ដោយ : ភ្នំ​ស​ន្ធុ​ក​,​ភ្នំ​ស្វាយ​/ កំពង់ធំៈ​លោកស្រី មាន សំអាន សមាជិក​ព្រឹទ្ធសភា​អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី សន្តិភាព​និង​អភិវឌ្ឍន៍​និង​ជា​ប្រធាន​គណៈ​ចលនា​ស្ត្រី​កម្ពុជា​បាន​ជំរុញ​អាជ្ញាធរ​ជួយ​លើកកម្ពស់​ស្ត្រី​ចូលរួម​ក្នុង​នយោបាយ​ឲ្យ​បាន​ច្រើន ហើយ យុវតី​គ្រប់​រួប​ត្រូវ​តាំងខ្លួន​ធ្វើជា​គ្រប់​ពូជ​ដ៏​ល្អ​ក្នុង​សង្គមជាតិ ក៏ដូចជា​ការផ្តល់​ភាព​កតញ្ញូ​ដល់​គ្រូ​សារ​។​

​ការ​ថ្លែង​នេះ​នា​ក្នុងពេលដែល​លោកស្រី​និង​ក្រុមការងារ​បាន​ជួប​សំណេះសំណាល​ជាមួយ​យុវតី​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ កំពង់ធំ ន​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅ​ភោ​ជនី​ដ្ឋា​ន​ឡូ​វ​គឹម​សេង​ក្រុង​ស្ទឹងសែន ។

​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី ឃួន ឃុន​ឌី លោកស្រី មុំ សណ្តាប់ និង​សមាជិក​រដ្ឋសភា រាជ​រដ្ឋ​ភិ​បាល អ្នកគ្រូ យុវតី សិស្ស​វិទ្យាល័យ​កំពង់ធំ​ជាង ៣០០​នាក់ ។​

​លោកស្រី មាន សំអាន បាន​ថ្លែងបន្តថា អាជ្ញាធរ​ត្រូវ​ជួយ​ធ្វើការ​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី​អំពី​ភាពក្រីក្រ​អំពី​ការអប់រំ សុខភាព អំពើហិង្សា នារី​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច តួនាទី​នារី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត យន្តការ​លើកកម្ពស់​កា​រ​រីកចម្រើន​របស់​នា​រី សិទ្ធិ​របស់​នារី​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។​

​ជាមួយគ្នានេះ​ផងដែរ​លោកស្រី​ក៏បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​មាតាបិតា​អាណាព្យាបាល បាន​បំពេញ​ជាកា​ត្វ​កិច្ច​អប់រំ​ណែនាំ​កូនៗ របស់ខ្លួន​ដើម្បី​ក្លាយខ្លួនជា​បុគ្គល​ដ៏​ល្អ​ក្នុងសង្គម​ជាតិ​យើង​។​

​លោកស្រី ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធ​សភាព បាន​លើកឡើងថា​កម្មវិធី​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ចំណេះ ចែករំលែក​បទពិសោធ​ន៍​ផ្ទាល់ខ្លួន​ដល់​ក្មួយៗ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិចារណា​ក្រោយពី​បញ្ចប់​ការសិក្សា​ដើម្បី​ឈាន​ឆ្ពោះទៅ​អនាគត​និង​ភាពជា​អ្នក​ដឹក​បន្តវេន​និង​ជំរុញ​លើកទឹកចិត្ត​ក្មេងស្រី​ឲ្យ​ចូលរួម​កាន់តែច្រើន​ក្នុង​ឆាកនយោបាយ​សម្រាប់​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​និង​ក្លាយជា​គ្រាប់ពូជ​ដ៏​ល្អ​របស់​ប្រទេសជាតិ​នា​អនាគត ៕​សរន