ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ ប្រជាពលរដ្ឋ​ដែល​ទិញ​ផ្ទះ​ពី​បុរី វី​អាយ​ភី (VIP) ជាង ១៥០​គ្រួសារ​បានដាក់​ពាក្យបណ្តឹង​នៅ ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្តឹង​អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី លោក​ហម រ៉​ន និង​លោក វន វណ្ណៈ ឲ្យ​ជួយ​អន្តរាគមន៍​។​

​បុរី វី​អាយ​ភី (VIP) មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ម៉ឺន​ត្រា​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​រឿង​សាងសង់​ផ្ទះ មិនទាន់​រួចរាល់ និង​ទាមទារ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួកគាត់ ពីព្រោះ​ហួស​កិច្ចសន្យា ពីរ ទៅ បី ឆ្នាំ​ហើយ​។

នៅក្នុង​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​បាន​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ថា “​យើងខ្ញុំ​បាន​ទិញ​ផ្ទះ​ពី​បុរី VIP តាំងពី​ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន​ខា​ង​បុរី​ធ្វើ​ផ្ទះ​មិនទាន់​ហើយ​តាម​ការ កំណត់ និង​ខ្លះ​ហើយ​តែ​មិនទាន់បាន​ប្លង់​កម្មសិទ្ធិ​។ ពេល​យើងខ្ញុំ​សុំ​ជួប​ដើម្បី​ចរចា​ដោះស្រាយ​តែ​ខាង​បុរី​មិន​ព្រម​ជួប និង​ចេះតែ​គេចវេស​មិន​ព្រម​ចូលខ្លួន​ដោះ​ស្រ​យ​ជាមួយ​ពួកយើងខ្ញុំ​”​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​សូម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​លោក​ប្តឹង​លោក ហម រ៉​ន និង លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក​និង​បុរី​វី​អាយ​ភី​សាងសង់​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ បាន​រួចរាល់ និង​ប្រគល់​ប្លង់​កម្មសិទ្ធិ​មក​ឲ្យ​ពួកគាត់​។​

អ្នកស្រី សេក ចាន់​រ៉ា តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​សង្កាត់ ខណ្ឌ​និង សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​តែ​ទទួលបាន​ដំណោះស្រាយ​នោះទេ​ទើបបានជា​ពួកគាត់​ដាក់ពាក្យ​ប្តឹង ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​។

អ្នកស្រី សេក ចាន់​រ៉ា បាន​បញ្ជាក់ថា អ្នកខ្លះ​បង់លុយ​ផ្តាច់​ហើយ​អត់​ប​បាន​ទាំង​ប្លង់ អត់​បាន​ទាំង​ផ្ទះ​នៅ​អ្នកខ្លះ​បង់​រំលស់ ខាង​ក្រុមហ៊ុន​អត់ដា​ក់ជាង​សាងសង់​។​ហើយ​ក្រុមហ៊ុន​កុងត្រា​ជាមួយ​អតិថិជន​រយៈពេល​១២​ខែ​ធ្វើ​ផ្ទះ​ហើយ​ដល់ពេល​១២​ខែ អត់​ទាន់​ហើយ ក្រុមហ៊ុន​ធ្វើ​កុងត្រា​សា​ថ្មី​ទៀត បន្ត​តាំងពី​១២​ខែ​រហូតដល់​បី ទៅ​បួន​ឆ្នាំ​ដោយ​អត់​ព្រម​ដាក់​ជាង​សាងសង់ ទេ​។​ខាង​ថៅកែ​បុរី​គេចវេស​មិន​ព្រម​ដោះស្រាយ​ជាមួយ​អតិថិជន​ទេ​។​គាត់​ដាក់ពាក្យ​ប្តឹងទៅ​ខណ្ឌ​ឲ្យ​ជួយ​អន្តរាគមន៍​គឺ​គេ​មិនមាន​ដំណោះស្រាយ​ឲ្យ​ទេ បែរជា​ហៅ​ប្រជាពលរដ្ឋ​ទៅ​សម្រួល ។​ទៅ​សម្រួល​យ៉ាងម៉េច​ប្រជាពលរដ្ឋ​ចង់​ឲ្យ​ខាង​ខណ្ឌ​ហ​ហៅ ភាគី​ទាំងសងខាង​មក​តទល់​គ្នា​ដោះស្រាយ​មិនមែន​ឲ្យ​ទៅ​សម្រួល​ទេ​ណ​តែ​ខាង​ខណ្ឌ​កាន់ជើង​ខាង​បុរី​គេ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ប្រជាពលរដ្ឋ​បែរជា​ឲ្យ​ប្រជាពលរដ្ឋ​សម្រួល​ទៅវិញ សម្រួល​ម៉េច​កើត​បើ​ខាង​បុរី​ខុស​។​

អ្នកស្រី​បាន​បន្តថា​ខាង​ក្រុមហ៊ុន​មិនមាន​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បែរជា​និយាយ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ប្តឹង​ទៅដល់​ណា​ប្តឹងទៅ​។ ហើយ​កន្លងមក​ប្រជាពលរដ្ឋ​បានដាក់​ពាក្យ​ប្តឹងទៅ​សង្កាត់ ខណ្ឌ រហូតដល់​សាលា​រាជធានី​ភ្នំពេញ តែ​មិនមាន​ដំណោះស្រាយ ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ឡើងទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្ត​រាមន៍​។​

លោក​ហម រ៉​ន និង​លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​៕​សរន​