ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួង​កិច្ចការនារី បានរៀបចំ​ភ្លើងពណ៌​ទឹកក្រូច​បំភ្លឺ​អាគារ ទីស្តីការក្រសួង​កិច្ចការនារី ដើម្បី​ចូលរួម​យុទ្ធនាការ ១៦​ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​មូលបទ “​ពិភពលោក​ពណ៌​ទឹកក្រូចៈ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ចាប់ពីពេលនេះ​” ដែល​មូលបទ​នេះ ស៊ីសង្វាក់​នឹង​មូលបទ របស់​សាកលលោក និង​មាន​បច្ចុប្បន្នភាព​។ ពណ៌​ទឹកក្រូច ត្រូវបាន​ជ្រើស​រើសយក ដោយ​អង្គការសហប្រជាជាតិ ដើម្បី​តំណាង​ក្តីសង្ឃឹម អនាគត​ដ៏​ត្រចះត្រចង់ និង​គ្មាន​អំពើហិង្សា ជាពិសេស​បង្ហាញ​អំពី សាមគ្គីភាព ក្នុងការ​រួមគ្នា លុបបំបាត់​រាល់​ទម្រង់ នៃ​អំពើហិង្សា រួមទាំង​អំពើហិង្សា​លើ​ស្ត្រី​ផងដែរ​។​

​ក្រោម​ការណែនាំ​របស់ រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ទទួលបាន​កិច្ច​គាំទ្រ របស់​កម្មវិធី សុវត្ថិភាព និង​យុត្តិធម៌ (Safe and Fair) នៃ​គំនិត​ផ្តួចផ្តើម Spotlight ដើម្បី​លុប បំបាត់ អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី រវាង​សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​។​

​ចំណែក​មន្ទីរ​កិច្ចការនារី រាជធានី​ភ្នំពេញ បាន​ចូលរួម​គាំទ្រ ដល់​យុទ្ធនាការ ១៦ ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស​កម្ពុជា ។​

“​ជន​ប្រព្រឹត្ត​អំពើហិង្សា ត្រូវតែ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ “​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី គឺជា​សកម្មភាព​ប្រឆាំងនឹង​ច្បាប់​” ផ្នត់គំនិត​សង្គម ធ្វើឱ្យមាន​ភាពភ័យខ្លាច ឈឺចាប់ ភាព បន្ទោស​បង្គាប់ គំរាម កំហែង មិនអាច​ទទួលបាន​សេវា​នានា​។ ការចូល​រួមជាមួយ​យុទ្ធនាការ នេះ តាមរយៈ​កម្មវិធី​ប្រកួតប្រជែង ផលិត​វីដេអូ ស្តីពី «​សុខភាព​ផ្លូវចិត្ត​វ័យ​ជំទង់​»​។​

​ជាមួយគ្នា​នោះដែរ មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ សូម​ចូលរួម​លើកទឹកចិត្ត​ដល់ សាធារណជន ដែលមាន​អាយុ​ចន្លោះ ចាប់ពី ១៥ ឆ្នាំ ដល់ ៣៥ ឆ្នាំ ចូលរួម​ផលិត​វីដេអូ​ខ្លី រយៈពេល​ប្រហែល ៣ នាទី ជា​វីដេអូ​អប់រំ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​និង​កុមារ ដែលជា គោលដៅ​អប់រំ ដល់​យុវវ័យ និង​ឪពុកម្តាយ អំពី «​សុខភាព​ផ្លូវចិត្ត​វ័យ​ជំទង់​» ក្នុង​បរិបទ​កូ​វីដ -១៩ រួច​ដាក់​វីដេអូ​ផលិត បាន​ចូលរួម​ប្រកួតប្រជែង នៅ​ក្រសួង​កិច្ចការនារី តាមរយៈ GoogleFom នៅលើ Facebook page របស់​ក្រសួង​កិច្ចការនារី​៕/V​