័ន្ធវីដេអូ។

លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា «គិតចាប់ពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១ បន្ទាប់ពីអគ្គនាយដ្ឋានគយនិងរដ្ឋាករ បានជូនដំណឹងឲ្យរថយន្តគ្មានពន្ធចូលមកបង់ពន្ធនិងអាករគិតមកដល់ថ្ងៃទី២៦ខែវិច្ឆិកានេះគឺមានម្ចាស់រថយន្តចង្កួតឆ្វេងនិង ស្តាំមានរថយន្តទាំងចង្កូតឆ្វេង និងស្តាំ ចំនួន១.៦៤០គ្រឿងបានចូលមកបង់ពន្ធ និងអាករនាំចូល និងតម្កល់ប្រាក់កក់ ស្មើនឹងទឹកប្រាក់១៧,៣លានដុល្លារ។

លោកបណ្ឌិតបន្តថា«នៅសល់រយៈពេលតែមួយខែទៀតទេនឹងផុតសុពលភាពនៃការអនុគ្រោះបន្ថយពន្ធ១០ភាគចំពោះរថយន្តអត់ពន្ធទាំងអស់ដែលមានបំណងនិងចុះបញ្ជីចូលមកបង់ពន្ធ។ លោកបញ្ជាក់បន្ថែមថាចាប់ពីថ្ងៃទី០១មករាឆ្នាំ២០២១ ចំពោះរថយន្តចង្កូតឆ្វេងទាំងអស់ នឹងលែងបានទទួលការបន្ថយប្រាក់ពន្ធ១០ភាគរយទៀតហើយ។ចំណែករថយន្តចង្កូតស្តាំ នៅទទួលបានការបន្ធូរពន្ធ១០ភាគរយ រហូតថ្ងៃ៣០មិថុនាឆ្នាំ២០២២ ព្រោះយើងអនុញ្ញាតឬទុកពេលឱ្យកែចង្កូត។

គួរបញ្ជាក់ថាកន្លងមកនេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដោយយោងតាមបញ្ជីតារាងស្នើសុំបង់ពន្ធផ្លូវរបស់អគ្គនាយកដ្ឋានពន្ធដារ រកឃើញថានៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខ ផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល មានប្រមាណមួយម៉ឺនគ្រឿង ដែលមិនទាន់បានបង់ពន្ធ។តែមកទល់ពេលនេះ គេសង្កេតឃើញតួលេខរថយន្តអត់ពន្ធចូលមកបង់ពន្ធនិងចុះឈ្មោះបាន ជាង១៦៤០គ្រឿង។

លោកបណ្ឌិតគុណ ញឹម បញ្ជាក់ថាក្នុងរយៈពេលមួយខែចុងក្រោយនេះ ចំនួនរថយន្តទាំងស្តាំ និងឆ្វេង ដែលចូលបង់ពន្ធ និងអាករនាំចូលមានលទ្ធផលល្អប្រសើរ បើធៀបនឹងពេលប្រកាសបើកយុទ្ធនាការដំបូង។បច្ចុប្បន្ន ជាមធ្យមក្នុងមួយថ្ងៃ មានប្រមាណ៣០គ្រឿង។ដោយសារសល់ពេលវេលាតែមួយខែទៀត សម្រាប់រថយន្តឆ្វេង និងប្រាំពីរខែសម្រាប់រថយន្តស្តាំ លោកសង្ឃឹមថា ម្ចាស់រថយន្តអត់ពន្ធដែលនៅសេសសល់នឹងសម្រុកបង់ពន្ធ នៅអុះឡុងខែធ្នូខាងមុខនេះ»។

ឆ្លើយតបនឹងសំណួរអ្នកកាសែតរស្មីកម្ពុជាថាតើក្រោយឧសានវាទថ្ងៃទី៣០មិថុនាឆ្នាំ២០២២តើអគ្គនាយកគយនិងរដ្ឋាករនឹង ចាត់វិធានការក្តៅចំពោះមុខរថយន្តដែលរកឃើញថានាំចូលគេចពន្ធមកថ្មីៗ យ៉ាងណាដែរ? លោករដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី គុណ ញឺម បញ្ជាក់ថាច្បាស់ថា«ក្រោយឱសានវាទថ្ងៃទី៣០មិថុនាឆ្នាំ២០២២អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងចាត់វិធានការបង្រ្កាបខ្លាំងក្លានិងម៉ឹងម៉ាត់បំផុត»។

លោកបញ្ជាក់ថា«ក្នុងនោះចំពោះរថយន្តចង្កូតឆ្វេង បើចាប់បានគឺនៅឱ្យបង់ពន្ធគយនិងអាករធម្មតាតែត្រូវពិន័យក្នុងអត្រា ធ្ងន់បំផុត។ចំពោះប្រភេទចង្កូតស្តាំវិញគឺចាប់បានដឹងតែតម្រូវឱ្យរុះរើចេញជាគ្រឿងបន្លាស់យកទៅប្រើប្រាស់ចុះឬកម្ទេចចោលទាំងស្រុងតែម្តង៕សរន