នៅក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣(ASEM13) សម្ដេចតេជោបានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញ ពីកិច្ចប្រជុំនេះគឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយមនិងដំណើរការ ASEM របស់យើង។

សម្ដេចតេជោបានរំលេចនូវសារសំខាន់ៗដូចខាងក្រោម៖

១-យើងសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទី របស់ ASEM ក្នុងការជំរុញពហុភាគីនិយមនិងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

២- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។

៣- យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានឡើងពីមុនមកដោយបណ្ដាលមកពីជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនិងវិបត្តិ សេដ្ឋកិច្ចសង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះយើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជនក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាពរបស់យើង។

៤- ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា ក្នុងន័យនេះយើងបានសំដែងនូវការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធាន ច្បាប់និងប្ដេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការរាំងស្ទះ ដូចជាការជំរុញនូវឌីជីថលូបយនីកម្មនិងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេស ចរណ៍ប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវ។

៥-យើងភាគច្រើនបានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បៃតងនិងកម្រិតកាបូនទាបដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេស្របតាមកិច្ចព្រម ព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ក្នុងន័យនេះការផ្ដល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវជាអាទិភាពមួយ។

៦-(ជាចុងក្រោយ)យើងបានឯកភាពគ្នាថារយៈពេល២៥ឆ្នាំកន្លងមកនេះបានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុបក្នុងការបោះជំហានទៅមុខឆ្ពោះទៅរក អនាគតមួយដែលភ្លឺថ្លាជាងមុនមានបរិយាបន្នជាមុននិងធន់ជាងមុន៕