ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​សហកា​រ​ជាមួយ​ការិយាល័យ​ឧ​ត្ត​មស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​(OHCHR)​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ សង្គម​ស៊ីវិល​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​នៅ សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោ​អធិបតីភាព លោក ជេ​ត ជាលី អនុប្រធាន​គណៈ​កម្មាធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា និង លោកស្រី Cludia Dela Fuente (​ក្លូ​ឌៀ ដឺ​ឡា ហ្វុ​ង​តេ​) អនុប្រធានតំណាង​OHCHR​។

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែលរៀបចំកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១​​ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ធានាបាន​នូវ​តម្លាភាព​និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​លោកស្រី ក្លូ​ឌៀ បាន​ថ្លែងទៅកាន់អ្នកចូលរួមថា ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​នេះ​គឺមាន​សារៈសំខាន់​ខ្លាំង ណាស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្សនិង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​លោកស្រី​គាំទ្រ និង​បន្ត​សហការ​ជាមួយ គ​.​ស​.​ម​.​ក​. ក្នុង​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​។​

​ចំណែក​លោក ជេ​ត ជាលី បាន​ថ្លែងថា ដើម្បីឱ្យ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់​តែមាន​ប្រសិទ្ធិភាព និ​ការយកចិត្ត ទុកដាក់រ​បស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​សិទ្ធិមនុស្ស ទើប​អនុញ្ញាត​ឲ្យ គ​.​ស​.​ម​.​ក​. ធ្វើ​សេចក្តីព្រាង​នេះ​ឡើង​។ សេចក្តីព្រាងច្បាប់​នេះ​បានរៀបចំ​ធ្វើឡើង​រវាង គ​.​ស​.​ម​.​ក​. ជាមួយ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង APF (Asia Pasific Forum) ដែលមាន​ទីតាំងនៅ​អូស្ត្រាលី​។​

អង្គសិក្ខាសាលា​បាន​ពិភាក្សា ផ្តល់យោបល់ និង​ផ្តល់​ធាតុ​ចូល​យ៉ាងសកម្ម​ផុសផុល​រាល់​មាត្រា​និង​ជំ​ពួក​នីមួយៗ​ក្នុង​ស្មារតី សាមគ្គីភាព និង​ស្និទ្ធស្នាល ប្រកបដោយ​ជោគជ័យ​។

​គួរបញ្ជាក់ថាគណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ជា​ស្ថាប័ន​ជាតិ ឯករាជ្យ អ​ព្យា​ក្រឹត្យ ក្នុងការ​បំពេញការងា​រលើ​វិស័យ​សិទ្ធិមនុស្ស​៕សរន