ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​អង្គការ​និង​ក្រុមហ៊ុន​ដែលជា​ដៃគូ​អភិវឌ្ឍន៍​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចូលរួម​ពិធី​ចែក​មួកសុវត្ថិភាព​ដល់​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​៨៨៩​មួក​នៅ​សាលាបឋមសិក្សា​អូរ​អំបិល​នា​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ក្រោម​អធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក (​គ​.​ស​.​ច​.​គ​) លោក​លី សារី អភិបាលរង​ខេត្ត​តំណាងឱ្យ​លោក អ៊ុំ រាត្រី​អភិបាលខេត្ត​បន្ទាយ​មាន ជ័យ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​AIP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូរ​ទៅ​ក្រុមហ៊ុនមេ​នូ​ឡាយ ខេ​ម​បូ​ឌា (Manulife Cambodia ) ។​

​កម្មវិធី​នេះ​រៀបចំ​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី AIP​សហការ​ជាមួយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ហើយ​មាន​គោល បំណង ជំរុញ​ការពាក់​មួកសុវត្ថិភាព​ជាពិសេស​ក្នុងចំណោម​អ្នករួមដំណើរ​តាម​ទោច​ចក្រយានយន្ត​នៅ​កម្ពុជា​។​

​លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​នៅ​ទូទាំង​ខេត្ត​មាន សាលារៀន​ចំណេះ​ទូទៅ​រដ្ឋ​ចំនួន​៨១៥​កន្លែង​។​សិស្ស​ចំនួន​១៥៩.៩៩៧​នាក់​(​ស្រី​៨០.៥១៨)​។​មាន​បុគ្គលិក​ក្របខណ្ឌ​អប់រំ​ចំនួន​៥៨៧០​នាក់​(​ស្រី​២៨២២​នាក់​)​និង​កិច្ចសន្យា​ចំនួន​៦៥៣​នាក់​។​សាលារៀន​ចំណេះ​ទូទៅ​ឯកជន​និង​អង្គការ​ចំនួន​១៣១​កន្លែង មាន​សិស្ស​ចំនួន ១៨.៤៧២​នាក់​(​ស្រី​៩.០៦៧​នាក់​)​។​

​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​សាធារណការ​ក្រុមហ៊ុនមេ​នូ​ឡាយ​ខេ​ម​បូ​ឌា​និង​អង្គ​ការមូល​និ​ធី​បង្ការ​របួស​អាស៊ី​ដែល​បានផ្តល់​អំណោយ​ក​មួកសុវត្ថិភាព​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​បុគ្គលិក​អប់រំ​និង​សិស្សានុសិស្ស​នៅ​ខេត្ត​នេះ ។​

​លោក គឹម បញ្ញា​នាយក​មូល​និ​ធី​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​(AIP)​បាន​ថ្លែងថា​:​យើង​អាច​ការពារ​ខួរក្បាល​និង​ផ្នែក​ក្បាល ដ៏​មាន​សារៈសំខាន់​របស់​យើង​មាន​ប្រសិទ្ធភាព​ខ្ពស់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ការពាក់​មួកសុវត្ថិភាព​ដែលមាន​គុណភាព​និង​បាន​ត្រឹមត្រូវ​។​មួកសុវត្ថិភាព​ជាវ​ត្ថុ​សាមញ្ញ​មានតម្លៃ​សមរម្យ​ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់​អាចជួយ​ការពារ​របួស​ក្បាល​ធ្ងន់ធ្ងរ​ឬ​ខួរក្បាល​ពី​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ចំណែក​លោក​ចាស់​ទីន សែ​ល​ហ្វឺ​រិច​(Mr Justin Selferich )​អគ្គនាយក​ប្រតិបត្តិ​និង​ជា​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន មេ​នូ​ឡាយ ខេ​ម​បូ​ឌា (Manulife Cambodia)​បាន​ថ្លែងថា​យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ កម្មវិធី​ជួយសង្គ្រោះ​ប្រជាជន​កម្ពុជា​និង​លើកកម្ពស់​សហគមន៍​មាន​សុវត្ថិភាព ។​ចាប់តាំងពី​ឆ្នាំ​២០១២ មក សាលារៀន​ដែល​ចូលរួម​ក្នុង​កម្មវិធី “​មួកសុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ ” បានឃើញ​នូវ​ការកើនឡើង​នៃ​អត្រា​ពាក់មួក​សុវត្ថិភាព​រប​ស់​កុមារ ។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ក្នុងនាម​រដ្ឋបាលខេត្ត​បានបង្ហាញ​តួលេខ​សង្ខេប​ទាក់ទង​នឹង គ្រោះថ្នាក់​ចរ​រាច​រណ៍​ថាបើ​ប្រៀបធៀប​ស្ថានភាព គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២១ ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន​៦៣​ករណី​លើ​៦២​ករណី​។​

​ជាមួយគ្នា​នោះ​លោក​បាន​សង្ឃឹមថា​គម្រោង​មួកសុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការបង្ការ​ទប់ស្កាត់​ការស្លាប់​ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ហើយគ​ម្រោ​ង​នេះ​នឹង​នាំមក​នូវ​សុវត្ថិភាព​ល្អប្រសើរ​សម្រាប់​សហគមន៍​របស់​យើង​ផងដែរ​។​

​មានប្រសាសន៍​ថ្លែង​ក្នុងឱកាស​នោះ​លោកស្រី មឹន មាណវី បានធ្វើការ​កោតសរសើ​រ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី AIP និង​ក្រុមហ៊ុនមេ​នូ​ឡាយ ខេ​ម​បូ​ឌា (Manulife Cambodia)​ដែល​បាន​សហការ​និង​ជួយឧបត្ថម្ភ​ទាំង​កម្លាំងកាយ និង​ថវិកា​ក្នុងការ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ពិសេស​ការផ្ដល់​មួកសុវត្ថិភាព​នាពេលនេះ​៕សរន