​ដោយៈ សុផល / ភ្នំពេញ​៖ លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​រួម ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ទ្វេភាគី​កម្ពុជា​-​វៀតណាម លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ខេត្ត​កែប ដោយមាន​ការចូលរួម​ផ្ទាល់ និង​អន​ឡាញ (Hybrid) ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគី​វៀតណាម ដែល​ដឹកនាំ​ដោយ លោក Ha Van Sieu អនុប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម ។

​ភាគី​កម្ពុជា​-​វៀតណាម បាន​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍ ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការបើក និង​ស្តារឡើងវិញ នៃ​វិស័យ​ទេសចរណ៍ នៃ​ប្រទេស​នីមួយៗ​។ ភាគី​ទាំងពីរ បាន​ពិនិត្យឡើងវិញ លើ​ផែនការ​សកម្មភាព មួយចំនួន ដែល​បាន​ឯកភាពគ្នា អនុវត្ត​នា​កិច្ចប្រជុំ​ក្រុមការងារ​រួម ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ទ្វេភាគី​កម្ពុជា -​វៀតណាម លើក​ទី​១ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ ប្រទេស​ប្រ៊ុយណេ​ដា​រូ​ស្សា​ឡឹម កន្លងមក​។​

​ក្រោយពី​បានបញ្ចប់​កិច្ចប្រជុំ ភាគី​ទាំងពីរ បាន​ឯកភាព​អនុវត្ត​កិច្ចសហប្រតិបត្តិការ ទេសចរណ៍ ជាមួយគ្នា​ចំនួន ៨ ចំណុច​គឺ​៖

១. ជំរុញ​ឲ្យ​មានការ​ចាប់ផ្តើម​ហោះហើរ​ឡើងវិញ រវាង​កម្ពុជា និង​វៀតណាម និង​បន្ត ពិចារណា លើ​ការជំរុញ​ទេសចរណ៍ បើកបរ​ដោយ​ខ្លួនឯង ដោយមាន​ការសម្របសម្រួល ការធ្វើដំណើរ​តាមផ្លូវ​គោក និង​ផ្លូវទឹក នៅពេលដែល​អាជ្ញាធរ នៃ​ប្រទេស​ទាំងពីរ បើក​ព្រំដែន​ឡើងវិញ​។​

២. ធ្វើការ​ផ្សព្វផ្សាយ និង​សិក្សា​ទីផ្សារ​រួមគ្នា​ក្រោម​មូលបទ “​ប្រទេស​ពីរ គោលដៅ​មួយ​“ នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​នានា និង​ពិចារណា​ផ្សព្វផ្សាយ​ទេសចរណ៍ បី​ប្រទេស​រួមគ្នា​៖​កម្ពុជា ឡាវ វៀតណាម នៅ​ព្រឹត្តិការណ៍ World Travel Market 2022 នៅ​ទីក្រុង​ឡុង​ដ៍​។ បន្ថែម​លើ​នេះ កម្ពុជា​ក៏បាន​ស្នើ​ធ្វើ​កម្មវិធី​នេះ ក្នុង​ព្រឹត្តិការណ៍ Dubai Expo 2022 នៅ​ទីក្រុង​ឌូ​បៃ​ផងដែរ​។

៣. រួមគ្នា​ជំរុញ​ទេសចរ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ រវាង​ប្រទេស​ទាំងពីរ និង​ប្រទេស​ទី​៣ ដោយ​ធានា​នូវ​យន្តការ​សុវត្ថិភាព​នានា និង​ការផ្លាស់ប្តូរ​ព័ត៌មាន ទៅវិញទៅមក​។​

៤. កម្ពុជា​ស្វាគមន៍ និង​អរគុណ​វៀតណាម ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ផ្តួចផ្តើម លើ​ការកំណត់​ការងារ​អនុវត្ត សម្រាប់​ប្រទេស​ទាំងបី កម្ពុជា ឡាវ វៀតណាម នៃ​ផែនការអភិវឌ្ឍន៍ ទេសចរណ៍ តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ២០២០-២០២៥ ចក្ខុវិស័យ​ឆ្ពោះ ទៅ​ឆ្នាំ​២០៣០​។​

៥. វៀតណាម នឹង​ផ្សព្វផ្សាយ ក៏ដូចជា ជំរុញ​ដល់​ផ្នែក​សាធារណៈ និង​ឯកជន​របស់ខ្លួន ឲ្យ​ចូលរួម​ផ្ទាល់ ក្នុង​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ATF 2022) ដែល​នឹង​ប្រព្រឹត្តឡើង នៅ​ខែមករា ឆ្នាំ​២០២២ នៅក្នុង​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា​។

៦. ជំរុញ​លើកទឹកចិត្ត ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ទេសចរណ៍​នានា ក្នុង​ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​វៀតណាម​។​

៧.​ជំរុញ​ឲ្យ​ផ្នែក​ឯកជន នៃ​ប្រទេស​ទាំងពីរ ពិចារណា​លើ​ការតភ្ជាប់ រវាង​កំពង់ផែ​ទេសចរណ៍ អន្តរជាតិ​កម្ពុជា និង​កោះ​ទេសចរណ៍ មួយចំនួន​របស់​វៀត​ណា​ម ក៏ដូចជា​ទេសចរណ៍​នាវា តាម​ទន្លេមេគង្គ​ផងដែរ ។​

៨.​សហការ និង​ផ្លាស់ប្តូរ​បទពិសោធ​ន៍ស​ម្រា​ប់​ការផ្សព្វផ្សាយ​ទេសចរណ៍​នៅក្នុង​ព្រឹត្តិការណ៍ SEA Games លើក​ទី​៣១ ដែល​វៀតណាម ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២ និង​កម្ពុជា ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ SEA Games លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​។​

​ភាគី​វៀតណាម បានបង្ហាញ​ពី​ការប្តេជ្ញា ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍ វេទិកា​ទេសចរណ៍ អាស៊ាន ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ ដោយផ្ទាល់ ឲ្យ​ខាន​តែ​បាន និង​បញ្ជាក់​ពី​ការជំរុញ ធ្វើយ៉ាងណា ឲ្យ​ផែនការ​សកម្មភាព​រួម ដែល​បាន​ព្រមព្រៀងគ្នា នា​កិច្ចប្រជុំ​នេះ បាន​អនុវត្ត ចេញ​ជា​លទ្ធផល​ផ្លែផ្កា ពិតប្រាកដ ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០២២ តទៅ​៕/V​